ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់ជាង ៩០% ហើយនៃតួលេខសរុបធៀបនឹងប្រជាពលរដ្ឋទូទាំងប្រទេស ខណៈដែលយុទ្ធនាការនៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ សម្រាប់ក្រុមកុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំបានចាប់ផ្តើមនៅថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២២។
របាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានកើនឡើងដល់ ៩០,០១% ហើយ ធៀបនឹងពលរដ្ឋ ១៦ លាននាក់។
របាយការណ៍បន្តថា ប្រជាជនអាយុពី ១៨ ឆ្នាំឡើង ចាក់បាន ១០២,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ ការចាក់លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ បានចំនួន ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅជាង ១,៨ លាននាក់ និងកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ បានចំនួន ១០៦,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅជិត ១,៩ លាននាក់។ ចំណែកអត្រាចាក់វ៉ាក់សាំងលើកុមារអាយុ ៥ ឆ្នាំ មានចំនួន ១០៩,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ជាង ៣០ ម៉ឺននាក់។ ចំណែកអត្រាអ្នកចាក់ដូសទី ៣ ឬដូសជំរុញមានចំនួនជាង ៦ លាននាក់ហើយ រីឯអ្នកចាក់ដូសទី ៤ មានចំនួនជាង ៨៦ ម៉ឺននាក់ផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់កុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ ដែលតាមគោលដៅមានកុមារជាង ៦០ ម៉ឺននាក់ទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានលើកឡើងថា ការចាក់វ៉ាក់សាំងដល់កុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំនេះ ក្រសួងបានសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដោយសារតាមការសិក្សាស្រាវជ្រាវ វ៉ាក់សាំងនេះអាចអនុញ្ញាតឱ្យចាក់សម្រាប់ក្រុមអាយុពី ៣ ឆ្នាំឡើងទៅ។
លោកស្រីមានប្រសាសន៍ថា៖ «ដូចនេះហើយ បានជាយើងសម្រេចប្រើវ៉ាក់សាំងនេះសម្រាប់ចាក់ជូនដល់ក្រុមកុមារនេះ ហើយការសម្រេចឱ្យចាក់ដល់ក្រុមកុមារនេះ ដោយសារសម្តេចនាយករដ្ឋមន្ត្រី មើលឃើញច្បាស់ពីតម្រូវការដោយការឆ្លងនៃមេរោគអូមីក្រុងនេះទៅដល់ក្មេងមានប្រមាណជា ២៥% ហើយជាកុមារាកុមារី»។
លោកស្រីថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដល់កុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ ហើយយុទ្ធនាការចាក់នេះនឹងធ្វើឡើងនៅទូទាំងប្រទេសនៅថ្ងៃទី ២៣ ខែកុម្ភៈ។
អ្នកស្រី នាង ស្រីលីន អាយុ ៣៤ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែកុម្ភៈថា អ្នកស្រីនឹងនាំកូនស្រីអាយុជាង ៤ ឆ្នាំទៅចាក់វ៉ាក់សាំងកូវីដ ១៩ នៅចុងសប្តាហ៍នេះដើម្បីការពារពីមេរោគកូវីដ ១៩ ពិសេសអូមីក្រុង។ អ្នកស្រីបានប្រាប់ថា៖ «រាល់ថ្ងៃនេះការបារម្ភខ្លាំងជាងគេគឺសុខភាពកូនៗនេះហើយ ខ្ញុំខ្លាចតែកូនខ្ញុំឆ្លងមេរោគនេះទេ ដោយសារមានអ្នករស់នៅជុំវិញកើតច្រើន។ ខ្ញុំសប្បាយចិត្តដែលកូនខ្ញុំអាយុជាង ៤ ឆ្នាំនេះអាចទទួលបានការចាក់វ៉ាក់សាំងនេះដែរ»។
អ្នកស្រីបានបញ្ជាក់ថាសម្រាប់កូនប្រុសច្បងរបស់គាត់អាយុ ៧ ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ ហើយគាត់ក៏គ្រោងនឹងយកកូនទៅចាក់ដូសទី ៣ ឬដូសមូលដ្ឋានផងដែរ។
ចំណែកលោក រ័ត្ន តុលា ក៏បានឱ្យដឹងដែរថា កូនគាត់បានចាក់វ៉ាក់សាំងរួចហើយ នៅមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃចាប់ផ្តើមយុទ្ធនាការដំបូងតែម្តង ហើយលោកក៏លែងសូវមានការបារម្ភខ្លាំង ដូចកាលកូនមិនទាន់ទទួលវ៉ាក់សាំងដែរ។ បើកូនឆ្លងកូវីដ ១៩ ក៏មានការធូរស្រាលជាង និងព្យាបាលឆាប់ជា ជាងមុនពេលមិនទាន់បានចាក់វ៉ាក់សាំងដែរ។
បើតាមលោកស្រី ឱ វណ្ណឌីន គិតត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ១៩ ទាំងការបញ្ជាទិញ និងជាជំនួយផ្សេងៗសរុបចំនួន ៤៣ លាន ៧៩២ ពាន់ ៥៣០ ដូស៕