ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទជិត ៣ លានគ្រាប់ ប្រមាណ ៧៥% នៃលទ្ធផលសរុបរួមនៃសកម្មភាពមីនទាំងមូលក្នុងរយ:ពេល ៣០ ឆ្នាំមកនេះ និងបានរំដោះផ្ទៃដីជិត ២ ពាន់គីឡូម៉ែត្រក្រឡា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកក្នុងថ្ងៃខួបទី ២៣ នៃទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភ:ថា ឆ្នាំ ២០២២ នេះ CMACមានអាយុ ៣០ ឆ្នាំហើយ (១៩៩២-២០២២) ដែលក្នុងរយ:ពេល ៣០ ឆ្នាំនេះ អង្គភាពបានឆ្លងកាត់បទពិសោធក្នុងការដោះស្រាយវិបត្តិក្រោយសង្គ្រាមលើបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមរួមមានគ្រាប់មីនប្រឆាំងមនុស្ស។
លោកថា៖ «ក្នុងនោះមានប្រមាណ ៤-៦ លានគ្រាប់ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះប្រមាណ ៣០ លានកូនគ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ (ទម្ងន់សរុបប្រមាណ ២ លាន ៧៨ ម៉ឺនតោន) និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទដទៃយ៉ាងច្រើន»។
ក្នុងឆ្នាំ ២០២១ កន្លងទៅ CMAC បានផ្តល់ការអប់រំដល់ប្រជាពលរដ្ឋជាង ៥០០ ០០០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋជាង ១ លាន ២ សែននាក់ទទួលបានសារអប់រំដោយផ្ទាល់ ហើយក្នុងឆ្នាំ ២០២២ នេះ CMAC មានផែនការអប់រំផ្សព្វផ្សាយដល់ ៥៥០ ០០០ ខ្នងផ្ទះ និងអាចមានប្រជាពលរដ្ឋប្រមាណ ១ លាន ៦ សែននាក់នឹងទទួលសារអប់រំផ្ទាល់។ នេះបើតាមការលើកឡើងបន្ថែមពី លោក ហេង រតនា។
លោក ហេង រតនា ថ្លែងថា៖ «សកម្មភាពរបស់អង្គភាពស៊ីម៉ាក់ទាំងអស់សុទ្ធតែធ្វើសមាហរណកម្មជាមួយគ្នាទាំងការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ការជួយគាំទ្រជនពិការដោយសារមីន កិច្ចប្រតិបត្តិការបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតមីនរួចជាមួយផែនការសមាហរណកម្មសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល»។
ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខីចំនួន ១៦៤ ប្រទេសក្នុងចំនួននេះមានប្រទេសចំនួន ១៣៣ ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហេង រតនា បានបន្ថែមថា រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកមួយសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័តផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ ២០២៥។ ដូចនេះគោលដៅសំខាន់គឺតម្រង់ទិសសម្រេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះឱ្យខាងតែបានត្រឹមឆ្នាំ ២០២៥។ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមានទំហំធំធេង ដូចនេះមិនអាចសម្រេចបានគ្រប់ទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងរយ:ពេលដូចគ្នានោះទេ។
លោកថា៖ «ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ ៤ ឆ្នាំ (២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង ៧០០ គីឡូម៉ែត្រក្រឡាលើចំនួននៅសល់ប្រមាណ ៨០០ គីឡូម៉ែត្រក្រឡាគឺប្រមាណ ៩០% នៃបញ្ហាគ្រាប់មីនដែលសល់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ជនរួមជាតិក្នុងឱកាសប្រារព្ធខួបលើកទី ២៣ នៃទិវាជាតិយល់ដឹងអំពីមីនថា ទោះបីចំនួនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសបានថយចុះមកនៅត្រឹមតែជាង ៤០ នាក់នៅក្នុងឆ្នាំ ២០២១ ក្នុងរយៈពេលជាង ២៥ ឆ្នាំនេះក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែចាត់ទុកជារឿងទុក្ខសោក និងសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិ។ លោកថា ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៧៩៤ គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិកម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥។ លោកថា៖ «ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាកិច្ចការដ៏ចាំបាច់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ដែលយើងត្រូវតែយកចិត្តទុកដាក់»៕