ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ ៣​ រូប​រួមមាន​លោក​ ចាន់ ចេង លោក​ កែត ឃី និង​លោកស្រី​ ពត ពៅ​។

ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ថា ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​អ្នក​ទាំង​ ៣​ រូប ដោយសារ​ពួកគេ​ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​ ៣៤០ (​ឆ​) ​ចុះ​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ​ ២០១៧​។

លោក​ ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ កុម្ភៈ ថា រហូតមក​ទល់នឹង​បច្ចុប្បន្ន ព្រះមហាក្សត្រ​នៃ​កម្ពុជា​បានផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៣២​ រូប ក្នុង​ចំណោម​ ១១៨​ រូប ដែល​ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ ​២០១៧​។

លោក​បន្តថា អ្នក​ដែល​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ក៏​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី និង​អ្នក​មួយចំនួនទៀត​ក៏បាន​ចូលរួម​ជាមួយនឹង​គណ​បក្ស​ផ្សេងៗ​ទៀតផង​ដែរ ទៅតាម​ការយល់ឃើញ​និង​ឆន្ទៈ​របស់​ពួកគេ​។ ជាមួយ​គ្នានេះ​ក៏មាន​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៤​ រូប រួមមាន លោក​ ញឹម គឹមញ៉ុល លោក​ ជូង ជូងី លោក ជា ជីវ និង លោកស្រី អ៊ុង សុវណ្ណា ក៏​មិនត្រូវ​បានអនុញ្ញាត​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដែរ ដោយសារ​ពួកគេ​មិន​អនុវត្តតាម​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៧​។

លោក​ថ្លែងថា​៖ «​យើង​មិនទាន់​ទទួល​លិខិត​ស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ពី​មន្ត្រី​នៃ​អតីត​សង្គ្រោះ​ជាតិ​ផ្សេងទៀត​នៅឡើយ​ទេ​។ ប៉ុន្តែ​នៅពេល​ដែលមាន​សំណើ​មកដល់​ក្រសួង គឺ​យើង​នឹង​ពិនិត្យមើល​សំណើ​នោះ រួច​ស្នើ​ទៅ​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បីឱ្យ​ព្រះអង្គ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ជូន​ដល់​ពួកគាត់​ហើយ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាសា្ថន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ និង​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខិតជិត​មកដល់​នេះ គឺជា​ជម្រើស​ដ៏ល្អ​របស់​ពួកគាត់ ព្រោះ​ពួកគាត់​គឺជា​អ្នកនយោបាយ​។

លោក​បន្តថា ពួកគាត់ គឺជា​អ្នកនយោបាយ ហើយ​មិនមាន​សិទ្ធិ​ធ្វើ​នយោបាយ គឺ​ពួកគាត់​មិនអាច​ទៅធ្វើ​អ្វី​កើត​នោះទេ​។ ដូច្នេះ បើ​ពួកគាត់​មានបំណង​ក្នុង​ការបន្តជីវិត​នយោបាយ និង​ចង់​ជួយ​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើ​នយោបាយ​របស់​ពួកគាត់ មាន​ជម្រើស​ដែល​ល្អ​បំផុត គឺ​នាំគ្នា​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​។

មួយវិញទៀត បើ​មាន​មន្ត្រី​នៃ​អតីត​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បង្ហាញ​ពី​ទិដ្ឋភាព ​២ សំខាន់ គឺ​បង្ហាញថា ទី​ ១​ ស្ថានភាព​ន​យោបាយ​ក្នុងប្រទេស​កាន់តែ​ល្អប្រសើរ និង​ទី​ ២ បង្ហាញថា អ្នក​នយោបាយ​ដែល​ជាប់​បម្រាម​ទាំងនោះ​លែង​ស្តាប់​ការឃោសនា​របស់​លោក​ សម រង្ស៊ី បន្ត​ទៀតហើយ​។

លោក​ គិន ភា ថ្លែងថា​៖ «​ខ្ញុំ​គិតថា វាយតម្លៃ​ជារួម វា​ល្អ​ហើយ ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ និង​អ្នក​ដែល​មិនទាន់បាន​ស្នើសុំ គួរតែ​នាំគ្នា​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​។ កុំ​រង់ចាំ​សាកសព​ [​គណបក្ស​] ដែល​ស្លាប់​ទៅហើយ វា​រស់​ឡើងវិញ​នោះ វា​មិនអាច​ទៅរួច​ទេ​»​។

អតីត​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨ ​រូប ត្រូវបាន​ហាម​ក្នុង​ការធ្វើ​សកម្មភាព​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​ដោយ​សាលដីកា​តុលាការ​កំពូល កាលពី​ចុងឆ្នាំ ​២០១៧ ក្រោយពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ​៕

វីដេអូ៖