ក្នុងរយ:ពេល ៣០ ឆ្នាំមកនេះ អង្គភាពស៊ីម៉ាក់ រកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់គ្រប់ប្រភេទជិត ៣ លានគ្រាប់ ដែលមានប្រមាណ ៧៥% នៃលទ្ធផលសរុបរួមនៃសកម្មភាពមីនទាំងមូល និងបានរំដោះផ្ទៃដីជិត ២ ពាន់គីឡូម៉ែត្រក្រឡា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ក្នុងថ្ងៃខួបទី២៣ នៃទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភ: ថា ឆ្នាំ ២០២២ នេះ អង្គភាពជាតិស៊ីម៉ាក់មានអាយុ ៣០ ឆ្នាំហើយ (១៩៩២-២០២២) ដែលក្នុងរយ:ពេល ៣០ ឆ្នាំនេះ អង្គភាពបានឆ្លងកាត់បទពិសោធន៍ក្នុងការដោះស្រាយវិបត្តិក្រោយសង្គ្រាមលើបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមរួមមានគ្រាប់មីនប្រឆាំងមនុស្ស។
លោកថា៖ «ក្នុងនោះមាន ប្រមាណ ៤-៦ លានគ្រាប់ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះប្រមាណ ៣០ លានកូនគ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ (ទម្ងន់សរុបប្រមាណ ២ លាន ៧៨ ម៉ឺនតោន) និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទដទៃយ៉ាងច្រើន»។
ក្នុងឆ្នាំ ២០២១ កន្លងទៅ អង្គភាពស៊ីម៉ាក់បានផ្តល់ការអប់រំដល់ជាង ៥០០ ០០០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋជាង ១ លាន ២ សែននាក់ ទទួលបានសារអប់រំដោយផ្ទាល់ ហើយក្នុងឆ្នាំ ២០២២ នេះ អង្គភាពស៊ីម៉ាក់មានផែនការអប់រំផ្សព្វផ្សាយដល់ ៥៥០ ០០០ ខ្នងផ្ទះ និងអាចមានប្រជាពលរដ្ឋប្រមាណ ១ លាន ៦ សែននាក់ នឹងទទួលសារអប់រំផ្ទាល់។ នេះបើតាមការលើកឡើងបន្ថែមពី លោក ហេង រតនា។
លោក ហេង រតនា បានឱ្យដឹងថា៖ «សកម្មភាពរបស់អង្គភាពស៊ីម៉ាក់ទាំងអស់សុទ្ធតែធ្វើសមាហរណកម្មជាមួយគ្នា ទាំងការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ការជួយគាំទ្រជនពិការដោយសារមីន កិច្ចប្រតិបត្តិការបោសសំអាតមីន និងការអភិវឌ្ឍសហគមន៍ក្រោយបោសសំអាតមីនរួច ជាមួយផែនការសមាហរណកម្មសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល»។
ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខីចំនួន១៦៤ប្រទេស ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហេង រតនា បានបន្ថែមថា រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកមួយសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័តផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់គឺតម្រង់ទិសសម្រេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះឱ្យខានតែបានត្រឹមឆ្នាំ២០២៥។ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមានទំហំធំធេង ដូចនេះមិនអាចសម្រេចបានគ្រប់ទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងរយ:ពេលដូចគ្នានោះទេ។
លោកថា ៖ «ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ(២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡាគឺប្រមាណ៩០%នៃបញ្ហាគ្រាប់មីនដែលសល់»៕