ភ្នំពេញ: អន្តរក្រសួង និងធនាគារពិភពលោក (WB) កំពុងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅក្នុងក្រុង និងស្រុកនៅក្នុងខេត្តចំនួន ៥ ក្រោមការផ្ដល់ហិរញ្ញប្បទានពី WB ដែលមានទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ សម្រាប់រយៈពេល ៦ ឆ្នាំ។
លោក នូវ និត ប្រធានការិយាល័យមុខងារ និងធនធាននៃមុខងារនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែកុម្ភៈថា គម្រោងនេះបាននិងកំពុងសិក្សា និងប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋាន ដើម្បីចរចាបញ្ចប់គម្រោងនេះនៅអំឡុងខែមីនា ឆ្នាំ ២០២២ មុននឹងចាប់ផ្តើមអនុវត្ត។ គម្រោងនេះអនុវត្តដោយអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ WB ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅដូចជា ខេត្តសៀមរាប (ក្រុងសៀមរាប) ខេត្តកណ្តាល (ក្រុងតាខ្មៅ) ខេត្តកំពង់ស្ពឺ (ក្រុងច្បារមន) ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
បើតាម លោក នូវ និត គម្រោងនេះគាំទ្រថវិកាចំនួន ៦០ លានដុល្លារ ពី WB។ គម្រោងនេះត្រូវបានសិក្សាចាប់តាំងពីចុងឆ្នាំ ២០១៩ ប៉ុន្តែ ដោយសារជំងឺកូវីដ ១៩ បានធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការអនុវត្ត។ ក្រោយអនុវត្តគម្រោងនេះ នឹងធ្វើឱ្យក្រុង និងស្រុកនៅក្នុងខេត្តគោលដៅទាំង ៥ នោះ មានទីលានចាក់សំរាមត្រឹមត្រូវ និងស្តង់ដាបច្ចេកទេសខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈកាន់តែល្អប្រសើរ ជាពិសេសអាចកែច្នៃសំរាមនោះទៅជាជីកំប៉ុស និងមានកន្លែងទុកដាក់ត្រឹមត្រូវ និងដោយធ្វើការញែកប្រភេទសំរាមចេញពីគ្នា។
លោកថ្លែងថា៖ «ធម្មតាសំរាមនៅពេលដែលយើងចាក់នៅទីវាល ឬរណ្តៅ វានឹងជះក្លិនដល់ប្រជាពលដ្ឋដែលនៅជិតខាង និងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋ និងធ្វើឱ្យទឹកកខ្វក់ហូរចូលប្រឡាយ បឹងបួ ជាដើម។ ដូច្នេះ គម្រោងនេះនឹងចូលរួមការពារទាំងអស់ ព្រោះមានលូដែលគេធ្វើរួចហើយ»។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២១ ខែកុម្ភៈ បង្ហាញថា អន្តរក្រសួងបានសហការជាមួយក្រុមការងារ WB លោករៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ជាច្រើនលើក និងបានចូលរួមពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោងមួយចំនួនរួមមាន ១- ឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម ២-របាយការណ៍ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមបឋម សម្រាប់ជម្រើសសាងសង់ទីលានទុកដាក់សំរាមខេត្តសៀមរាប ៣- ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី ៤- ឯកសារក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច និង ៥- ឯកសារគោលនយោបាយគ្រប់គ្រងការងារ។
រាជរដ្ឋាភិបាលមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព និងសុខុមាលភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញឱ្យរដ្ឋបាលក្រុង-ស្រុករៀបចំទីលានផ្ទាល់ ឬទីលានតំបន់ដែលអាចគ្រប់គ្រងសំរាមមានប្រសិទ្ធភាព និងអាចទាញធនធាន ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលបានបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាមសំណល់រឹងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលមានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង៕