ភ្នំពេញៈរដ្ឋបាល​រាជ​ធានី​ភ្នំពេញបាន​អំពាវ​នាវ​ឲ្យ​អតីត​បុគ្គល​ក្រុមហ៊ុន​​ណាហ្គា​វើ​លដ៍​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ ដើម្បី​អនុវត្ត​វិធាន​ការ​សុខាភិ​បាល​ពិសេស​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩​ ខណៈ​ការ​ប្រមូលផ្តុំ​សា​ថ្មី​របស់​ពួកគេ​រយៈ​ពេល ២ ថ្ងៃ​ជាប់​គ្នា ត្រូវ​បាន​បំបែក​និង​រារាំង។

កាលពី​ថ្ងៃទី២១និង​ថ្ងៃទី២២កុម្ភៈអាជ្ញាធរ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​រួមទាំង​ក្រុម​គ្រូពេទ្យ​ផង​នោះ​បាន​ឃាត់​និង​នាំ​យក​អតីត​បុគ្គលិក​ក្រុមហ៊ុ​ន​ណាហ្គា​​វើ​លដ៍​ដែល​បាន​ប្រមូ​លផ្តុំ​គ្នា​តវ៉ា​នៅ​ក្បែរ​ក្រុម​ហ៊ុនក្នុ​ង​ខណ្ឌ​ចំការ​មន​យក​ទៅដាក់នៅ​​មជ្ឈ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជ​ធានី​ភ្នំពេញ​។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​អះអាង​ក្នុង​សេចក្តីជូ​នដំណឹង​​របស់​ខ្លួន​ថា ការអនុវត្ត​វិធានការ​សុខាភិ​បាលលើ​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា​វើ​លដ៍ក្នុង​ពេល​នេះក៏​ព្រោះតែ​ពួកគេ​នៅ​រឹងរូស​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរក្នុង​ការ​កំណត់​ឲ្យ​មក​យក​សំណាក​លើក​ទី២​ បន្ទាប់ពី​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩​។

ជាមួយ​នេះ​​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់​ទុកថា ការ​ប្រមូលផ្តុំ​គ្នានេះ​មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​ការណែ​នាំនិង​វិធាន​សុខាភិ​បាល​ផ្សេងៗ​ដែល​បាន​ដាក់​ចេញ​ឡើយ តែមាន​មួយ​ចំនួន​នៅតែ​ចចេស​រឹងរូស​ ដោយបាន​បន្តធ្វើ​ការ​ជួប​ជុំប្រ​មូលផ្ដុំ​យ៉ាង​គ​ឃ្លើននិ​ង​អនាធិប​តេយ្យ​នៅតាម​ទីសា​ធារណៈ​ដោយ​មិន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ សណ្តាប់ធ្នា​ប់ របៀ​បរៀបរយ​សាធា​រណៈ ការក​កស្ទះ​ចរាចរណ៍ ពិ​សេស​អាច​បង្ក​ការឆ្លង​​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩ ​ក្នុង​សហ​គមន៍​កាន់តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។​

រដ្ឋបា​ល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​«រដ្ឋបាល​​រាជធានី​ភ្នំពេ​ញគ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​វិធាន​ការ​រដ្ឋ​បាល ដោយ​បាន​អញ្ជើញ​ក្រុម​បាតុក​រ​ដែល​បាន​មក​ប្រមូលផ្ដុំ​ចំនួន​៦៤នាក់​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ផ្ទៀង​ផ្ទាត់​ពិនិត្យ​រក​ឈ្មោះ​បាតុ​ក​រដែល​មិនទាន់​បាន​យក​សំណាក​លើក​ទី២​ទៅ​បន្តធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​១៩ ​និង​ណែនាំ​ដល់​បាតុករ​ដែល​បាន​ប៉ះពា​ល់​គ្នា ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់​តាម​វិធាន​សុខាភិ​បាល»​។

ចាប់ពី​ថ្ងៃទី​១៦ ​ដល់​ថ្ងៃទី២០ ​ខែកុម្ភៈ ឆ្នាំ​២០២២ ​ក្រុមគ្រូ​ពេទ្យ​មន្ទីរ​សុខាភិ​បាល​​រាជ​ធានី​ភ្នំពេញ ​បាន​ទទួល​យក​សំណាក​ចំនួន​៥៥៧​នាក់លើ​ចំនួន​សរុប ៨៧៩​នាក់ ដែល​បានមក​ធ្វើ​សំណាក​លើក​ទី២​ ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ចំនួន​៧២​នាក់។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​បន្ត​ថា ក្រុម​បាតុ​ករ​ប្រមាណ​ជាង​៣០០​នាក់​ទៀត នៅ​មិនទាន់​បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​រ​បស់​ក្រសួង​សុខាភិ​បាល​ទេ​។

យ៉ាង​ណា​ក្ដី ចំពោះ​វិធានការ​នេះ សហ​ជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​នៃ​ក្រុមហ៊ុ​ន​ណាហ្គា​​វើ​លដ៍ បានចេ​ញ​សេចក្តី​ថ្លែងកា​រណ៍កាលពី​ថ្ងៃទី២២ កុម្ភៈថា ​ការតវ៉ា​របស់​ពួកគេ ក្រោយ​អតីត​កម្មករ​ទាំងនោះ​ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១០ថ្ងៃ​ បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចហើយ ​និង​បាន​ចេញ​ទៅធ្វើ​សំណាក​តាំងពី​ថ្ងៃទី១៦ ​ខែកុម្ភៈ ឆ្នាំ​២០២២ ​រហូត​ដល់​ថ្ងៃទី​២១ ​ខែកុម្ភៈ ឆ្នាំ ២០២២ បាន​បញ្ចប់​។

ជាមួយនឹ​ង​ការអះអា​ង​បែបនេះ ​សហជីព​នេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការរំខាន​លើ​ការអនុវត្ត​សិទ្ធិសេរី​ភាព​​ជា​មូលដ្ឋា​ន​របស់​កម្មករ​នៅ​កន្លែង​ធ្វើកា​រ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេបាន​ទៅធ្វើ​កូដកម្ម​នៅក្បែរ​ទីតាំង​ណាហ្គា​វើ​លដ៍ ១ និង​ណា​ហ្គា​វើ​លដ៍​ ២។​

សហជីព​​នេះបា​ន​បញ្ជាក់ថា​«បើទោះជា​មាន​​ផលវិបាក ការ​រំ​ខា​នឥត​ឈប់ឈរ​ក្ដី ក៏​យើងខ្ញុំ​មិន​បោះ​បង់​ឡើយ យើងខ្ញុំ​ជា​កូដ​ករ​សូម​ប្រកាស​បង្ហាញ​ជំហរ​ថាយើ​ងខ្ញុំ​នៅតែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​ការប្រើប្រាស់​​សិទ្ធិស្រ​បច្បាប់​​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាអ​នុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ៨៧និង៩៨​»។

សូម​ជម្រាប​ថា ការបន្ត​ការតវ៉ា​ប្រមូលផ្តុំ​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​នេះគឺ​ដើម្បី​ទាម​​ទា​ឲ្យ​ថៅកែ​ក្រុមហ៊ុ​ន​ចេញមក​ដោះស្រាយ​​វិវាទ​ជាមួ​យ​និយោជិតទាមទា​រ​ឲ្យ​ដោះលែង​​តំណាង​ពួកគេ​ សក​ម្មជន​សហ​ជីព ដែល​កំពុង​ជាប់​ឃុំ​ទាំង​១១​នាក់ និង​ទទួល​យក​​បុគ្គលិក​​សរុប ៣៦៥នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​។

បើតាម​ការអះ​អាង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កា​ររារាំង​ការប្រមូល​ផ្តុំ​របស់​កម្ម​ករគឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ វីរុស​បំប្លែង​ខ្លួន​ថ្មីប្រភេទ​អូ​មី​ក្រុងចូលទៅ​ក្នុង​សហគមន៍​ដែល​កាន់តែ​កើន​ឡើងដែល​ទាម​ទារ​ឲ្យ​ក្រុមអ្ន​កតវ៉ា​ត្រូវ​ចូលរួម​សហ​ការ​ជា​ចាំ​បាច់ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធក៏​ដូចជា​​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការធ្វើ​បាតុក​ម្ម​ដោយ​សន្តិវិ​ធីនិង​វិធាន​សុខាភិ​បាលដើ​ម្បី​ធានា​បាន​នូវ​សុខភា​ព​សាធា​រណៈ សន្តិសុខ សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​ និង​បញ្ចៀស​ការកក​ស្ទះ​ចរា​ចរណ៍ ​ព្រមទាំ​ង​ការរំខាន​​ដល់​ការ​ប្រកប​របរ​អាជីវ​កម្ម​និង​កិច្ចការងារ​ប្រ​ចាំថ្ងៃ​​របស់​ប្រ​ជាពល​រដ្ឋ​ដទៃ​ទៀត​៕

វីដេអូ៖