ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ខណៈនៅកម្ពុជាប្រភេទសត្វនេះរងគ្រោះដោយសារការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២១ កុម្ភៈ ថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ដើម្បីយកទៅធ្វើជាឱសថបុរាណថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។
ប៉ុន្តែតាមពិត តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ និងអ្នកវេជ្ជសាស្ត្របានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូលក៏ដូចជាសត្វព្រៃដទៃទៀត ពុំមានលក្ខណៈវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយ ដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះគឺជាការជឿតៗគ្នាដែលធ្វើឱ្យប្រភេទសត្វកម្រនេះទទួលរងនូវការគំរាមកំហែងខ្លាំងបំផុតជិតផុតពូជនៅលើពិភពលោក។ ការលើកឡើងរបស់លោកនេះស្របពេលមានការប្រារព្ធទិវាសត្វពង្រូលពិភពលោកកាលពីថ្ងៃទី ១៩ ខែកុម្ភៈ។
លោកបានថ្លែងថា៖ «សត្វពង្រូលត្រូវបានចាត់ទុកក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Criticallyendangered) ឈានទៅរកការផុតពូជនៅលើពិភពលោក។ គេមិនមានទិន្នន័យពិតប្រាកដថានៅលើពិភពលោកមានសត្វពង្រូលប៉ុន្មានក្បាលនោះទេ តែចំនួនសត្វពង្រូលត្រូវបានគេជឿថាបានថយចុះច្រើន។ ចំណែកកម្ពុជាបានចាត់ទុកសត្វពង្រូលជាសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើយ ហើយប្រភេទសត្វនេះរងគ្រោះដោយសារតែការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម»។
លោកបានបន្ថែមថា យោងតាមការសិក្សាផ្នែកជីវសាស្ត្រ សត្វពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ស្ទើរពេញដងខ្លួន ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែងពង្រូលតែងតែរមូរខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួន ដើម្បីការពារខ្លួន។
ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជា ស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែងប្រមាណ ២៥ សង្ទីម៉ែត្ររបស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង ១ ទៅ ២ ក្បាលក្នុងរយៈពេលពពោះប្រមាណ ៥ ខែ ខណៈអាយុពេញវ័យអាចបន្តពូជបានគឺក្នុងអំឡុងពេលអាយុ ២ ឆ្នាំហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់អាយុ ២០ ឆ្នាំ។ ប្រទេសកម្ពុជាគឺជាជម្រករស់នៅរបស់សត្វពង្រូលមួយប្រភេទមានឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្ត្រថា Manis javanica ។ នេះបើតាមលោកនេត្រ ភក្ត្រា។
លោកបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រៗទាំងនេះ ដោយទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងធ្វើឱ្យតំបន់ការពារធម្មជាតិ ក្លាយជាទីជម្រកដ៏សុខសាន្តរបស់ប្រភេទសត្វគ្រប់ប្រភេទក្នុងនោះក៏មានប្រភេទសត្វពង្រូលផងដែរ ។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ថ្លែងនៅថ្ងៃទី ២១ កុម្ភៈដែរថា អង្គការ WCS និងភាគីពាក់ព័ន្ធបានប្រារព្ធ ទិវាសត្វពង្រូលពិភពលោក តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការប្រកាសព័ត៌មាន ជាមួយក្រុមការងារដែលពាក់ព័ន្ធ។ ស្ថានភាពសត្វព្រៃនៅតាមតំបន់ដែលអង្គការ WCS ធ្វើការងារសង្កេតឃើញថា សត្វព្រៃមួយចំនួនមានការកើនឡើងមួយចំនួនមានការថយចុះ និងមានសត្វព្រៃមួយចំនួនទៀតនៅថេរ។
លោកថ្លែងថា៖ «សត្វព្រៃដែលយើងឃើញមានការប្រែប្រួល ថយចុះនោះ គឺជាប្រភេទសត្វដែលមានចលនា ឬដើរលើដី ដោយសារមានជាប់អន្ទាក់ជាប់អីច្រើន។ ប៉ុន្ដែពពួកសត្វដែលរស់នៅ ឬរកចំណីនៅតាមដើមឈើ ឬក៏សត្វស្លាប យើងឃើញថា មានលក្ខណៈល្អប្រសើរក្នុងនោះមានប្រភេទសត្វស្លាបមួយចំនួនមានការកើនឡើង និងមួយចំនួនទៀតគឺនៅថេរ»។
បើតាមលោក កែន សេរីរដ្ឋា ក្នុងបរិបទកូវីដ ១៩ នេះ ជាពិសេសកាលពីឆ្នាំមុន ២០២១ ក្នុងអំឡុងខែមីនា និងមេសា ដែលជារដូវប្រាំង គឺមានការដាក់សម្ពាធទៅលើសត្វព្រៃច្រើនទាក់ទងនឹងការប្រមាញ់ និងការដាក់អន្ទាក់ យើងឃើញមានការកើនឡើងដោយសារតែប្រជាពលរដ្ឋមួយចំនួនពួកគាត់អត់មានការងារធ្វើ ដូច្នេះគាត់ទៅស្រុកកំណើតវិញគាត់ក៏ធ្វើសកម្មភាពបរបាញ់ ឬដាក់អន្ទាក់ជាដើម។ ក៏ប៉ុន្ដែយើងឃើញថា វាមិនមានទ្រង់ទ្រាយជាលក្ខណៈពាណិជ្ជកម្មធំដុំទេ។ វាជាលក្ខណៈទ្រង់ទ្រាយតូចហូបចុកជាលក្ខណៈគ្រួសារ និងលក់ដូរតិចតួចទាំងនេះដែលយើងមើលឃើញ។
យោងតាមការសិក្សាស្រាវជ្រាវ និងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានជួញដូរច្រើនជាងបំផុតលើពិភពលោកជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។
យោងតាមការផ្សាយនៅក្នុងគេហទំព័ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់ស្មានថា មានសត្វពង្រូលប្រមាណ ១ លានក្បាលត្រូវបានគេជួញដូរក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ ខណៈសត្វពង្រូលប្រមាណ ១៩៥ ០០០ ក្បាល ត្រូវបានជួញដូរនៅក្នុងឆ្នាំ ២០១៩ សម្រាប់តែយកស្រកា ១ មុខ។ ដោយឡែកនៅកម្ពុជាវិញ ចាប់តាំងពីឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០០៨ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សហការជាមួយអង្គការដៃគូបានចាប់រឹបអូសសត្វពង្រូលបានចំនួន ៥៥៨ ក្បាលពីពួកអ្នកប្រមាញ់ និងឈ្មួញកណ្តាល ដែលកត្តានេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃការធ្វើពាណិជ្ជកម្មខុសច្បាប់នៃសត្វពង្រូលនៅកម្ពុជា៕