ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២១ អង្គភាពច្រកចេញចូលតែមួយនៅទូទាំង ២៥ រាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋជាង ៤៤ ម៉ឺនសេវា និងទទួលបានចំណូលជាង ២១ លានដុល្លារ ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដាក់ទិសដៅឱ្យបន្តធ្វើកំណែទម្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។
ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» កាលពីថ្ងៃទី ២២ ខែកុម្ភៈ លោក ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អង្គភាពច្រកចេញចូលតែមួយ ទូទាំង ២៥ រាជធានី-ខេត្ត បានផ្តល់សេវាចំនួន ៤៤២ ១០៨ សេវាលើ ១៤ វិស័យ និងរកចំណូលបានជាង ២១ លានដុល្លារ។
លោកបន្តថា ដោយឡែកចំពោះការិយាល័យច្រកចេញ-ចូលតែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ គោលដៅ បានផ្តល់សេវារដ្ឋបាលចំនួន ៧៥០ ៨៦៩ សេវាលើ ១៤ វិស័យ និងទទួលបានចំណូលជាង ៣ លានដុល្លារ។
លោក ប៉ោ ភក្តិ បានបន្ថែមថា ចំពោះការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ គោលដៅបានទទួលបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១ ៤១៧ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ ករណី បញ្ចប់ការដោះស្រាយ ៧៧៩ ករណី បណ្តឹងក្រៅសមត្ថកិច្ចចំនួន ២៧០ ករណី និងព័ត៌មានផ្សេងៗមានចំនួន ៣៣ ករណី។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០ គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១១ ៩០៩ ករណី ដែលក្នុងនោះបណ្តឹងនៅក្នុងសមត្ថកិច្ច ៣០៥ ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ ករណី និងព័ត៌មានផ្សេងៗ ១១ ៣៨៦ ករណី។
លោកបន្តថា ក្នុងនោះក្រសួងមហាផ្ទៃបានផ្តល់ការគាំទ្រដល់ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងការអភិវឌ្ឍសមត្ថភាពជាប្រចាំដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបំពេញការងារ និងផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះដែរ លោក ប៉ោ ភក្តិ បានដាក់ទិសដៅការងារដោយបន្តខិតខំជំរុញការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០៣០ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ លោកបន្តថា៖ «បន្តខិតខំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធានាការលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល»។
បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំគោលការណ៍បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពសាមញ្ញ និងងាយស្រួល និងមានសុពលភាពក្នុងការអនុវត្ត។ បន្តសហការ ផ្សព្វផ្សាយ ផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីទើបជ្រើសរើសថ្មី និងមន្ត្រីកំពុងបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋអំពីគោលការណ៍ និងលិខិតបទដ្ឋានថ្មីៗទាក់ទិននឹងការអនុវត្តការងារ។
លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានថ្លែងថា ការធ្វើកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ជាពិសេសភាពងាយស្រួលមិនសាំញ៉ាំ ឆាប់រហ័ស តាមរយៈយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ពិតជាកំណែទម្រង់ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន ធ្លាប់ថ្លែងថា តាមការសង្កេតរបស់លោក ច្រកចេញចូលតែមួយនេះ ជាកន្លែងដែលផ្តល់សេវាកម្មផ្នែករដ្ឋបាលដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។
លោក ប៉ា ច័ន្ទរឿន ថ្លែងថា៖ «ដូច្នេះប្រសិនបើពង្រីកវិសាលភាពទំហំការងារ និងប្រសិទ្ធភាពការងារនៅច្រកនេះឱ្យបានមួយកម្រិតទៀតជាការល្អក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយជាបទពិសោធកន្លងមក ប្រជាពលរដ្ឋទៅទទួលសេវានោះគាត់ពេញចិត្ត ដោយសារនៅទីនោះមានព័ត៌មានគ្រប់គ្រាន់»។
លោកបន្តថា ច្រកចេញចូលតែមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅមូលដ្ឋាន ហើយលោកជំរុញដល់មន្ត្រីបន្តពង្រឹងប្រសិទ្ធភាពបន្ថែមទៀត ចៀសវាងមានការរិះគន់ ឬថ្នាំងថ្នាក់ពីពលរដ្ឋមូលដ្ឋាន៕