បាត់ដំបងៈ ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង នាថ្ងៃទី ១៨ ខែកុម្ភៈ ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់សង្ឃឹមថា ចំនួនសត្វស្លាបទឹកក្នុងតំបន់នេះនឹងបន្តកើនឡើង។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១៩ ខែកុម្ភៈ ថា អគារមជ្ឈមណ្ឌលគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ត្រូវបានជួសជុលឡើងវិញ ដោយមានការគាំទ្រមូលនិធិពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្រោមគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើម អាងទន្លេមេគង្គក្រោមដែលអនុវត្តដោយអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន។
ក្រៅពីចូលរួមក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលនេះឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger បានចុះទៅទស្សនាបន្ទាយសត្វស្លាបទឹកដ៏ធំជាងគេ នៅអាស៊ីអាគ្នេយ៍នៅតំបន់រ៉ាមសារព្រែកទាល់ផងដែរ។
លោកកោតសរសើរចំពោះការងារអភិរក្សនៅតំបន់រ៉ាមសារព្រែកទាល់ ខណៈដែលលោកបានមកទស្សនាតំបន់នេះចំនួន ៥ ដងមកហើយ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោក [Christian Berger ]សង្ឃឹមថា ជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់រ៉ាមសារព្រែកទាល់ជាពិសេសចំនួនសត្វស្លាបទឹកនឹងបន្តកើនឡើង តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ»។
តំបន់រ៉ាមសារព្រែកទាល់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងពោរពេញដោយព្រៃលិចទឹកដែលមិនមែនត្រឹមតែជាជម្រកត្រីពងកូននោះទេ តែក៏ជាជម្រកពងកូនរបស់សត្វស្លាបជាច្រើនប្រភេទផងដែរ។ តំបន់នេះជាតំបន់មួយដែលមានជីវចម្រុះយ៉ាងសម្បូរបែប នៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វជាង ៨០០ ប្រភេទ។
តំបន់ស្នូលព្រែកទាល់ត្រូវបានដាក់ជាតំបន់ដីសើមរ៉ាមសារ នៅខែធ្នូ ឆ្នាំ ២០១៥ ហើយការដាក់តំបន់នេះជាតំបន់រ៉ាមសារ ដែលបានផ្តល់អត្ថប្រយោជន៍ គឺមានជំនួយអាចអភិរក្សប្រភេទសត្វស្លាបកម្រ រុក្ខជាតិ ប្រព័ន្ធអេកូឡូហ្ស៊ី ជីវចម្រុះ និងផ្តល់ផលចំណេញដល់សហគមន៍ ក្នុងការទាក់ទាញទេសចរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២០ ខែកុម្ភៈ ថា ដោយសារសំណង់អគារនេះបានសង់ឡើងអស់រយៈពេលយូរ ហើយមានសភាពចាស់ទ្រុឌទ្រោមថែមទៀត ជាពិសេសផ្នែកដំបូលទើបក្រសួងបរិស្ថានក៏បានផ្តួចផ្តើមឱ្យមានការជួសជុល និងកែលម្អសំណង់អគារនេះទាំងមូល នៅឆ្នាំ ២០២១ តាមរយៈគម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោម ដែលគាំទ្រមូលនិធិ ដោយ BMZ តាមរយៈ KfW។
លោកថ្លែងថា អគារនេះត្រូវបានជួសជុល និងបំពាក់សម្ភាររួចរាល់ទាំងស្រុងនៅចុងឆ្នាំ ២០២១ ដោយបានជួសជុល និងកែលម្អសាជាថ្មីនូវអគារប្រវែង ៤០x១១ ម៉ែត្រ (សាលប្រជុំ ១ ការិយាល័យ ១ បន្ទប់ស្នាក់នៅ ចំនួន ០៦ និងបន្ទប់អនាម័យ ០៤) ដោយផ្លាស់ប្តូរ ក្បឿងដំបូល ពិតាន ប្រព័ន្ធទឹក សម្ភារបរិក្ខារបន្ទប់ប្រជុំ បន្ទប់ស្នាក់នៅ និងបន្ទប់អនាម័យ លាបថ្នាំថ្មីឡើងវិញ និងបូកបន្ថែមសសរអគារ។ លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ការជួសជុលធ្វើឡើងដោយក្រុមហ៊ុនផ្តល់សេវាកម្មជួសជុលក្នុងស្រុក ដោយមានការពិនិត្យ វាយតម្លៃ និងផ្តល់ប្រឹក្សាបច្ចេកទេស ដោយវិស្វករជំនាញបច្ចេកទេសសំណង់»។
គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គក្រោមរៀបចំឡើងដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ដីសើមនៃអាងទន្លេមេគង្គក្រោម ជាពិសេសតំបន់រ៉ាមសារព្រែកទាល់នៃប្រទេសកម្ពុជា និងតំបន់រ៉ាមសារ បឹងកេតងុង នៅក្នុងប្រទេសឡាវ។
គម្រោងនេះមានរយៈពេល ៥ ឆ្នាំ ដែលបានចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ ដែលអនុវត្តដោយអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតំបន់រ៉ាមសារព្រែកទាល់ និងកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ ២ ព្រែកទាល់ ខេត្តបាត់ដំបងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅក្នុងតំបន់៕