ភ្នំពេញៈ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងអនាម័យ» រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី ១០ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ (SEA Games 2023)។
ទិវាជាតិទីក្រុងស្អាតឆ្នាំ ២០២២ នេះគឺជាខួបឆ្នាំទី ១០ ហើយត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាតៗឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃភាពស្អាតៗ។ ត្រង់ចំណុចនេះ ស្អាតៗសំដៅដល់ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណីត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសា»។
លោក ហ៊ុន សែន ដែលជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានដាក់ចេញនូវការងារអាទិភាព ៤ ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត ឆ្នាំ ២០២២។ អាទិភាពទី ១ គឺគ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញ រួមមានវិធានសុវត្ថិភាពទេសចរណ៍នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍។ លោកបន្ថែមថា៖ «ដូច្នេះ ត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្តដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍»។
លោកបន្តថា អាទិភាពទី ២ គឺគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ លោកថា៖ «ការអនុវត្តផែនការនេះគឺដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួម ទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩»។ រីឯចំណុចអាទិភាពទី ៣ គឺគ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត»។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «អាទិភាពសំខាន់ទី ៤ ដែលត្រូវអនុវត្តគឺប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩»។
ការប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី ១០ នេះ ជាការរួមចំណែកបំផុស និងលើកទឹកចិត្តពលរដ្ឋពិសេសចំពោះយុវជន កុលបុត្រ កុលធីតាខ្មែរឱ្យបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។
គួរបញ្ជាក់ថា ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ បានជាប់ជាជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៣ ក្នុងនោះមានក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ក្នុងចំណោមទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងតំបន់អាស៊ាន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា ទីក្រុងបាត់ដំបងបានរៀបចំនូវតំបន់បៃតង និងភាពស្រស់ស្អាតដោយបានរៀបចំនូវសួនច្បារជាច្រើនសម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត ស្រូបយកខ្យល់អាកាស និងហាត់ប្រាណផងដែរ។ លោកថា៖ «បច្ចុប្បន្ននេះ ខេត្តក៏បានដាក់ផែនការដើម្បីធ្វើការដាំដើមឈើនៅក្នុងក្រុងបាត់ដំបងក៏ដូចជាទីប្រជុំជននៅក្នុងស្រុកដទៃទៀត ដោយយើងបានដាក់ផែនការដាំដើមឈើឡើងវិញតាមទីប្រជុំជន និងតាមដងផ្លូវ បន្ថែមលើអ្វីដែលយើងមានសួនច្បារបៃតងរបស់យើងហើយ»៕