ភ្នំពេញៈ ការដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានចំនួនជាង ៦ ម៉ឺនហិកតា ដែលមានប្រជាពលរដ្ឋជិត ១ ម៉ឺន ៥ ពាន់គ្រួសារបានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ ខណៈការដាំដុះព្រៃលិចទឹក ឫស្សី ដើមត្នោត និងដើមឈើឡើងវិញ ក្នុងតំបន់ទាំងនោះត្រូវបានធ្វើឡើងបានជាង ៣០ ម៉ឺនដើមគ្រាប់។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមថ្ងៃទី ២១ កុម្ភៈ ក្រុមការងារប្រចាំខេត្តទាំង ៦ បានដកហូតដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបបានចំនួន ៦២ ៧៥០ ហិកតា ដោយក្នុងនោះមានប្រជាពលរដ្ឋចំនួន ១៤ ៩១៩ គ្រួសារ បានស្ម័គ្រចិត្តចូលខ្លួនមកប្រគល់ដីព្រៃលិចទឹកទាំងនេះត្រឡប់មកឱ្យអាជ្ញាធរខេត្តទាំង ៦ វិញ។
ចំពោះផ្ទៃដីព្រៃលិចទឹកដែលបានដកហូតទាំងនេះ គឺអាជ្ញាធរទាំង ៦ ខេត្ត បានធ្វើការដាំដុះព្រៃលិចទឹក និងដើមត្នោតសរុបជាង ៣០ ម៉ឺនដើម និងគ្រាប់ដោយក្នុងនោះ ដើមឫស្សីបានចំនួន ៩ ៧៩៩ ដើម ដើមត្នោតបាន ៣៣៩ ដើមចំណែកគ្រាប់ត្នោតបានចំនួន ២៧ ១១៣៥ គ្រាប់ និងព្រៃលិចទឹកគ្រប់ប្រភេទសរុបបានចំនួន ៤៤ ៤៣៥ ដើម។ ខេត្តដែលបានដាំដើមឈើនៅតំបន់លិចទឹកនេះឡើងវិញបានច្រើនជាងគេគឺខេត្តកំពង់ឆ្នាំង ដែលមានចំនួនសរុបជាង ៣ ៥០០០ ដើម និងគ្រាប់។ នេះបើតាមលោក លោក អ៊ឹង ទ្រី។
លោកបានបញ្ជាក់ថា៖ «ការដាំដើមឈើនេះយើងមិនទាន់និយាយបានថា ចប់ ឬមិនចប់នោះទេ ព្រោះរបាយការណ៍ពីតាមខេត្តយើងទទួលរាល់ថ្ងៃ។ និយាយទៅ ថ្នាក់ខេត្តទាំង ៦ នេះគេកំពុងធ្វើបន្តទៅទៀតអ៊ីចឹងយើងមិនទាន់អាចថា យ៉ាងម៉េចទេ ព្រោះនៅពេលបញ្ចប់ យើងនឹងមានការប្រជុំបូកសរុប»។
កាលពីថ្ងៃទី ១៣ កុម្ភៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសពីការបិទបញ្ចប់ការដាំដើមឈើ ១០០ ភាគរយក្នុងតំបន់ ៣ នៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនដោយក្នុងនោះដាំដើមឈើជាង ៣ ម៉ឺនដើម និងគ្រាប់ត្រូវបានដាំរួចរាល់លើផ្ទៃដីប្រមាណ ១២ ០០០ ហិកតា។
លោក អ៊ឹង ទ្រី បានអះអាងថា អាជ្ញាធរជលផលនៅតែបន្តសហការជាមួយអាជ្ញាធរនៅតាមបណ្តាខេត្តទាំង ៦ នេះ ដើម្បីជំរុញការដកហូតដីព្រៃលិចទឹកដែលនៅសេសសល់ និងធ្វើការដាំដុះដើមឈើឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ទន្ទ្រានព្រៃលិចទឹក និងវាតទីយកដីនៅតាមបឹងទន្លេសាប។
ជាមួយនឹងការដកហូតដីយកមកវិញនេះ លោក ហ៊ុន សែនក៏បានបញ្ជាអាជ្ញាធរខេត្តទាំង ៦ ធ្វើការដាំដុះដើមឈើឡើងវិញនៅតំបន់ដីព្រៃលិចទឹកដែលបានដកហូតដោយលោកបានទទួលស្គាល់ថា ការបាត់បង់ដីព្រៃលិចទឹកក្នុងតំបន់ ៣ នៃបឹងទន្លេសាប គឺជាវិនាសសកម្មនៃជម្រកត្រីដែលជាប្រភពស្បៀងរបស់កម្ពុជា។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) និយាយថា បើមើលទៅលើទិដ្ឋភាពរួម គឺបរិមាណនៃការរំលោភបំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាប គឺមានចំនួនធំធេងជាងដែលរដ្ឋាភិបាលទើបតែធ្វើការដកហូតបានជាង ៦ ម៉ឺនហិកតា។ ក្នុងអំឡុងពេលកែប្រែវិស័យជលផលចាប់តាំងពីឆ្នាំ ២០០៨ មក ឃើញមានបញ្ហាជាច្រើនក្នុងការកាប់ទន្ទ្រានយកដីព្រៃលិចទឹកនេះ ។
លោករៀបរាប់ថា៖ «ចំពោះការដាំព្រៃលិចទឹកឡើងវិញនេះ យើងដឹងហើយថា ការចំណាយថវិកាក្នុងការដាំនេះគឺត្រូវការទំហំថវិកាច្រើន ដើម្បីរៀបចំការដាំឡើងវិញ ហើយមួយទៀតយើងឃើញថារដ្ឋាភិបាល មានការដាំដើមឫស្សីដើមត្នោត ឬដើមឈើលិចទឹកឡើងវិញ ដែលរុក្ខជាតិទាំងនោះគឺលក្ខណៈធម្មជាតិរបស់វានឹងដុះត្រឡប់មកវិញក្នុងអំឡុងពេលពី ៥ ទៅ ១០ ឆ្នាំ។ អ៊ីចឹងយើងគ្រាន់តែការពារយ៉ាងម៉េចកុំឱ្យគេទៅកាប់ទន្ទ្រាន និងបំផ្លាញតំបន់ ៣ ទាំងនោះឡើងវិញ»។
ជាមួយនឹងការដកហូត និងការដាំដុះនេះ លោក ឱម សាវ៉ាត ជំរុញឱ្យរដ្ឋាភិបាល ដាក់ចេញយន្តការការពារតំបន់ទាំងនេះជាប្រព័ន្ធតាមរយៈអាជ្ញាធរមូលដ្ឋានឱ្យមានប្រសិទ្ធភាព ខណៈយន្តការតែមួយឆាវៗនឹងមិនមានប្រសិទ្ធភាពក្នុងការការពារនិងទប់ស្កាត់បទល្មើសរំលោភបំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបនេះបានទេ៕