ភ្នំពេញៈ កម្ពុជា និងម៉ាឡេស៊ី បញ្ជាក់ជំហរជាថ្មី ជំរុញឱ្យមីយ៉ាន់ម៉ាអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់មេដឹកនាំអាស៊ាន ឱ្យមានប្រសិទ្ធភាព និងឱ្យបានទាន់ពេលវេលាដើម្បីស្តារប្រទេសនេះឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ។
ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ដាតុ ស្រ៊ីអ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប (Dato'' Sri Ismail Sabri bin Yaakob) នាថ្ងៃទី ២៤ ខែកុម្ភៈនៅវិមានសន្តិភាពក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី បន្ទាប់ពីជំនួបនេះបញ្ជាក់ថា៖ «នាយករដ្ឋមន្ត្រីទាំង ២ បានគូសបញ្ជាក់ពីសារៈសំខាន់ចាំបាច់ក្នុងការធានានូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ាន (5PC) ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ម៉ាឡេស៊ីបានសម្តែងនូវការគាំទ្រយ៉ាងពេញលេញចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា»។
លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបនេះថា៖ «យើងទាំង ២ ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ជាពិសេសការជំរុញការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា»។
មេដឹកនាំទាំង ៥ បានបញ្ជាក់សាជាថ្មីអំពីការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងមានខ្លឹមសារ ស្របជាមួយនឹងច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) តាមពេលវេលាដែលមានការឯកភាពគ្នា។ មេដឹកនាំទាំង ២ ក៏បានលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងបណ្តាប្រទេសដៃគូក្រៅតំបន់ក្នុងក្របខ័ណ្ឌនៃទស្សនទានអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។
បើយោងតាមសេចក្តីថ្លែងការណ៍រួម លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានលើកឡើងអំពីបញ្ហាជនបាត់បង់ទីលំនៅ និងជនភៀសខ្លួនមកពីរដ្ឋរ៉ាក់ឃីន រួមទាំងជនជាតិរ៉ូហ៊ីងយ៉ានៃប្រទេសមីយ៉ាន់ម៉ាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយមូលហេតុដែលជាឫសគល់នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ ដោយស្ម័គ្រចិត្ត មានសុវត្ថិភាព និងភាពថ្លៃថ្នូរ។
ថ្លែងក្នុងសន្និសីទកាសែត លោក ហ៊ុន សែន បានប្រកាសប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសយើងទាំង ២ នឹងបន្តខិតខំធ្វើការជិតស្និទ្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោកប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងនូវមជ្ឈភាពអាស៊ាន ឯកភាព និងសាមគ្គីភាពអាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក»។
លោក ដាតុ ស្រ៊ីអ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប ថ្លែងក្នុងសន្និសីទកាសែតនេះតាមរយៈការបកប្រែថា ម៉ាឡេស៊ីនឹងបន្តគាំទ្រការខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីកិច្ចការមីយ៉ាន់ម៉ាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាប្រកបដោយភាពពេញចិត្ត។
លោកថ្លែងថា៖ «ម៉ាឡេស៊ី យល់ឃើញថា មីយ៉ាន់ម៉ា គឺជាមិត្តជិតខាង និងជាសមាជិកអាស៊ានដ៏មានតម្លៃ។ ទោះជាយ៉ាងណាក្តី យើងចង់ឃើញមីយ៉ាន់ម៉ា ត្រឡប់ទៅរកប្រក្រតីភាពវិញ។ យើងក៏ចង់ឃើញមីយ៉ាន់ម៉ាសម្រេចបាននូវការអភិវឌ្ឍ និងវឌ្ឍនភាព ដើម្បីប្រជាពលរដ្ឋខ្លួន និងដើម្បីប្រទេសដែលមានសន្តិភាពសុខដុមនីយកម្ម និងវិបុលភាព។ កុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន គឺមានសារៈសំខាន់ណាស់ ដែលជាទិសដៅដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា»។
លោកអំពាវដល់គ្រប់ភាគីទាំងអស់ត្រូវធ្វើការរួមគ្នា អនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានឱ្យមានប្រសិទ្ធភាព៕
វីដេអូ៖