ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះនឹងសាងសង់លើផ្ទៃដីទំហំ ៣ ហិកតា និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋាននេះថា ក្នុងរយៈពេលប្រមាណ ១ ខែ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងនោះមានកំណាត់ផ្លូវជាតិលេខ ៥ ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែង និងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ។
លោកថ្លែងថា វត្តមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ខណៈឆ្នាំ ២០២៣ ខាងមុខ គឺជាខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងនេះរវាងប្រទេសទាំង ២។ ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនបាននោះទេ។
លោក ហ៊ុន សែន ថ្លែងថា ទីក្រុងភ្នំពេញពេញទៅដោយកាកសំណល់ ហើយប្រសិនបើមិនមានការធ្វើប្រព្រឹត្តិកម្ម ឬចម្រោះទឹកឱ្យបានស្អាត មុនពេលបង្ហូរទៅក្នុងទន្លេ អ្នកដែលទទួលនូវផលវិបាក គឺអ្នកដែលរស់នៅតាមដងទន្លេ។ ទឹកកខ្វក់ទាំងនេះក៏អាចរីករាលដាលទៅជាជំងឺផ្សេងៗនៅក្នុងទីក្រុងផងដែរ។
លោកថ្លែងថា៖ «មុនពេលដែលយើងទម្លាក់ទឹកទៅក្នុងទន្លេ ចាំបាច់ណាស់ត្រូវចម្រោះវាឱ្យក្លាយទៅជាទឹកស្អាតសិនមុននឹងទម្លាក់ទៅក្នុងទន្លេដែលជាផ្នែកមួយ នៃការគ្រប់គ្រងបរិស្ថាន និងអនាម័យសម្រាប់ប្រជាពលរដ្ឋ»។
លោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ថ្លែងក្នុងពិធីនេះថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍសេដ្ចកិច្ចគួរឱ្យកត់សម្គាល់ ហើយស្របពេលនៃការអភិវឌ្ឍនេះ គឺមិនអាចចៀសផុតនូវការកើនឡើងនៃទឹកកខ្វក់ និងកាកសំណល់ជាពិសេសនៅក្នុងតំបន់ទីក្រុង។ លោកថ្លែងថា៖ «ពេលនេះ ប្រព័ន្ធបង្ហូរទឹកកខ្វក់គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មិនអាចខ្វះបានសម្រាប់ទីក្រុងទាំងអស់ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការធានាបាននូវទីតាំងសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងទីក្រុងដែលកំពុងមានការអភិវឌ្ឍ»។
លោក មីកាមិ បន្តថា ស្ថានីយប្រព្រឹតិកម្មទឹកកខ្វក់នេះ នឹងប្រើប្រាស់បច្ចេកវិទ្យាដើមរបស់ប្រទេសជប៉ុនដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយប្រព័ន្ធនេះមានគុណសម្បត្តិដូចជាត្រូវការថាមពលតិចសម្រាប់ដំណើរការរចនាសម្ព័ន្ធសាមញ្ញ និងប្រតិបត្តិការថែទាំមានភាពងាយស្រួល។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងពិធីនេះថា គម្រោងនេះនឹងសាងសង់សំណង់បូមបញ្ចូលទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមសរុបចំនួនម៉ូទ័រ ២ គ្រឿងស្មើនឹង ៧ ម៉ែត្រគុបក្នុង ១ វិនាទី ឬ ៤២០ ម៉ែត្រគុប ក្នុង ១ ម៉ោង។ គម្រោងនេះក៏នឹងសាងសង់ផ្លូវប្រវែងជាង ១ ៦៩០ ម៉ែត្រសម្រាប់ជីកដាក់បំពង់លូ ដែកបង្ហូរទឹកកខ្វក់មកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកដោយត្រូវក្រាលកៅស៊ូប្រភេទ AC ទំហំ ៧ ម៉ែត្រ ហើយគម្រោងក៏នឹងមានការជីកបំពង់លូប្រវែង ១ ៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់សំណង់បូមបញ្ចូលទឹកកខ្វក់ឆ្ពោះទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក។
បើតាមលោក ឃួង ស្រេង គម្រោងនេះនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ លើផ្ទៃដី ៣ ហិកតា នៅក្នុងផ្ទៃដីបម្រុងទុកប្រមាណ ១៩ ហិកតា ដែលរដ្ឋាភិបាលបានឆ្វៀលសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកក្នុងគម្រោងគោលដៅឆ្នាំ ២០២៥៕