ភ្នំពេញៈ អធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត ជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង ៧ ដែលជាចំណុះរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ចុះធ្វើ និងផ្ដល់សៀវភៅស្នាក់នៅ (ក ២) និងសៀវភៅគ្រួសារ (ក ៤) ជូនដល់ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅ ឬបានកាត់ចេញពីភូមិ-សង្កាត់ ១ ទៅភូមិ-សង្កាត់ ១ ទៀតឱ្យបានគ្រប់គ្នា។
លោកអធិការប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ កុម្ភៈ ថា សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់សម្រាប់យកធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដែលប្រជាពលរដ្ឋខ្មែរនៃគ្រួសារនីមួយៗត្រូវតែមាន។
លោក ហ៊ាង ថារ៉េត បញ្ជាក់ថា៖ «ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មិនតម្រូវឱ្យបង់ប្រាក់ឡើយ។ ប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅថ្មី និងដែលមិនទាន់មានឯកសារទាំងនេះអាចមកទំនាក់ទំនងជាមួយមន្ត្រីនគរបាលជំនាញតាមផ្នែកនីមួយៗ ដើម្បីស្នើសុំបំពេញបែបបទធ្វើឯកសារទាំងនេះនៅគ្រប់ម៉ោងរដ្ឋបាល»។
ជាមួយគ្នានេះលោកជំរុញឱ្យនគរបាលជំនាញផ្នែកស្ថិតិ និងអត្តសញ្ញាណកម្ម បន្តចុះប្រមូលទិន្នន័យ ស្ថិតិប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅថ្មីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធ្វើ និងផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ពួកគាត់។
បើតាមលោកអធិការកាលពីមុន ការចុះធ្វើ និងផ្ដល់សៀវភៅគ្រួសារ គឺជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ប៉ុន្តែឥឡូវនេះ កិច្ចការនេះត្រូវបានរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក-ខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅ ដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក-ខណ្ឌ ត្រូវទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ជំនួសវិញ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ១៩៩៧ សៀវភៅគ្រួសារជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូបរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាត្រូវមានសៀវភៅគ្រួសារមួយ។
អនុក្រឹត្យបញ្ជាក់ថា៖ «ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់ សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណាដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទប្បញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន»។
ចំណែកសៀវភៅស្នាក់នៅវិញ គឺជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាលដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។
ក្នុងអនុក្រឹត្យដដែលនោះបានបញ្ជាក់ទៀតថា ជនគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តីមានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំង ២ នេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត៕