ភ្នំពេញៈ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS និងក្រសួងយុត្តិធម៌បានរៀបចំវគ្គបណ្តុះបណ្តាលលើកដំបូងស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃអន្តរជាតិសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមកម្ពុជា»។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ និងផ្តល់មូលនិធិ ដោយ INL FUND របស់សហរដ្ឋអាមេរិក។
ហ្វេសប៊ុកនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះចែកចេញជា ២ វគ្គ ដែលក្នុង ១ វគ្គ មានរយៈពេល ២ ថ្ងៃកន្លះ ដែលមានព្រះរាជអាជ្ញា និងចៅក្រមមកពី ២៥ ខេត្ត-រាជធានី សរុបចំនួន ៥០ រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំង ២។ នេះគឺជាវគ្គបណ្តុះបណ្តាលលើកដំបូងហើយ ដែលបានរៀបចំបែបនេះជូនព្រះរាជអាជ្ញា និងចៅក្រមនៅព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងកសាងសមត្ថភាពដល់ព្រះរាជអាជ្ញា និងចៅក្រមឱ្យមានចំណេះដឹងមូលដ្ឋានបន្ថែមអំពីការជួញដូរសត្វព្រៃ និងពង្រឹងជំនាញក្នុងការកាត់ក្តីលើបទល្មើសជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធភាព។
ហ្វេសប៊ុកដដែលបានសរសេរថា៖ «វគ្គបណ្តុះបណ្តាលនេះដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះជំនាញរបស់ចៅក្រម ព្រះរាជអាជ្ញា ក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃដែលមានលក្ខណៈអន្តរជាតិ ដោយផ្តោតលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការស្វែងរក និងការវិភាគភ័ស្តុតាង ការចោទប្រកាន់ ជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការផ្តន្ទាទោស»។
លោក កែន សេរីរដ្ឋា តំណាងអង្គការ WCS ប្រចាំកម្ពុជា ថ្លែងនៅថ្ងៃទី ២៤ កុម្ភៈ ថា វគ្គបណ្តុះបណ្តាលនេះបង្កើតឡើង ដើម្បីបង្កើន និងបំពេញបន្ថែមទៅលើសមត្ថភាព និងចំណេះដឹងជាមូលដ្ឋានសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាទាក់ទងនឹងការជួញដូរសត្វព្រៃ ពិសេស ពង្រឹងលើជំនាញកាត់ក្តីបទល្មើសជួញដូរសត្វព្រៃក្នុងលក្ខណពិសេសតែម្តង។
លោកបន្តថា ជាការកត់សម្គាល់ក្នុងពេលកន្លងមកឃើញថា ព្រះរាជអាជ្ញា និងចៅក្រម មានការយល់ដឹងពីបញ្ហាការជួញដូរសត្វព្រៃនៅមានកម្រិត។ រីឯការផ្សព្វផ្សាយក៏នៅមានកម្រិតផងនោះ ទើបភាគច្រើនចៅក្រម និងព្រះរាជអាជ្ញា ច្រើនយកច្បាប់ព្រៃឈើណាមួយមកពិនិត្យក្នុងការដោះស្រាយក្តីប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះ គឺយើងយករឿងទាំងអស់មកជជែកគ្នា បានដឹងថា តើ វាមានក្របខ័ណ្ឌច្បាប់អីខ្លះទៀត ក្រៅពីច្បាប់ព្រៃឈើ និងច្បាប់កិច្ចការពារបរិស្ថានឬក៏ច្បាប់តំបន់ការពារធម្មជាតិ។ ថា តើមានច្បាប់ មានអនុសញ្ញា លក្ខខណ្ឌអីផ្សេងទៀត ដែលជាទិដ្ឋភាពច្បាប់ ដើម្បីឱ្យចៅក្រម និងព្រះរាជអាជ្ញាអាចយកទៅពិនិត្យបន្ថែម»។
លោកតំណាងអង្គការ WCS ប្រចាំកម្ពុជាបានលើកឡើងថា ការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ គឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងធំៗជាច្រើនចំពោះការងារអភិរក្សជីវចម្រុះ។ លោកបញ្ជាក់ថា ដើម្បីកាត់បន្ថយ និងឈានដល់ការបញ្ឈប់ការជួញដូរសត្វព្រៃ អង្គការ WCS នឹងនៅតែបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
លោកបានថ្លែងថា៖ «តុលាការដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ អង្គការ WCS ប្តេជ្ញា និងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់រាល់ការជួញដូរសត្វព្រៃ និងកសាងនូវពិភពលោកមួយ ដែលសត្វព្រៃ និងមនុស្សអាចរស់នៅដោយសុខដុមរមនាជាមួយគ្នាបាន»។
លោក កែន សេរីរដ្ឋា បានប្រាប់ទៀតថា ការជួញដូរសត្វព្រៃអន្តរជាតិ មាន ២ ទិដ្ឋភាពផ្សេងគ្នា ទី ១ គឺ ទិដ្ឋភាពនៃការប្រើប្រាស់ប្រទេសកម្ពុជាជាប្រទេស ឆ្លងកាត់ដើម្បីនាំយកផលិតផលសត្វព្រៃឆ្លងដែនទៅកាន់ប្រទេសដទៃទៀត ដែលមានដូចជា កុយរមាស និងភ្លុកដំរី ជាដើម។
ចំណែកទី ២ លោកថា គឺជាការជួញដូរក្នុងប្រទេស ដែលមានឈ្មួញមកប្រមូលទិញនូវសត្វព្រៃ ដូចជា អណ្តើក ពស់ កន្ធាយ ពង្រូល ឈ្លូស និងជ្រូកព្រៃ ជាដើម៕