មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឈានទៅដល់ការលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ ២០២៣ ខណៈដែលក្នុងរយៈពេល ៤ ឆ្នាំមកនេះ កម្ពុជាគ្មានករណីស្លាប់ដោយជំងឺនេះ និងករណីឈឺមានការធ្លាក់ចុះជាបន្ដបន្ទាប់ផងដែរ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ នៅខេត្តសៀមរាប នាថ្ងៃទី ២៤ ខែកុម្ភៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងនូវអនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ។
នៅក្នុងសន្និបាតរយៈពេលបីថ្ងៃនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញនិងពិភាក្សាគ្នាយ៉ាងផុលផុសដោយពិនិត្យលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងអង្គការដៃគូសុខាភិបាល ដែលជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាសំដៅលុបបំបាត់ ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ ២០២៣។
លោកស្រីបានលើកឡើងថា៖ «សូមជំរុញការអនុវត្តវិធីផ្តល់ថ្នាំបង្ការទុកជាមុន (IPTf) ទៅដល់ក្រុមគោលដៅប្រឈមខ្ពស់ (ចូលព្រៃ) ដើម្បីបង្ការការលេចចេញនូវករណីចម្លងថ្មីៗ ឬបង្ការការចម្លងទៅអ្នកដទៃដែលនៅជិតខាង ឬតំបន់ក្បែរៗក្រុមគោលដៅប្រឈមខ្ពស់នោះ»។
លោកស្រីបានបន្តថា ត្រូវការបង្កើតក្រុមការងារអន្តរខេត្ត ឬអន្តរតំបន់ដែលមានហានិភ័យខ្ពស់ ឬនៅមានករណីគ្រុនចាញ់នៅឡើយ ដើម្បីរួមគ្នាសហការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាក្របខ័ណ្ឌតំបន់ នៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស។
ត្រូវពន្លឿនការបង្កើតក្រុមការងារខាងលើ ដោយធ្វើកិច្ចសហការណ៍ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ជាបែបអន្តរវិស័យ ដើម្បីទប់ស្កាត់ការឆ្លងដល់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេងនៅតាមតំបន់ដែលមានការចម្លងជំងឺគ្រុនចាញ់។
លោកស្រី ឱ វណ្ណឌីន បានបន្តថា៖ «ត្រូវបង្កើនការងារផ្សព្វផ្សាយ អប់រំសុខភាព ជាពិសេសអំពីផលប្រយោជន៍នៃការចូលរួមអនុវត្តន៍ទទួលថ្នាំបង្ការទុកជាមុន និងវិធានការការពារផ្សេងៗទៀតឱ្យបានទូលំទូលាយនៅតាមតំបន់ហានិភ័យនានា»។
រដ្ឋលេខាធិការូបនេះ បានបន្តនូវអនុសាសន៍ទៀតថា ត្រូវបន្តការងារគ្រប់គ្រងព័ត៌មានអ្នកជំងឺគ្រុនចាញ់ ឱ្យបានហ្មត់ចត់ ដោយមានការតាមដានជាប់ជាប្រចាំ និងធ្វើការវាយតម្លៃវឌ្ឍនភាពការងារ ឱ្យបានទាន់ពេលវេលាផងដែរ។
ចំពោះជំងឺគ្រុនឈាម និងគ្រុនឈីក ឬជំងឺផ្សេងៗដែលឆ្លងតាមរយៈមូសខាំ ត្រូវបង្កើនការផ្សព្វផ្សាយពីចំណេះដឹងអំពីរោគសញ្ញា វិធីបង្ការ និងការស្វែងរកព្យាបាលឱ្យបានទាន់ពេលវេលា និងពង្រីកសមត្ថភាពការគ្រប់គ្រងជំងឺគ្រុនឈាម គ្រុនឈីក ឬជំងឺផ្សេងៗដែលអាចកើតមានដោយសារមូសខាំ ជូនដល់មន្ត្រីសុខាភិបាលនៅគ្រឹះស្ថានសុខាភិបាលសាធារណៈ និងសេវាឯកជន។
លោកស្រីក៏បានអំពាវនាវឱ្យមានការបន្តសហការពីដៃគូអភិវឌ្ឈន៍ ដើម្បីបន្តពង្រីកការងារអប់រំសុខភាពតាមសហគមន៍ ដោយពង្រឹង និងពង្រីកការងារថែទាំសុខភាពបឋមនៅតាមសហគមន៍ ដើម្បីបន្តបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាជនក្នុងការកាត់បន្ថយប្រភពមូសខ្លា និងការមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមការពារពីការកកើតឡើងនូវជំងឺដង្កាត់ផ្សេងៗទៀត ទាំងជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគមន៍។
ការលុបបំបាត់ជម្រកមូសខ្លា នៅតែជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ នៅតាមមូលដ្ឋាននៃបណ្តាខេត្តនានា ដើម្បីកាត់បន្ថយការកកើតឡើងច្រើនពេកនូវភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងជំងឺផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។ នេះជាការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន។
ទាក់ទងនឹងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូនវិញ លោកស្រីនៅឱ្យបន្តរក្សាអត្រាគ្របដណ្តប់ផ្តល់ថ្នាំទម្លាក់ព្រូន ដល់ប្រជាជនគោលដៅឱ្យបាន ៩០% យ៉ាងតិច និងបន្តការអប់រំសុខភាពនៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ជាដើម ឱ្យបានទៀងទាត់ផងដែរ៕