ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់កំពុងរៀបចំកែលម្អសួនច្បារ ដាក់ភ្លើងពណ៌ លាបថ្នាំ នៅតាមខឿន រៀបចំផ្លូវកៅស៊ូ សំខាន់ៗ រៀបចំបណ្តាញលូ ប្រព័ន្ធលូរំដោះទឹកស្អុយ អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងរៀបចំកែលម្អការដាក់ស្លាកផ្សព្វផ្សាយឱ្យមានរបៀបរៀបរយក្នុងទីក្រុង ដើម្បីសោភណភាពស្អាត ដោយរំពឹងថានឹងឈ្នះការប្រឡងប្រណាំងទីក្រុងស្អាតទទួលបានរំដួល ៣ ទង។
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ ថ្លែងនៅថ្ងៃទី ២៣ ខែកុម្ភៈថា ក្នុងរយៈពេលជាង ៤ ខែមកនេះ ក្រោមការដឹកនាំរបស់លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មីកំពុងមានការកែលម្អសួនច្បារប្របមាត់ស្ទឹង រៀបចំភ្លើងពណ៌ លាបថ្នាំពណ៌តាមខឿន ក៏ដូចជារៀបចំថ្នល់កៅស៊ូដែលជាផ្លូវអាទិភាពសំខាន់នៅក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបណ្តាញលូផងដែរ។
លោកប្រាប់ថា ការរៀបចំកែលម្អសោភណភាពក្រុងនេះ ក្នុងគោលបំណងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ។
លោក លាង ទិតដ្ឋាន ឱ្យដឹងទៀតថាក្នុងការកែលម្អទីក្រុងនេះ រដ្ឋបាលខេត្តក៏មានការរៀបចំឱ្យមានកន្លែងទុកដាក់សំណល់សំរាមរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយ ក៏ដូចជាអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងរៀបចំកែលម្អការដាក់ផ្ទាំងផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូរថ្មី និងមានរបៀបរៀបរយផងដែរ។
លោកថ្លែងថា៖ «ការធ្វើនេះគឺដើម្បីជួយជំរុញ ក៏ដូចជាការវាយតម្លៃដល់ទីក្រុងស្អាតរបស់យើងដែលយើងតែងតែខំប្រឹងប្រែងគ្រប់ស្ថាប័នទាំងអស់ គឺដើម្បីឱ្យខេត្តយើងទទួលបានរំដួល ៣ ទង ព្រោះកន្លងមក យើងបានតែ ២ ទងទេ ហើយសង្ឃឹមថា ឆ្នាំនេះមានការផ្លាស់ប្តូរច្រើនអ៊ីចឹង យើងអាចទទួល ៣ ទង»។ លោក ទិតដ្ឋាន ប្រាប់ថា លោកអភិបាលខេត្តឱ្យផ្តោតលើការដាក់អំពូលភ្លើង LED រៀបដាក់តាមដងផ្លូវដែលមានអំពូលបំភ្លឺ និងភ្លើងពណ៌នៅដងផ្លូវសំខាន់ៗ ជាក់ស្តែងមានការដាក់រួចរាល់នៅផ្លូវ ១០១ និងផ្លូវ ១០២ និងផ្លូវដទៃផ្សេងទៀតកំពុងបន្តដាក់រហូតដល់ពេញទីក្រុង។
តាមការណែនាំរបស់អភិបាលខេត្ត គឺមិនត្រឹមតែនៅក្នុងក្រុងទេដែលត្រូវរៀបចំដាក់អំពូលភ្លើងឱ្យភ្លឺគ្រប់កន្លែង សូម្បីនៅតាមបណ្តាស្រុកក៏នឹងត្រូវរៀបចំដាក់អំពូលភ្លើងផងដែរ។ លោកថ្លែងថា៖ «ខ្ញុំអត់ដឹងពីចំនួនអំពូលទេ ប៉ុន្តែបើតាមប្រសាសន៍របស់គាត់ [អភិបាលខេត្ត] គាត់នឹងរៀបចំឱ្យភ្លឺទាំងអស់ទាំងនៅក្នុងក្រុង ក៏ដូចជានៅតាមបណ្តាស្រុក»។
លោក ស៊ីម រតនៈ ប្រជាពលរដ្ឋម្នាក់នៅក្នុងក្រុងពោធិ៍សាត់បានឱ្យដឹងនៅថ្ងៃទី ២៣ ខែកុម្ភៈថា លោកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ចំពោះការរៀបចំកែលម្អក្រុងឱ្យកាន់តែស្អាត ជាពិសេសគឺការរៀបចំដាក់ឱ្យមានភ្លើងបំភ្លឺផ្លូវ និងភ្លើងពណ៌ផ្សេងៗ ដែលមើលទៅមានភាពទាក់ទាញ និងស៊ីវីល័យ។
លោកបន្តថា ការរៀបចំឱ្យមានភ្លើងបំភ្លឺនេះក៏ជាផ្នែកមួយជួយដល់ការប្រកបរបររកស៊ីនៅពេលយប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនក៏ដូចជាបង្កភាពងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ។ លោកថ្លែងថា៖ «អ្នកខ្លះគាត់ធ្វើការងាររកស៊ីពេលយប់បើមានភ្លើងមានអ៊ីចឹងវាស្រួល ហើយបើអត់ភ្លើងក៏ពិបាកដែរ ព្រោះត្រូវប្រើម៉ាស៊ីនខ្លួនឯងទិញសាំងចាក់ ហើយឥឡូវសាំងឡើងថ្លៃទៀត អ៊ីចឹងត្រូវចំណាយច្រើន តែបើគាត់ដាក់ភ្លើងដាក់អ៊ីចឹងទៅវាធូរដែរដោយសារភ្លើងរដ្ឋវាមិនសូវថ្លៃអីប៉ុន្មានទេ»៕