ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថាស៊ីម៉ាក់ (CMAC) និងអង្គការបម្រើសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នាក្នុងគម្រោងថវិកាជាង ៧១ ម៉ឺនដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីន។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារវាងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Yoshioka Yoshito ប្រធានអង្គការ JMAS ប្រចាំកម្ពុជា នាថ្ងៃទី ២៤ ខែកុម្ភៈ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
ស៊ីម៉ាក់បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២៤ ខែកុម្ភៈ ថា៖ «ចំនួនថវិកាខាងលើនេះ នឹងត្រូវយកទៅអនុវត្តក្នុងគម្រោងកម្មវិធីសមាហរណកម្ម ការបោសសំអាតមីន គាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីនរួចនៅខេត្តបន្ទាយមានជ័យ និងគម្រោងសមាហរណកម្ម ការបោសសម្អាតគ្រាប់បែកចង្កោម គាំទ្រការអភិវឌ្ឍសហគមន៍នៅខេត្តស្ទឹងត្រែង»។
ស៊ីម៉ាក់បញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក អង្គភាពស៊ីម៉ាក់នឹងដាក់ពង្រាយកម្លាំងជាង ១០០ នាក់ ដែលនឹងធ្វើប្រតិបត្តិការលើស្រុកគោលដៅចំនួន ៣ ក្នុងខេត្តបន្ទាយមានជ័យ គឺស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងស្រុកស្វាយចេក និងស្រុកគោលដៅចំនួន ៣ ទៀតក្នុងខេត្តស្ទឹងត្រែង គឺស្រុកសេសាន ស្រុកសៀមប៉ាង និងក្រុងស្ទឹងត្រែង ដែលផែនការនៃការបោសសំអាតផ្ទៃដីប៉ះពាល់គ្រាប់បែកចង្កោមមានចំនួន ១ ២០០ ហិកតា និងផ្ទៃដីចម្ការមីនចំនួនជាង ៤០០ ហិកតា៕