ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បង្កើត​អេហ្វ (App) ប្រព័ន្ធ​រាយការណ៍​ឌីជីថល​ឈ្មោះថា «CMAC Helps» ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការរាយការណ៍​មក​អង្គភាព​ CMAC​ នៅពេល​ជួបប្រទះ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយ​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក CMAC​។

លោក ហេង រតនា ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២៤ កុម្ភៈ​ថា អង្គភាព CMAC សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការរាយការណ៍​មក​អង្គភាព នៅពេល​ជួបប្រទះ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​អង្គភាព CMAC បាន​បង្កើត​អេហ្វ (App) ដែលជា​ប្រព័ន្ធ​រាយការណ៍​ឌីជីថល មាន​ឈ្មោះថា «CMAC Helps» ហើយនឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

លោក​ថ្លែងថា តាមរយៈ​ប្រព័ន្ធ អេហ្វ «CMAC Helps» នេះ​ប្រជាពលរដ្ឋ គ្រាន់តែ​ថតរូប​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឬ​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​ដែល​ប្រទះឃើញ គ្រាប់មីន ឬ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រួច​ផ្ញើមក​អង្គភាព CMAC តាមរយៈ​អេហ្វ​នេះ ក្រុមការងារ​អាចឆ្លើយតប​បន្ទាន់ ឬ​ធ្វើការ​ទំនាក់ទំនង​ទៅ​ភ្លាម​ដើម្បី​បោសសម្អាត​។ អេហ្វ​ដែលជា​ប្រព័ន្ធ​រាយការណ៍​ឌីជីថល «CMAC Helps»​នេះ ប្រជាពលរដ្ឋ​គ្រាន់តែ​ទាញយក (Download Application) ដែលមាន​ស្លាក​សញ្ញា​logo CMAC ដែលមាន​ឈ្មោះថា «CMAC Helps» ទៅក្នុង​ទូរស័ព្ទ​ដៃ (smart phone) ទាំង​ប្រភេទ​ប្រភេទ Andriod និង iOS ជា​ការស្រេច​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​អ្នកបច្ចេកទេស​នឹង​ផ្តល់​ការពន្យល់​លម្អិត​នៅពេល​ឆាប់ៗ​នេះ​បន្ថែមទៀត​លើ​ការប្រើប្រាស់​អេហ្វេ​ប្រព័ន្ធ​រាយការណ៍​នេះ​»​។

លោក ហេង រតនា បានឱ្យដឹងថា អេហ្វ ប្រព័ន្ធ​រាយការណ៍​ឌីជីថល «CMAC Helps» នេះ បានផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នូវ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដើម្បី​ងាយស្រួល​បានទទួល​ព័ត៌មាន ដូចជា ការផ្ដល់​ប្រឹក្សា​យោបល់​ភ្លាមៗ​ក្នុង​ការបង្ការ​គ្រោះថ្នាក់ និង​ការឆ្លើយតប​ជួយសង្គ្រោះ​។ អេហ្វ​នេះ​នឹង​កាន់តែ​បង្កើត​ប្រសិទ្ធភាព​ក្នុង​ការផ្ដល់​សេវា​លើ​វិស័យ​មីន​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​អេហ្វ​នេះ ប្រជាពលរដ្ឋ​នៅពេល​ឃើញ​គ្រាប់មីន ឬ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កន្លែង​ណាមួយ ពលរដ្ឋ​អាច​ថត​រូបភាព​ពី​ចម្ងាយ ហើយ​ផ្ដល់ព័ត៌មាន​ពី​ទីតាំង​ដែល​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ ឬ​គ្រាប់មីន​នោះមក​អង្គភាព​ស៊ីម៉ាក់ ដើម្បីឱ្យ​ក្រុមការងារ​សម្របសម្រួល​កម្លាំង​ឆ្លើយតប​ទាន់ពេលវេលា​។ វិធី​នេះ​មាន​ភាពរហ័ស និង​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ជាង​មុន​លើ​ការដោះស្រាយ​បញ្ហា​មីន​នេះ​»​។

លោក រតនា បានឱ្យដឹងថា ការបង្កើត ប្រព័ន្ធ​រាយការណ៍​ឌីជីថល​ឈ្មោះថា «CMAC Helps» នេះ​គឺ​ក្រុមការងារ​បច្ចេកទេស​របស់​អង្គភាព​ស៊ីម៉ាក់​បាន​ស្រាវជ្រាវ​បង្កើតឡើង​រយៈពេល​ជិត​ ១ ​ឆ្នាំ​មកហើយ ដែល​នឹង​ត្រៀម​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​១ ខែមីនា ខាងមុខនេះ​។

លោក​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ និង​បណ្ដាញ​ផ្សព្វផ្សាយ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​រាយការណ៍​ឌីជីថល​ឈ្មោះថា «CMAC Helps» នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ទាញយក​កម្មវិធី​នេះ​ដាក់​នៅក្នុង​ទូរស័ព្ទ និង​ប្រើប្រាស់​សេវា​នេះ​ក្នុង​ការគាំទ្រ​លើ​ការកាត់បន្ថយ​ការ​គាំរាមកំហែង គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា​។

បើតាម​អង្គភាព CMAC សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន បានចាប់កំណើត​នៅ​ឆ្នាំ​ ១៩៩៥ ដែល​កាលនោះ ទោះបីជា​អង្គការ​សហប្រជាជាតិ (UN) បានបញ្ចប់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ១៩៩៣ ​ហើយ​រាជរដ្ឋាភិបាល​ថ្មី​បាន​ដំណើរការ​ដឹកនាំ​ប្រទេស​តាម​គន្លង​ថ្មី​ក៏ដោយ ក៏​សង្គ្រាមស៊ីវិល​រវាង​ពួក​ខែ្មរ​ក្រហម​ដែល​មិន​ព្រម​ចូលរួម​បោះឆ្នោត បន្ត​ប្រយុទ្ធ​ជាមួយ​កម្លាំង​រាជរដ្ឋាភិបាល​កាន់តែ​ខ្លាំងក្លា​ឡើង ជាពិសេស​តំបន់​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។

កាលនោះ​ទាំង​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​បាន​ទទួល​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ប្រមាណ​ជាង​ ៤ ០០០ ​នាក់ ក្នុង ១ ​ឆ្នាំៗ ហើយ​ទុក្ខវេទនា​ដោយសារ​គ្រាប់មីន​ដ៏ធ្ងន់ធ្ងរ​បំផុត​នេះ​បាន​ជំរុញ​ឱ្យ​អង្គភាព CMAC បង្កើន​សកម្មភាព​អប់រំ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន កាន់តែ​សកម្ម​ថែមទៀត​ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ​។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​សោកនាដកម្ម​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​មួយចំនួនទៀត ជាហេតុ​នាំឱ្យមាន​ចលនា​អន្តរជាតិ​ដ៏ធំ​មួយ​ក្នុងការ​បង្កើត​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការហាមប្រាម​ការប្រើប្រាស់ ការស្តុកទុក ការដឹកជញ្ជូន​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៧ នៅ​ក្រុង​អូតាវ៉ា ប្រទេស​កាណាដា ដែល​បច្ចុប្បន្ន​មាន​រដ្ឋ​ហត្ថលេខី​ចំនួន ១៦៤ ​ប្រទេស និង​រដ្ឋ​សមាជិក​ចំនួន ១៣៣ ​ប្រទេស​។

CMAC បានឱ្យដឹងថា សមិទ្ធផល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ដែល​សកម្មភាព​នៃ​ទិវា​អប់រំ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដោយសារ​មីន​នៅ​កម្ពុជា ដែល​ចាប់កំណើត​នៅ​ឆ្នាំ​ ១៩៩៥ ជា​ចលករ​យ៉ាងសកម្ម​បំផុត​ក្នុង​ការរួមចំណែក​បង្កើត​ឱ្យមាន​អនុសញ្ញា​អន្តរជាតិ​នេះ​ឡើង​។

នៅ​ឆ្នាំ​ ១៩៩៩ អង្គភាព CMAC ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន បានសម្រេច​បង្កើត​ទិវាជាតិ​អប់រំ​ផ្សព្វផ្សាយ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​នេះ​ឡើង សំដៅ​ពង្រឹង​ការងារ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ឱ្យក្លាយ​ជា​ម្ចាស់​លើ​បញ្ហា​គ្រាប់មីន​ទាំងអស់គ្នា​។ ផ្អែកទៅលើ​ទស្សនវិស័យ​វែងឆ្ងាយ និង​យុទ្ធសាស្ត្រ​របស់​សម្តេច​តេជោ​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​នេះ អង្គភាព CMAC បានធ្វើ​សកម្មភាព​យ៉ាងសកម្ម ហើយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន គ្រប់​ស្រទាប់​បាន​ផ្លាស់ប្តូរ​ឥរិយាបថ និង​បាន​ចូលរួម​នៅក្នុង​ចលនា​នេះ​។

បច្ចុប្បន្ននេះ ទាំង​ប្រជាពលរដ្ឋ​ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​កងកម្លាំង​ប្រដាប់អាវុធ ជាពិសេស​កងកម្លាំង​ប៉ុស្តិ៍​នគរបាលជាតិ និង​អាជ្ញាធរ​មីន ប្រតិបត្តិករ​កម្ចាត់មីន បានរួម​កម្លាំង​គ្នា និង​បាន​ដំណើរការ​ភារកិច្ច​របស់ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅ អង្គភាព CMAC បានផ្តល់​ការអប់រំ​បាន​ជាង ៥០០ ០០០ ​ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ជាង ១,២ ​លាន​នាក់ ទទួល​បាន​សារ​អប់រំ​ដោយផ្ទាល់ ហើយ​ក្នុង​ឆ្នាំ ​២០២២ នេះ អង្គភាព CMAC មាន​ផែនការ​អប់រំ​ផ្សព្វផ្សាយ​ដល់ ៥៥០ ០០០​ ខ្នងផ្ទះ និង​អាចមាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១,៦ ​លាន​នាក់​នឹង​ទទួលបាន​សារ​អប់រំ​ផ្ទាល់​។

CMAC បានឱ្យ​ដឹងថា មកទល់​ឆ្នាំ​ ២០២២​ នេះ អង្គភាព​ជាតិ​ស៊ីម៉ាក់​មាន​អាយុ ៣០ ​ឆ្នាំ ហើយ (១៩៩២-២០២២)​។ ក្នុង​រយ:ពេល ៣០ ​ឆ្នាំនេះ អង្គភាព​បាន​ឆ្លងកាត់​បទពិសោធ​ក្នុងការ​ដោះស្រាយ​វិបត្តិ​ក្រោយ​សង្គ្រាម លើ​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម រួមមាន គ្រាប់មីន​ប្រឆាំង​មនុស្ស ដែលមាន​ប្រមាណ ៤-៦ ​លានគ្រាប់ គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ប្រមាណ ៣០​ លាន​កូនគ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ (​ទម្ងន់​សរុប​ប្រមាណ ២ ​លាន ៧៨ ​ម៉ឺន​តោន​) និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រាប់​ប្រភេទ​ដទៃ​យ៉ាងច្រើន​។

ក្នុង​រយ:ពេល​នេះ អង្គភាព CMAC សម្រេច​រំដោះ​ផ្ទៃដី​ជិត ២ ​ពាន់​គីឡូ​ម៉ែត្រការ៉េ រកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​គ្រាប់​គ្រប់​ប្រភេទ​ជិត​ ៣ ​លានគ្រាប់​គឺ​ប្រមាណ ៧៥ ​ភាគរយ​នៃ​លទ្ធផល​សរុប​រួម​នៃ​សកម្មភាព​មីន​ទាំងមូល​។ សកម្មភាព​របស់​អង្គភាព CMAC ទាំងអស់ សុទ្ធតែ​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នា ទាំង​ការងារ​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន ការជួយ​គាំទ្រ​ជនពិការ​ដោយសារ​មីន កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​ការអភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសម្អាត​មីន​រួច ជាមួយ​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

បើតាម CMAC ដោយសារ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​មាន​ទំហំធំធេង ដូចនេះ មិនអាច​សម្រេចបាន​គ្រប់​ទិដ្ឋភាព​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្នុង​រយៈពេល​ដូចគ្នា​នោះទេ​។

ផ្នែក​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល អង្គភាព CMAC បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ ៤ ​ឆ្នាំ (២០២២-២០២៥) រំដោះ​ផ្ទៃដី​​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស ដែល​បានដឹង និង​មាន​កំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង ៧០០ ​គីឡូម៉ែត្រ​ការ៉េ​លើ​ចំនួន​នៅសល់​ប្រមាណ ៨០០ គីឡូម៉ែត្រ​ការ៉េ គឺ​ប្រមាណ ៩០ ​ភាគរយ​នៃ​បញ្ហា​គ្រាប់មីន​ដែល​នៅ​សេសសល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

វីដេអូ៖