មណ្ឌលគិរីៈ អ្នកស្រី ក្រេះ សុរ៉ា ជាតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ អ្នកស្រី និងតំណាងពលរដ្ឋ ៥ នាក់បានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តមណ្ឌលគិរីឱ្យតុលាការ បើកការស៊ីបអង្កេតលោក គុជ ម៉េងធូ ជាចៅសង្កាត់ស្ពានមានជ័យ និងលោកស្រី ជិន ស៊ីលាភ ជាមេភូមិអូរស្ពាន ដោយសារតែបណ្ដែតបណ្ដោយធ្វើឱ្យមានការប៉ះពាល់ដល់ដីកប់សព។
អ្នកស្រី ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១ មានក្រុមកម្មករដែលអះអាងថាតំណាងឱ្យម្ចាស់ដីបានធ្វើការដាក់របងព័ទ្ធយកដីកប់សពរបស់ជនជាតិដើមភាគតិចព្នងមានទំហំ ១១ ហិកតា ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកស្រីបន្តថា ពេលសួរនាំ ដើម្បីដឹងថាអ្នកណាជាអ្នកបញ្ជាឱ្យដាក់របងគឺគ្មានអ្នកប្រាប់ឡើយ ហេតុនេះបានជាតំណាងជនជាតិដើមភាគតិចប្តឹងទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនទទួលបានដំណោះស្រាយអ្វីនោះទេ។ អ្នកស្រីថា កន្លងមកក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់ រដ្ឋបាលក្រុងសែនមនោរម្យផងដែរ ប៉ុន្តែបានរុញពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានវិញ។ ករណីនេះបញ្ជាក់ថា អាជ្ញាធររុញដាក់គ្នាទៅវិញទៅមក។
អ្នកស្រីថ្លែងថា៖ «ដីកប់ខ្មោចហ្នឹងមិនដឹងអ្នកណាគេអ្នកយក ពួកខ្ញុំបានពឹងភូមិ-ឃុំឱ្យជួយរកអ្នកទៅយកដីនោះ ប៉ុន្តែភូមិឃុំគេថា គេអត់ហ៊ានរកទេដោយសារតែអត់ដឹងម្ចាស់។ គេអត់អើពើ អត់ជួយរកឱ្យពួកខ្ញុំទេ អស់រយៈពេលច្រើនខែហើយទើបពួកខ្ញុំប្តឹង»។
តំណាងប្រជាពលរដ្ឋប្រាប់ថា ទីកប់សពនោះមានប្រជាពលរដ្ឋប្រមាណជាង ៧០ គ្រួសារ ប្រើប្រាស់សម្រាប់កប់សពសាច់ញាតិដូនតាជាយូរណាស់មកហើយ ប៉ុន្តែជនជាតិដើមភាគតិចព្នងមិនដែលបានធ្វើប្លង់នោះទេ ក្រោយមកនៅឆ្នាំ ២០២១ មានអ្នកចូលទៅឈូសឆាយ ទើបក្រុមជនជាតិដើមភាគតិចព្នងភ័យខ្លាចបាត់បង់ ក៏នាំគ្នាទៅធ្វើរបងទុក ប៉ុន្តែត្រូវបានគេរុះរើចេញវិញអស់ ហើយរកមុខអ្នកប្រព្រឹត្តមិនឃើញ។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំចង់ឱ្យខាងលើជួយពួកខ្ញុំផង រកអ្នកដែលចាប់យកដីនោះ ឬអ្នកណាដែលលក់ដីនោះ មកជួបពួកខ្ញុំដើម្បីពួកខ្ញុំធ្វើតាមប្រពៃណីជនជាតិឱ្យគាត់រកគោរកក្របីសែនព្រេន បង់ជំងឺចិត្ត ដែលគេធ្វើការរុះរើរបង ឈូសឆាយទន្ទ្រានយកអីហ្នឹង»។
យោងតាមពាក្យបណ្តឹងរបស់តំណាងជនជាតិដើមភាគតិចព្នងដាក់ចូលទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ២១ ខែកុម្ភៈបញ្ជាក់ថា បានស្នើសុំឱ្យតុលាការចាត់វិធានរទៅតាមផ្លូវច្បាប់ ដើម្បីប្រគល់ដីកប់សពជូនមកសហគមន៍ប្រជាពលរដ្ឋវិញ និងសងជំងឺចិត្ត ១០ ម៉ឺនដុល្លារ»។
លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានទទួលយកសំណុំរឿងនោះហើយ ប៉ុន្តែភ្លាមៗមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ ដោយសារតែពាក្យបណ្តឹងទើបដាក់ចូល ហើយព្រះរាជអាជ្ញាត្រូវការពេលវេលា ដើម្បីចាត់រឿងឱ្យទៅតំណាងអយ្យការ។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា ការដែលពលរដ្ឋទៅដាក់ពាក្យប្តឹងនេះជារឿងត្រឹមត្រូវ ព្រោះនៅក្នុងមាត្រា ៥២៧ មាត្រា ៥២៨ និង ៥២៩ បានចែងហើយថា បើបានដឹងបានឮហើយ អាជ្ញាធរមិនចាត់វិធានការដោះស្រាយទេ ត្រូវតែមានទោស។ មិនយកចិត្តទុកដាក់ខ្វល់ខ្វាយជួយដោះស្រាយប្រជាពលរដ្ឋឡើយ។
លោកថ្លែងថា៖ «អ្វីដែលពលរដ្ឋដាក់ពាក្យបណ្តឹងហ្នឹងជារឿងត្រឹមត្រូវបំផុត ហើយក៏ជារឿងដែលយើងត្រូវគាំទ្រគាត់»។
លោក គុជ ម៉េងធូ ចៅសង្កាត់ ស្ពានមានជ័យថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា ពលរដ្ឋបង្ខំឱ្យអាជ្ញាធរដោះស្រាយឱ្យបានលឿនតាមចិត្តរបស់ពួកគាត់គឺមិនអាចធ្វើទៅបានទេ ព្រោះការដោះស្រាយបញ្ហានេះអាជ្ញាធរត្រូវការពេលវេលាពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានច្បាស់លាស់។
លោកថា៖ «ក្នុងនាមអាជ្ញាធរតែងតែចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនរំលងទុកបញ្ហាកង្វល់របស់ប្រជាពលរដ្ឋចោលនោះទេ ប៉ុន្តែចំពោះរឿងដីកប់សពនេះ ពលរដ្ឋបានទុកដីចោលច្រើនឆ្នាំហើយមិនដែលសែនព្រេនលើទីតាំងផ្នូរនោះផង»។ «យើងនៅតែការពារបងប្អូនអ៊ីចឹងឱ្យតែមានភាពត្រឹមត្រូវប្រាកដថាជាផ្នូរជាអីមែនយើងនឹងគ្រប់គ្រងការពារជូនគាត់»។
លោកស្រី ជិន ស៊ីលាភ មេភូមិអូរស្ពាន ថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា លោកស្រីមិនបានដឹងថាដីកប់សពនោះនៅទីណានោះទេ ហេតុនេះក្រោយពេលពលរដ្ឋផ្តល់ព័ត៌មានអាជ្ញាធរត្រូវធ្វើការចុះទៅពិនិត្យមើលជាក់ស្តែងជាមុនសិន ទើបអាចសម្រេច៕