ភ្នំពេញៈ ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យកម្ពុជាអាចបំពេញលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។
លោក ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ កាលពីថ្ងៃទី ២៤ និងថ្ងៃទី ២៦ កុម្ភៈ បានធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រសួង ស្ថាប័នត្រួតពិនិត្យ និងការអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ រៀបចំដោយក្រុមការងារទី ២ (ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការីកសាយភាយអាវុធមហាប្រល័យ) តាមរយៈប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំនេះមានការចូលរួមពីសហប្រធាន សមាជិក សមាជិកានៃក្រុមការងារទី ២ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម តំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងនាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងនោះមានម្នាក់ជា គ្រូឧទ្ទេស និងតំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាសរុប ១០០ នាក់។
លោក ជីវ សុងហាក់ ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៧ កុម្ភៈថា នៅក្នុងការទទួលខុសត្រូវរបស់លោកដែលស្ថិតនៅក្រុមការងារអនុវត្ដទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ គឺត្រូវធ្វើការផ្សព្វផ្សាយទៅបុគ្គល ក្រៅពីបុគ្គលរាយការណ៍ដែលមានចែងនៅក្នុងច្បាប់ទាំង២ គឺច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោកថ្លែងថា៖ «គឺយើងផ្សព្វផ្សាយដល់ក្រសួងស្ថាប័នត្រួតពិនិត្យក្នុងនោះមានដូចជាគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាជាដើម គឺគាត់ជាអាជ្ញាធរមួយលើការគ្រប់គ្រងទៅលើប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះការបណ្ដុះបណ្ដាលដំបូងគឺយើងបណ្ដុះបណ្ដាលដល់មន្ដ្រីនៃស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យគាត់ធ្វើការបណ្ដុះបណ្ដាលផ្សព្វផ្សាយបន្តអំពីការអនុវត្ដច្បាប់ទៅដល់បុគ្គលរាយការណ៍ទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គាត់»។
លោក សុងហាក់ បានឱ្យដឹងថា ការអនុវត្ដកិច្ចប្រជុំផ្សព្វផ្សាយជាបន្តបន្ទាប់នេះ គឺជាការផ្សព្វផ្សាយដែលកម្ពុជាត្រូវបំពេញលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលគេទាមទារថា ឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការផ្សព្វផ្សាយដល់ក្រសួងស្ថាប័នត្រួតពិនិត្យដែលជាមន្ដ្រីមានសមត្ថកិច្ចក្នុងការអនុវត្ដច្បាប់ និងធ្វើការបណ្ដុះបណ្ដាលអប់រំទៅដល់វិស័យឯកជន។
លោកបន្តថា ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងទៅលើប្រតិបត្ដិករ ពួកគាត់ត្រូវធ្វើការងារបណ្ដុះបណ្ដាលបន្តទៅប្រតិបត្ដិកររបស់គាត់ ដើម្បីឱ្យយល់ដឹងអំពីច្បាប់ពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។ លោកថ្លែងថា៖ «យើងធ្វើគ្រប់អង្គភាពទាំងអស់ដែលពាក់ព័ន្ធដើម្បីឱ្យពួកគាត់ធ្វើការផ្សព្វផ្សាយបន្តទៅដល់វិស័យឯកជនឱ្យគាត់បានយល់»។
បើតាមលោក សុងហាក់ នៅថ្ងៃទី ២៨ កុម្ភៈ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយទៀតលើប្រធានបទដដែលទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យរបស់រាជរដ្ឋាភិបាលដែលមិនទាន់បានចូលរួម។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារក្រសួងយុត្តិធម៌ទៅដល់ភាគីពាក់ព័ន្ធគឺជាយន្តការការងារក្នុងការប្រយុទ្ធប្រឆាំងទៅនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោកថ្លែងថា ក្នុងនោះ ផ្ដោតទៅលើយន្តការចំនួន ៣ គឺទី១ យន្តការពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយច្បាប់ទៅដល់ក្រសួង ស្ថាប័ន អង្គភាព និងគោលដៅដែលពាក់ព័ន្ធទាំងអស់។ ទី២ ការពង្រឹងសមត្ថភាព និងធនធានមនុស្សពាក់ព័ន្ធដល់ស្ថាប័ន ឬក៏អង្គភាពដែលមានភារកិច្ចប្រយុទ្ធប្រឆាំងទៅនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ចំណែកចំណុចទី៣ លោកថា៖ «គឺការអនុវត្ដច្បាប់ ដោយផ្ដោតទៅលើសកម្មភាពរបស់មន្ដ្រីនគរបាលយុត្តិធម៌ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងតុលាការក្នុងការអនុវត្ដនីតិវិធីតុលាការ និងការដោះស្រាយសំណុំរឿងក្ដីពាក់ព័ន្ធនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ»។
ក្រុមការងារនៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) ដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌កំពុងពន្លឿន ការអនុវត្ដបេសកកម្មការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អក្នុងការអនុវត្តការងារនេះ។ នេះបើតាមលោក ជិន ម៉ាលីន។
លោកឱ្យដឹងថា ការងារប្រឆាំងការសម្អាតប្រាក់នេះជាការងារបន្ទាន់ពីព្រោះនៅក្នុងខែកុម្ភៈនេះ គឺក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG) នឹងរៀបចំមហាសន្និបាត ហើយនឹងមានការវាយតម្លៃសម្រេចអំពីស្ថានភាព (status) របស់កម្ពុជា ដែលកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីប្រផេះក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕