ភ្នំពេញៈ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានរៀបចំកម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ដើម្បីបង្ហាត់បង្ហាញដល់សិស្ស-និស្សិតស្វែងយល់កាន់តែច្បាស់នូវតម្លៃសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការអភិរក្សនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
យោងតាមហ្វេសប៊ុកអាជ្ញាធរជាតិសំបូរព្រៃគុកនៅថ្ងៃទី ២៦ ខែកុម្ភៈនេះ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពលោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស និងមានការចូលរួមពីលោកនាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃ អ.ជ.ស.ព. ព្រមទាំងលោកគ្រូ សិស្ស-និស្សិត សរុប ៦០ នាក់។
អាជ្ញាធរជាតិសំបូរព្រៃគុកបញ្ជាក់ថា៖ «ប្រធានបទសំខាន់ៗចំនួន ២ គឺ «ប្រវត្តិប្រាសាទសំបូរព្រៃគុក» និង «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ត្រូវបានលើកមកធ្វើបទបង្ហាញជូនសិស្ស-និស្សិត និងសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមូល ដោយថ្នាក់ដឹកនាំនាយកដ្ឋានបុរាណវិទ្យា និងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក»។
អាជ្ញាធរនេះបានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនោះក៏បានរៀបចំការបង្ហាញស្តីពី «ការងារអភិរក្សប្រាសាទសំបូរព្រៃគុក» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដោយផ្ទាល់ជូនទៅដល់ក្រុមសិស្ស-និស្សិត ដោយមានការបែងចែកជាក្រុមដឹកនាំក្រុមដោយមន្ត្រី និងបុគ្គលិកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស ដើម្បីងាយស្រួលក្នុងការបង្ហាត់បង្ហាញជូនឱ្យកាន់តែមានភាពច្បាស់លាស់ និងទទួលយល់ដឹងគ្រប់ៗគ្នា។
អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងទៀតថា៖ «គោលបំណងនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្ហាត់បង្ហាញដល់សិស្ស-និស្សិត ដើម្បីស្វែងយល់កាន់តែច្បាស់នូវតម្លៃសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការអភិរក្សនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងបញ្ជ្រាបនូវគំនិតចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះក្នុងបច្ចុប្បន្ន និងទៅអនាគត»៕