ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែនរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជានាថ្ងៃទី ២៧ ខែកុម្ភៈ បញ្ជាក់ថា៖ «រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ»។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងបន្តការសន្ទនា ដើម្បីកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញការជឿជាក់ថា នៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យវិវត្តដល់លែងគ្រប់គ្រងបាន។ សេចក្តីថ្លែងការណ៍បន្តថា ដើម្បីភាពស្ថិតស្ថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិ ស្មើគ្នានៃប្រជាជាតិទាំងអស់។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ២៧ ខែកុម្ភៈថា បញ្ហានៅអ៊ុយក្រែន គឺកើតឡើងដោយកត្តាប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ដោយរុស្ស៊ីតែងតែចាត់ទុកអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនជាផ្នែកមួយនៃអាណាចក្ររុស្ស៊ី។ ការប្រើប្រាស់កងកម្លាំងសព្វាវុធ និងទណ្ឌកម្មមិនអាចដោះស្រាយបញ្ហានេះបានឡើយ ពោលគឺរឹតតែធ្វើឱ្យប្រជាជនអ៊ុយក្រែន និងរុស្ស៊ីកាន់តែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួនកាន់តែច្រើនឡើង។
លោកថ្លែងថា រុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជារដ្ឋអធិបតេយ្យ ដែលនេះតម្រូវឱ្យប្រទេសទាំង ២ បញ្ឈប់សង្គ្រាម និងងាកមករកការចរចាលើតុផ្ទាល់ក៏ដូចជាតាមរយៈការទូតជាមួយនឹងបណ្តាប្រទេសជាសមាជិកណាតូ (NATO) និងសហរដ្ឋអាមេរិក។ លោក ថុង ម៉េងដាវិត ថ្លែងថា៖ «អាស៊ានគោរព និងប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងជំរុញការដោះស្រាយដោយសន្តិវិធី។ អាស៊ានក៏អាចជាតួអង្គសំខាន់ក្នុងការសម្របសម្រួលជាមួយរុស្ស៊ី ក៏ព្រោះតែអាស៊ាន ក៏ជាដៃគូពាណិជ្ជកម្ម សេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៊ីផងដែរ»។
ក្នុងសន្និសីទកាសែតក្រោយជំនួបទ្វេភាគីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ដាតុ ស្រ៊ីអ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប (Dato'' Sri Ismail Sabri bin Yaakob) បានពិភាក្សាគ្នាអំពីបញ្ហានៅអ៊ុយក្រែននេះផងដែរ។ អ្វីដែលភាគីទាំង ២ ចង់ឃើញគឺដំណោះស្រាយដោយសន្តិវិធី។
លោកថ្លែងថា លោក និងលោក អ៊ីស្មាអែល បានបញ្ជាក់ «យ៉ាងច្បាស់» ថា អាស៊ានត្រូវការសំឡេងរួមគ្នាទើបអាស៊ានខ្លាំង។ រាល់ការធ្វើសេចក្តីថ្លែងការណ៍ណាមួយចាំបាច់ត្រូវមានការព្រមព្រៀងជាឯកច្ឆន្ទ (កុងសង់ស៊ីស) ក្នុងចំណោមអាស៊ាន។ លោក ហ៊ុន សែន បន្ថែមថា៖ «ប៉ុន្តែ ព្រឹត្តិការណ៍នៅអ៊ុយក្រែន គឺយើងយកមកពិភាក្សាក្នុងភាពស្ងប់ស្ងៀម។ ឯកឧត្តមនាយករដ្ឋមន្ត្រីអ៊ីស្មាអែល និងខ្ញុំគឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី»។
លោក ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសរុស្ស៊ី ពុំមាននិស្សិតកម្ពុជាបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែននោះទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់ «អតីតសហភាពសូវៀត» ក្នុងរង្វង់ទសវត្សរ៍ទី ៨០ និងដើមទសវត្សរ៍ទី ៩០ ចំនួន ២៣ នាក់ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែនជាមួយគ្រួសាររបស់ពួកគេ។
លោក ជុំ សុន្ទរី ត្រូវបានដកស្រង់សម្តីដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកនាថ្ងៃទី ២៦ ខែកុម្ភៈ ថា៖ «ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅរុស្ស៊ីកំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់»៕