ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) និងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅ ប៊ឺកលី សហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ២៣ កុម្ភៈនេះបានប្រកាសអនុវត្តជាផ្លូវការគម្រោង «អភិវឌ្ឍន៍ជំនាញការងារឌីជីថល» រយៈពេល ៥ ឆ្នាំក្រោមមូលនិធិ ១៥ លានដុល្លារអាមេរិកផ្ដល់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឱ្យយុវជនកម្ពុជាទទួលបាននូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល។ យោងតាមសេចក្ដីប្រកាសព័ត៌មាន។
ការប្រកាសអនុវត្តជាផ្លូវការនូវគម្រោង «អភិវឌ្ឍន៍ជំនាញការងារឌីជីថល» នេះធ្វើឡើងក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W.Patrick Murphy កាលពីថ្ងៃទី ២៣ ខែកុម្ភៈនេះ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានី ភ្នំពេញ។
«គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជន និងអ្នកជំនាញរបស់កម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាអាចពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវការជំនាញការងារឌីជីថល»។ យោងតាមសេចក្ដីប្រកាស។
សេចក្ដីប្រកាសបានឱ្យដឹងថា គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធីនានាសម្រាប់និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោងនេះក៏នឹងជួយស្ថាប័នទាំងនោះឱ្យបំពេញតាមស្តង់ដាអប់រំ ដែលមានការទទួលស្គាល់ ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុកចិត្ត។
បើតាមសេចក្ដីប្រកាស អាហារូបករណ៍ និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយសម្រាប់គម្រោងថ្មីនេះ ដើម្បីឱ្យនិស្សិត យុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។
គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើនដោយបង្កើតឱកាសការងារតាមរយៈការចុះកម្មសិក្សាក្នុងកិច្ចសហការជាមួយវិស័យឯកជន។ គម្រោងនេះនឹងផ្តល់អាទិភាពខ្ពស់លើបរិយាប័ន្ន ដើម្បីធានាថាយុវជនមកពីគ្រប់មជ្ឈដ្ឋានអាចទទួលបានឱកាសដែលគម្រោងនេះនឹងផ្ដល់ឱ្យ។
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពេលធ្វើជាអធិបតីការអនុវត្តជាផ្លូវការនូវគម្រោងនេះ ដោយបានបញ្ជាក់ថា គោលបំណងនៃគម្រោងនេះគឺដើម្បីកែលម្អលទ្ធផលអប់រំសម្រាប់យុវជន និងអ្នកជំនាញរបស់កម្ពុជាដើម្បីឱ្យប្រទេសកម្ពុជាអាចឆ្លើយតបនឹងបញ្ហាប្រឈមនៃសេដ្ឋកិច្ចឌីជីថលពិភពលោក។
លោក ហង់ជួន ណារ៉ុន ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនៃការងារដែលពឹងផ្អែកលើចំណេះដឹងនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដូច្នេះ ពិតជាមានសារៈសំខាន់ណាស់ដែលត្រូវរៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់យុវជន និងនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាសម្រាប់ការពិតនៃសេដ្ឋកិច្ចក្នុងពេលថ្មីនេះ។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា៖ «យើងស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលរបស់ USAID ព្រោះវានឹងធ្វើការដោយផ្ទាល់ជាមួយសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា ដើម្បីកែលម្អ និងពង្រឹងគុណភាពនៃកម្មវិធីសិក្សា និងការផ្តល់ជូនវគ្គសិក្សាទាក់ទងនឹងជំនាញ ICT និងលើកកម្ពស់លើការកែលម្អជំនាញទន់ដែលមានសារៈសំខាន់សម្រាប់ការងារនៅក្នុងទីផ្សារការងារ»។
លោករដ្ឋមន្ដ្រីបានលើកឡើងទៀតថា ក្រសួងអប់រំនឹងជួយណែនាំសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅប៊ឺកលី និងមូលនិធិអាស៊ីស្តីពីការកំណត់មុខជំនាញសិក្សាអាទិភាព និងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធដើម្បីធ្វើការវាយតម្លៃ។ ក្រសួងក៏នឹងធ្វើជាគន្លឹះក្នុងការអភិវឌ្ឍកម្មវិធីសិក្សាជាមួយនឹងការធានាគុណភាព និងការស្រាវជ្រាវផងដែរ។
លោកថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ USAID និងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅប៊ឺកលី ដែលបានផ្តល់មូលនិធិ និងអនុវត្តគម្រោង ៥ ឆ្នាំ ដ៏សំខាន់នេះស្តីពីការអភិវឌ្ឍកម្លាំងពលកម្មឌីជីថល។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយដៃគូសំខាន់ៗនៃគម្រោងនេះ»៕