ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ស្នើឱ្យសហភាពអឺរ៉ុប (EU) និងដៃគូរបស់ខ្លួនជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជួយប្រទេសទាំងនេះពង្រីកស្វ័យភាពជាយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាព។
លោកថ្លែងបែបនេះក្នុងកិច្ចពិភាក្សាតុមូលនៃវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិកកាលពីថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថា៖ «សហភាពអឺរ៉ុប និងដៃគូអឺរ៉ុប រួមទាំងបារាំងចាំបាច់ត្រូវបង្ហាញជម្រើសមួយដើម្បីជួយប្រទេសអាស៊ីអាគ្នេយ៍ពង្រីកស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន»។
ប្រមុខការទូតរូបនេះបញ្ជាក់ថា៖ «លើសពីនេះសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប រួមទាំងបារាំង គួរតែផ្តោតលើវិស័យជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក»។
លោក ប្រាក់ សុខុន ថ្លែងថា អាស៊ាន និងសហភាពអឺរ៉ុប រួមទាំងប្រទេសបារាំង គឺជាដៃគូដ៏សំខាន់ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបើកចំហប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់។ ភាពជាដៃគូនេះនឹងលើកកម្ពស់អនាគតនៃឥណ្ឌូប៉ាស៊ីហ្វិក ដោយធានាបាននូវសន្តិភាព វិបុលភាព និងវឌ្ឍនភាព។
លោកបន្តថា៖ «អាស៊ានមានគោលបំណងបង្កើតឯកសារគោលគំនិត ដើម្បីដំណើរការទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ហើយយើងស្វែងរកការគាំទ្ររបស់អ្នកដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមក្របខ័ណ្ឌនេះ»។
លោករដ្ឋមន្ត្រីបន្ថែមថា អាស៊ាន បានព្យាយាមរក្សាតុល្យភាពយុទ្ធសាស្ត្រ តាមរយៈការលើកកម្ពស់ឯកភាពផ្ទៃក្នុងរបស់ខ្លួន និងការរក្សាបាននូវមជ្ឈភាពរបស់ខ្លួនក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ដែលកំពុងវិវឌ្ឍ ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានមានបំណងចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ជាតំបន់សន្តិភាព និងស្ថិរភាព តាមរយៈការពង្រឹងបន្ថែមទៀតនូវមជ្ឈភាព និងឯកភាពអាស៊ាន។
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាព-អឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រមាណ ៣០ នាក់បានចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី ២២ ខែកុម្ភៈ។ ក្នុងវេទិកានេះរដ្ឋមន្ត្រីការបរទេសទាំងអស់បានសម្តែងនូវក្តីបារម្ភរួមគ្នាពីទស្សនៈគោល ២ នៃពិភពលោកដែលអាចនាំទៅដល់ការប្រឈមមុខគ្នា ការប្រកួតប្រជែងគ្នា និងភាពតានតឹង។
រដ្ឋមន្ត្រីទាំងអស់លើកឡើងថា មានចំណុចដែលអឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូប៉ាស៊ីហ្វិកអាចរួមដៃគ្នា ដើម្បីផ្តល់ជម្រើសនៃរបៀបរៀបរយក្នុងតំបន់ដែលមានលក្ខណៈពហុភាគីផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផលប្រយោជន៍ នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២២ កុម្ភៈ ថា អាស៊ានត្រូវបានទទួលស្គាល់ថាជាតួអង្គកណ្តាលមួយនៅឥណ្ឌូប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំដែលចូលរួមក្នុងវេទិកានេះ បានបញ្ចេញទស្សនៈថា អាស៊ាន និងអឺរ៉ុបគួរតែខិតខំប្រឹងប្រែង ដើម្បីស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្ររបស់សហភាព-អឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍ ប្រកបដោយចីរភាព ការផ្លាស់ប្តូរ ឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្តារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការការពារជីវចម្រុះ។
លោករដ្ឋមន្ត្រីក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកក្នុងវេទិកានេះ ដោយជឿជាក់ថា ទស្សនវិស័យនេះអាចជាវេទិកា ដើម្បីសម្រួលដល់ការបំពេញបន្ថែម ក្នុងចំណោមកំណែទម្រង់ផ្សេងៗនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីសម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ៕