សៀមរាបៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ ២០២៣ ខាងមុខ ថ្វីបើចាប់ពី ២០១៨ ដល់ ២០២១ ក្រសួងអះអាងថា កម្ពុជាគ្មានករណីស្លាប់ដោយជំងឺនេះ និងករណីឈឺមានការធ្លាក់ចុះជាបន្ដបន្ទាប់ក៏ដោយ។
ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងពីថ្ងៃទី ២២ ខែកុម្ភៈ នៅខេត្តសៀមរាបក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
លោក ម៉ម ប៊ុនហេង បានថ្លែងដោយជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេសឱ្យបន្ដខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាពអនុវត្តជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ ២០២៣។ លោកបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមថ្វីដ្បិតតែមានការថយចុះច្រើន តែគ្រប់គ្នាត្រូវពង្រឹងបន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុងក្រោយ។
លោកបានបញ្ជាក់ថា៖ «ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុតដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ ២០២៣»។
ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផលនេះ លោក ម៉ម ប៊ុនហេង បានណែនាំស្ថាប័នពាក់ព័ន្ធ ជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់ ២៤ ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ ១-៣-៧ (រកឃើញករណីវិជ្ជមានត្រូវព្យាបាល និងកំណត់ភូមិសាស្ត្រសម្បុកចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ)។
លោកបានណែនាំបន្តថា៖ «ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ “លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមឆ្នាំ ២០២៣” លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជា អ្នកប្រកបរបរ អ្នកទៅបោះជំរំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃ/ភ្នំ ជាដើម។ ពីពេលនេះទៅខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រសួងទេសចរណ៍ចូលរួមគាំទ្រសកម្មភាពរបស់កម្មវិធីឱ្យបានទូលំទូលាយផងជាចាំបាច់»។
បន្ថែមពីនេះគឺត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន ១០០ ភាគរយ ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័តហើយត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ដោយថ្នាំ Primaquine១៤ ថ្ងៃ នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការណែនាំរបស់លោក ម៉ម ប៊ុនហេង។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានឱ្យដឹងថា ជំងឺគ្រុនចាញ់ក្នុងឆ្នាំ ២០២១ មាន ៤២៧៩ ករណី (អត្រាអាំងស៊ីដង់ ០,២៦/១០០០ ប្រជាជន) គឺមានការថយចុះ ៥៤ ភាគរយ បើប្រៀបធៀបឆ្នាំ ២០២០ ។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា ក្នុងនោះប្រភេទជំងឺគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម (ទម្រង់សន្ធំ) និងចម្រុះ ឆ្នាំ ២០២១ មាន ៣២០ ករណី ដែលជាចំនួនកាត់បន្ថយយ៉ាងគំហុក ៦៦ ភាគរយបើប្រៀបនឹងឆ្នាំ ២០២០ បានន័យថា ឆ្នាំ ២០២១ គឺអត្រាអាំងស៊ីដង់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមតិចជាង ១ មាន ១០០ ភាគរយស្រុកប្រតិបត្តិ។
ចំពោះករណីស្លាប់ដោយសារជំងឺគ្រុនចាញ់វិញ របាយការណ៍នេះបានអះអាងថា៖ «សូន្យតាំងពីឆ្នាំ ២០១៨ មក បានន័យថា សម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់ ៣ ឆ្នាំមុនគោលដៅឆ្នាំ ២០២០។ ករណីជំងឺគ្រុនចាញ់មានរាយប៉ាយជាប្រចាំពេញ ១ ឆ្នាំ ២០២១ ហើយករណីជំងឺកើនខ្ពស់ក្នុងអំឡុងខែមិថុនាដល់ខែសីហា ក្នុងស្រុកប្រតិបត្តិ ៥៥ នៃ ២១ ខេត្តប្រឈម»។
សូមជម្រាបថា តាមរបាយការណ៍នេះអត្រាអាំងស៊ីដង់ជំងឺគ្រុនចាញ់គ្រប់ប្រភេទក្នុងចំណោមប្រជាជន ១ ០០០ នាក់ តិចជាង ១ មាន ៩១ ភាគរយស្រុកប្រតិបត្តិនិងអត្រាអាំងស៊ីដង់ជំងឺធំជាង ឬស្មើ ១ នៅសល់តែ ៩ ស្រុកប្រតិបត្តិ ដែលចុះពីឆ្នាំ ២០២០ មាន ១១ ស្រុកប្រតិបត្តិ និងឆ្នាំ ២០១៩ មាន ២៥ ស្រុកប្រតិបត្តិ។
ស្រុកប្រតិបត្តិចំនួន ៩ ដែលមានអត្រាអាំងស៊ីដង់ជំងឺខ្ពស់មានស្រុកប្រតិបត្តិសែនមនោរម្យ (អត្រាអាំងស៊ីដង់ ៤,៩២) ស្រុកប្រតិបត្តិស្ទឹងត្រែង (អត្រាអាំងស៊ីដង់ ២,៧០) ស្រុកប្រតិបត្តិក្រវាញ (អត្រាអាំងស៊ីដង់ ២,៤២) ស្រុកប្រតិបត្តិភ្នំស្រួច (អត្រាអាំងស៊ីដង់ ២,១៩) ស្រុកប្រតិបត្តិកំពង់ស្ពឺ (អត្រាអាំងស៊ីដង់ ២,១៦) ស្រុកប្រតិបត្តិក្រគរ (អត្រាអាំងស៊ីដង់ ២,១៦) ស្រុកប្រតិបត្តិបានលុង (អត្រាអាំងស៊ីដង់ ១,៨១) ស្រុកប្រតិបត្តិឧដុង្គ (អត្រាអាំងស៊ីដង់ ១,១៣) និងស្រុកប្រតិបត្តិក្រចេះ (អត្រាអាំងស៊ីដង់ ១,០១)។
នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន៕