ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសបដិសេធថា មិនមានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោនខេត្តព្រះសីហនុនោះទេ។ នេះបើតាមលិខិតប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ។
ការប្រកាសបដិសេធនេះធ្វើឡើងក្រោយពីមានសារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានផ្សព្វផ្សាយព័ត៌មានស្តីពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ កាលពីថ្មីៗកន្លងទៅនេះ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ការផ្សព្វផ្សាយនោះបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្រ្តសង្គម ព្រមទាំងធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិជាច្រើន។
លោក អំ សំអាត នាយករងអង្គការលីកាដូបានថ្លែងនៅថ្ងៃទី ២៨ ខែកុម្ភៈថា រឿងរ៉ាវកើតឡើងដែលនិយាយអំពីការបូបឈាមលក់នេះគឺកើតចេញពីជនរងគ្រោះផ្ទាល់ដែលបានលើកឡើង។ហេតុនេះក្នុងនាមអង្គការសង្គមស៊ិវិលលោកទាមទារឲ្យមានការស៊ីបអង្គេតឲ្យបានហ្មត់ចត់ និងតម្លាភាពដើម្បីទប់ស្កាត់កុំឲ្យមានរឿងរ៉ាវ ឬសកម្មភាពបែបនោះកើតឡើងនៅកម្ពុជា។
លោកថ្លែងថា៖«យើងមិនចង់ឲ្យមានករណីដូចលើកឡើងហ្នឹងទេប្រសិនបើមានមែនកុំឲ្យកើតឡើងបន្តទៀតនៅលើទឹកដីកម្ពុជា» ។
លិខិតប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៨ ខែកុម្ភៈ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិបានចង្អលដឹកនាំអង្គភាពជំនាញឲ្យចុះស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ដោយបានត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ទើបមន្ត្រីជំនាញបានរកឃើញថា ព័ត៌មានខាងលើជាព័ត៌មានប្រឌិតដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា-ចិន ខេត្តព្រះសីហនុ) និងអ្នកពាក់ព័ន្ធចំនួន ៣ នាក់។
ក្នុងលិខិតសរសេរថា«ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុមដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន» ។
អ្នកពាក់ព័ន្ធចំនួន៣នាក់គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្មនិងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។ ឈ្មោះ LYA YUAN LUN និងអ្នកពាក់ព័ន្ធចំនួន៣នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកហួត វិចិត្រ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុថ្លែងនៅថ្ងៃទី២៨ ខែកុម្ភៈថា តំណាងអយ្យការបានទទួលសំណុំរឿងនោះហើយ ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានោះទេ ព្រោះកំពុងស្ថិតក្នុងការសួរចម្លើយលើជនសង្ស័យ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើដើម្បីចៀសវាងការភាន់ច្រឡំពីសាធារណៈមតិជាតិអន្តរជាតិ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា៖«យើងខ្ញុំក៏មានសំណូមពរដល់អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់»។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងទៀតថា ការផ្សាយព័ត៌មានចៀសវាងធ្វើការសន្និដ្ឋានហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភ័ស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គមនិងបង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕