ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងអង្គការយូណេស្កូ (UNESCO) រួមគ្នាជំរុញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងឌីជីថលនៅកម្ពុជាតាមរយៈការដាក់ឱ្យអនុវត្តគម្រោង «ការបង្កើតក្របខ័ណ្ឌនិងយុទ្ធសាស្ត្រអក្ខកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឌីជីថល (Digital) ថ្នាក់ជាតិ។
គម្រោងនេះគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយទទួលបានជំនួយផ្នែកបច្ចេកទេសពីអង្គការយូណេស្កូប្រចាំកម្ពុជា។
គោលបំណងនៃគម្រោងនេះគឺការបង្កើតចេញនូវក្របខ័ណ្ឌនិងយុទ្ធសាស្ត្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននិងឌីជីថលថ្នាក់ជាតិសម្រាប់បរិបទនៃប្រទេសកម្ពុជា។
គម្រោងនេះមានរយៈពេល១៨ខែ ដែលបានចាប់ផ្តើមអនុវត្តពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងអង្គការយូណេស្កូប្រចាំកម្ពុជា។
លោកអេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់គម្រោងនេះនៅថ្ងៃទី២៨ ខែកុម្ភៈថា ក្របខ័ណ្ឌនិងយុទ្ធសាស្ត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យប្រែក្លាយកម្ពុជា
ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើកមួយតាមរយៈការបង្កើតនូវមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីចូលរួមជំរុញការទទួលយកនិងផ្លាស់ប្តូរឌីជីលគ្រប់ផ្នែកទាំងអស់ ទាំងរដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងពិធីនេះថា គម្រោងនេះបង្កើតសេចក្តីព្រាងឯកសារចំនួន២គឺ ទី១-ក្របខ័ណ្ឌអក្ខរកម្មថ្នាក់ជាតិរួមមួយដែលនឹងកំណត់ពីក្របខ័ណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជានិងការវិវឌ្ឍនៃបច្ចេកវិទ្យានាពេលអនាគតនិងនាពេលបច្ចុប្បន្ន។ទី២គឺយុទ្ធសាស្ត្រលើកកម្ពស់អក្ខរកម្មដែលក្នុងនោះមានកំណត់ចេញនូវភាគីពាក់ព័ន្ធកម្មវិធីជាច្រើនដែលត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។
លោកថ្លែងថា៖ «លទ្ធផលទាំង២នឹងគាំទ្រទៅដល់ដំណើរការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើកក្នុងឆ្នាំ២០៣៥»។
បើតាមរដ្ឋមន្ត្រីរូបនេះ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋកម្ពុជាប្រហែល៣០ភាគរយ ដែលអក្ខរកម្មឌីជីថលកម្រិតមូលដ្ឋានដែលអាចចេះប្រើប្រាស់អ៊ីនធឺណិតប្រើប្រាស់ប្រព័ន្ធឌីជីថលនិងការទទួលយកបច្ចេកវិទ្យាឌីជីថលជាដើម។ចំណែកប្រជាពលរដ្ឋប្រមាណ៧០ភាគរយទៀតនៅមិនទាន់មានការយល់ដឹងនិងប្រើប្រាស់ប្រព័ន្ធនេះឱ្យបានប្រសើរនៅឡើយ។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា៖«គម្លាតដ៏ធំនេះគឺជាបញ្ហាប្រឈមនិងជារនាំងរាំងស្ទះការចាប់យកឱកាសរបស់ប្រជាពលរដ្ឋក្នុងការទទួលប្រយោជន៍ពីបច្ចេកវិទ្យានិងការទទួលបានសេវាសាធារណៈឌីជីថលនាពេលអនាគត»។
យោងតាមអង្គការយូណេស្កូបានឱ្យដឹងថា នៅកម្ពុជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននិងឌីជីថល (MIDL) កំពុងទទួលបានការយល់ដឹងនិងការទទួលស្គាល់កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងវិស័យសំខាន់ៗផ្សេងទៀត តាមរយៈការតស៊ូមតិ និងការកសាងសមត្ថភាព។
អង្គការយូណេស្កូបានឱ្យដឹងថា ការទទួលស្គាល់បែបនេះ អាចត្រូវបានសន្មតថាសមត្ថភាពយល់ដឹងផ្នែកMIDL អាចរួមចំណែកក្នុងការដោះស្រាយបញ្ហានិងកង្វល់នានាដូចជា ការទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការប្រឆាំងព័ត៌ដែលខុសនិងព័ត៌មានមិនពិត។
ទម្រង់MIDL នេះរួមមាន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) រួមទាំងទូរស័ព្ទវៃឆ្លាត(smartphone)។
លោកSardarUmarAlamតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាថ្លែងក្នុងពិធីនេះថា ការចែករំលែកចំណេះដឹង និងព័ត៌មាន ជាពិសេសតាមបច្ចេកវិទ្យាICT និងអ៊ីនធឺណិតនាំមកនូវការផ្លាស់ប្តូរសង្គមនិងសេដ្ឋកិច្ច។
លោកបន្តថា វាជាការសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវទទួលការបំពាក់បំប៉ននូវចំណេះដឹង ជំនាញ និងឧបករណ៍ដ៏ចាំបាច់ដើម្បីឱ្យពួកគេអាចទទួលបានព័ត៌មានដែលពួកគេត្រូវការដើម្បីបន្តរៀនសូត្រក៏ដូចជាបង្កើនជំនាញវិជ្ជាជីវៈដើម្បីឱ្យពួកគេអាចចូលរួមក្នុងការជជែកវែកញែកជាសាធារណៈនៅក្នុងសង្គម ជាពិសេសដើម្បីឱ្យពួកគេអាចធន់ទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតឬក៏ការនិយាយដែលនាំឱ្យមានការស្អប់ស្ពើមតាមប្រព័ន្ធអនឡាញជាដើម៕