ភ្នំពេញ: ក្រសួងជំនាញ ២ បានចេញប្រកាសអន្តរក្រសួងកំណត់នីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នាល់លើបណ្ដាញផ្លូវថ្នល់ ដើម្បីតាមដាន ស្រាវជ្រាវ និងពិនិត្យនៅតាមទីតាំង បុគ្គលដែលបានប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីជំរុញការគោរពច្បាប់ ធានាសុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់បទល្មើសស្ដីពីផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់កាលពីថ្ងៃទី ១១ ខែកុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រីនៃក្រសួងទាំង ២ នេះមានសិទ្ធិចេញលិខិតបញ្ជាបេសកកម្មដល់មន្ដ្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតបញ្ជាបេសកកម្មដល់មន្ត្រីអធិការកិច្ច ផ្លូវថ្នល់ថ្នាក់ក្រោមជាតិស្របទៅតាមច្បាប់ស្ដីពីផ្លូវថ្នល់។
សេចក្ដីប្រកាសដដែលនេះបានឱ្យដឹងថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់មានដូចជា មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ត្រីជំនាញ មានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃមន្ទីររាជធានី ខេត្ត ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវស្នើសុំលិខិតបញ្ជាបេសកកម្មចុះត្រួតពិនិត្យ ឬធ្វើអធិការកិច្ចផ្លូវថ្នល់ ស្របតាមនីតិវិធី។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវអនុវត្តសិទ្ធិ តួនាទី និងភារកិច្ចដោយឯករាជ្យមិនលម្អៀង និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងមានការទទួលខុសត្រូវលើសកម្មភាព អធិការកិច្ចរបស់ខ្លួន។
-រាល់ការចុះតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ ត្រូវធ្វើឡើងជាប្រចាំយ៉ាងតិច ២ ដងក្នុង ១ ឆ្នាំ នៅតាមទីតាំង ឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមបណ្តាញផ្លូវថ្នល់ រួមមានផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវរាជធានី ផ្លូវក្រុង ផ្លូវក្នុងទីប្រជុំជននានាក្នុងខេត្ត និងផ្លូវថ្នល់ផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។ ការចុះអនុវត្តការត្រួតពិនិត្យ តាមដាន និងស្រាវជ្រាវនៅតាមទីតាំង ត្រូវជូនដំណឹងជាមុនទៅម្ចាស់ទីតាំង ឬតំណាងស្របច្បាប់។ ការជូនដំណឹងនេះ គឺត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់ ទីតាំង ឬតំណាងស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចុះធ្វើអធិការកិច្ច។ រាល់ការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានការចូលរួមពីមន្ត្រីអធិការកិច្ចផ្លូវថ្នល់ចំនួន ៥ (ប្រាំ) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និង ២- ៣ (បី) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ។ ក្នុងពេលចុះបំពេញបេសកកម្ម មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានលិខិតបញ្ជាក់បេសកកម្ម និងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ។ ពាក់បណ្ណសម្គាល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ និងប្រើប្រាស់ឯកសណ្ឋានផ្លូវការរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់។ ប្រើប្រាស់ឯកសណ្ឋានការពារសុវត្ថិភាពក្នុងករណីចាំបាច់។
យោងតាមប្រកាសនេះបានឱ្យដឹងថា៖ «ការចុះត្រួតពិនិត្យចាំបាច់ត្រូវអនុវត្តចំពោះករណីមានការសង្ស័យលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមទីតាំង មិនអនុលោមតាមស្ដង់ដាបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព»។
«ករណីមានបណ្ដឹង ឬមានការសង្ស័យទាក់ទងនឹងហានិភ័យខ្ពស់ ឬការប៉ះពាល់ខ្លាំងដល់គុណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ឬបរិស្ថានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់។ ករណីមានការស្រាវជ្រាវឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ ផ្លូវថ្នល់ មិនគោរពតាមស្តង់ដាបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព និងមិនមានការជូនដំណឹងជាមុនដល់ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់នោះឡើយ»។
ប្រកាសនេះបញ្ជាក់ថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចូលបំពេញការងារនៅក្នុងទីតាំងបាន លុះត្រាតែមានការចូលរួម ឬមានវត្តមានម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ ហើយទីតាំងកំពុងដំណើរការ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវចូលបំពេញការងារនៅក្នុងទីតាំង ដោយបើកចំហជាសាធារណៈ និងនៅក្នុងម៉ោងបំពេញការងារ គឺចាប់ពីម៉ោង ៦ ព្រឹក ដល់មុនម៉ោង ១៨ ល្ងាច។ ការចុះត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់នៅតាមទីតាំងអាចធ្វើឡើងនៅក្រោយម៉ោង ១៨ ល្ងាច និងមុនម៉ោង ៦ ព្រឹកបាន លុះត្រាទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុន។
-ក្នុងករណីពិនិត្យឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬ ការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនអនុលោមតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចាត់វិធានការប្រមូល និងដកហូតភ័ស្តុតាងពាក់ព័ន្ធផ្សេងៗ និងធ្វើកំណត់ហេតុភ្លាមៗនៅនឹងកន្លែង ដោយមានការចូលរួមពិនិត្យពីម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់លើកំណត់ហេតុនោះ។ ចាត់វិធានការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដែលបានបង្ក ឬបណ្តាលឱ្យកើតមានការរំលោភអនុលោមភាពនៃបទប្បញ្ញត្តិ។ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងលើកសំណើចាត់វិធានការមួយ ឬច្រើនដូចជាព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពនៅក្នុងទីតាំងជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណ ដកហូតទុកបណ្ដោះអាសន្ននូវសម្ភារបរិក្ខារ គ្រឿងចក្រដែលពាក់ព័ន្ធនឹងបទល្មើស ឬចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្នុងករណីមិនឯកភាពចំពោះវិធានការ ដែលធ្វើឡើងដោយមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់អាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីវិធានការនៃការព្រមានរបស់មន្ត្រីជំនាញ។ ក្នុងករណីបានពិនិត្យឃើញដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលគ្រប់គ្រាន់សម្រាប់ការពិន័យអន្តរការណ៍មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវរៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ដើម្បីពិនិត្យ និងសម្រេច។
ប្រកាសនេះមានគោលបំណងធ្វើឱ្យប្រសើរលើការគ្រប់គ្រង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងបរិស្ថានល្អសំដៅបង្ការ និងទប់ស្កាត់រាល់អំពើល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្ត៕