ភ្នំពេញៈ CMAC កំពុងរៀបចំការសាងសង់សារមន្ទីរសន្តិភាព CMAC នៅខេត្តសៀមរាបលើផ្ទៃដីជាង ១២ ហិកតា ដែលមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយសិក្សាស្រាវជ្រាវ និងវាយតម្លៃអំពីប្រវត្ដិសាស្ដ្រនៃសង្គ្រាម ក៏ដូចជាភាពជាក់ស្ដែងនៃវិនាសកម្មនៃសង្គ្រាមដែលបានកើតឡើងនៅកម្ពុជា និងស្វែងយល់កាន់តែច្បាស់នូវអត្ថន័យនៃសន្ដិភាពនៅកម្ពុជា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២១ កុម្ភៈថា បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសរបស់ CMAC និងក្រុមការងារនៃក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ (JICA) បានបញ្ចប់លើកំណត់ហេតុគំនូសប្លង់បច្ចេកទេសសំណង់ដែលនឹងត្រូវសាងសង់សារមន្ទីរ-សន្តិភាព CMAC ខេត្តសៀមរាបរួចហើយ ប៉ុន្ដែការឯកភាពផ្លូវការទាំងស្រុង គឺត្រូវរង់ចាំថ្នាក់ដឹកនាំឯកភាពបន្ថែមសិន។
លោកថ្លែងថា៖ «យើងឯកភាពគ្នាជាមួយក្រុមការងារ JICA គឺនៅលើកិច្ចការងារបច្ចេកទេសទូទៅនៃការសាងសង់បានន័យថា កិច្ចការងារនេះគឺយើងកំពុងដំណើរការដោយរលូនហើយ»។
លោកលើកឡើងថា ការសាងសង់សារមន្ទីរសន្តិភាព CMAC នៅខេត្តសៀមរាបនៅលើផ្ទៃដីជាង ១២ ហិកតានេះ គឺមានសារៈសំខាន់សម្រាប់កត់ត្រា ចងក្រង ប្រមូលឯកសារវត្ថុតាងទាំងអស់លើប្រវត្ដិសាស្ដ្រសង្គ្រាមនៅកម្ពុជា ដើម្បីទុកជាអនុស្សាវរីយ៍ និងទុកជាភ័ស្ថុតាងយ៉ាងសំខាន់ក្នុងការអប់រំដល់ពលរដ្ឋជំនាន់ក្រោយៗទៀត។
លោកថ្លែងថា៖ «កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីបញ្ជាការ CMAC ភ្នំពេញ ខ្ញុំ និងប្រធានក្រុមការងារនៃក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ (JICA) បានចុះហត្ថលេខាលើកំណត់ហេតុលើគំនូសប្លង់បច្ចេកទេសសំណង់ដែលត្រូវសាងសង់ និងកំណត់ភារកិច្ចទទួលខុសត្រូវរបស់ភាគីទាំង ២ ដែលជាលទ្ធផលនៃការសិក្សាវាយតម្លៃចំពោះតម្រូវការរបស់អង្គភាព CMAC»។
លោក រតនា បានលើកឡើងថា ក្នុងរយ:ពេលមួយយ៉ាងខ្លីប៉ុណ្ណោះក្រុមការងារបានសម្រេចគោលដៅយ៉ាងច្បាស់លាស់ និងប្រកបដោយជោគជ័យ។ លោកបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ក្រុមទីប្រឹក្សាយោបល់ និងក្រុមការងារបច្ចេកទេស JICA ដែលបានខិតខំបំពេញកិច្ចការនេះប្រកបដោយកិច្ចសហការគ្នាស្អិតល្មួត និងភាតរភាពដែលក្នុងនោះមានប្រធានក្រុមរបស់ JICA បានឆ្លងកូវីដ ១៩ ក្នុងបេសកកម្មនេះ ដែលទើបតែជាសះស្បើយ និងបានវិលត្រឡប់ទៅជប៉ុនវិញ។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញអំពីការបេ្តជ្ញាចិត្តយ៉ាងមុតស្រួច ដើម្បីបុព្វហេតុមនុស្សធម៌ និងភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាមានសង្ឃឹមយ៉ាងមុតមាំថា អគារទាំងឡាយទាំងស្ថិតនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនក្នុងខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីនស្ថិតនៅខេត្តសៀមរាប នឹងត្រូវឈរខ្ពស់ត្រដែតឡើង ដើម្បីបម្រើតម្រូវការវិស័យមីននៅកម្ពុជាបន្តពីឆ្នាំ ២០២៥ ទៅមុខទៀតក្នុងគោលដៅពង្រឹងសមត្ថភាពអង្គភាព CMAC ឱ្យបន្តបេសកកម្មដើម្បីដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមយូរអង្វែងមានដូចជា គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងឡាយដទៃផ្សេងទៀត»៕