កែបៈ កម្ពុជាប្រកាសខេត្តកែបជាខេត្តទី១ ដែលអស់គ្រាប់មីន ហើយគ្រោងនឹងប្រកាសរាជធានី-ខេត្ត ៧ ទៀតជាខេត្តអស់មីននៅក្នុងឆ្នាំនេះ ក្នុងនោះមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
លោក លី ធុជ បានថ្លែងក្នុងពេលធ្វើជាអធិបតីពិធីអបអរសាទរការប្រកាសខេត្តកែបជាខេត្តទី ១ អស់មីនពីថ្ងៃទី ២៨ កុម្ភៈនៅមុខសាលាខេត្តកែបថា ក្នុងឆ្នាំ ២០២១ អាជ្ញាធរមីនដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានទទួលនូវការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចជ្រើសរើសយកខេត្តកែបដែលមានផលប៉ះពាល់តិចតួច ធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុពីប្រទេសន័រវែស និងប្រទេសហុងគ្រី និងជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។
លោកថា៖ «កម្ពុជាបានទទួលរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មានទាំងបញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភូមិអស់មីន ឬខេត្តអស់មីន មិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើម។ ខេត្តកែបអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្គ្រាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះឱ្យទាន់ពេល»។
លោក លី ធុជ បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥» អាជ្ញាធរមីនបានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនដែលមានក្នុងភូមិត្រូវបានបោសសម្អាតក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗទៀត។
លោកបានឱ្យដឹងថា អាជ្ញាធរមីនបាននិងកំពុងធ្វើចលានាកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីទទួលការគាំទ្រ និងបោសសម្អាត ដោយចាប់ផ្តើមពីភូមិ ១ ទៅភូមិ ១ និងពីខេត្ត១ ទៅខេត្ត ១ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមីន ហើយការប្រកាសភូមិអស់មីន ឬខេត្តអស់មីនត្រូវរៀបចំ និងទទួលស្គាល់ពីអាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យវិស័យមីនទូទាំងប្រទេស។
លោកបានថ្លែងថា កម្ពុជាបានកំណត់នូវវិសាលភាព និងទំហំផលប៉ះពាល់យ៉ាងច្បាស់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេសគិតត្រឹមឆ្នាំ ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រការ៉េ ដែលត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ ២០២៥ កំពុងនៅសល់ក្នុងរាជធានីខេត្តចំនួន ២៣ ទៀត។
លោក លីធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការប្រកាសរាជធានី-ខេត្ត ដែលប៉ះពាល់ដោយសារមីនតិចតួចចំនួន ៧ ទៀតជារាជធានី-ខេត្ត អស់មីនក្នុងនោះរួមមាន ខេត្តព្រៃវែង (៣,៦ ហិកតា) ខេត្តកណ្តាល (៦,៥ ហិកតា) ភ្នំពេញ (១២៥ ហិកតា) ខេត្តកំពង់ចាម (១២៨ ហិកតា) ខេត្តព្រះសីហនុ (១៧៤ ហិកតា) ខេត្តរតនគិរី (៣៤០ ហិកតា) និងខេត្តតាកែវ (៣៦៣ ហិកតា)។
ជាមួយនេះដែរ លោកបានស្នើឱ្យដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងប្រតិបត្តិករបោសសម្អាតមីនបន្តសហការ និងបន្តគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ដើម្បីបោសសម្អាត និងប្រកាសភូមិ ឬខេត្តអស់មីន។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងក្នុងពិធីនោះដែរថាខេត្តកែបជាតំបន់សមរភូមិ ដែលប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ពិសេសនៅតំបន់ភ្នំវល្លិដែលជាតំបន់សមរភូមិក្តៅមួយនៃប្រទេសកម្ពុជា។
លោកបានឱ្យដឹងថា ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនធ្វើឱ្យមានអ្នកគ្រោះថ្នាក់គិតត្រឹមឆ្នាំ ២០២១ ចំនួន ២២១ នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរមាន ១៩៨ នាក់ និងក្រុងកែប មាន ២៣ នាក់ (មាន ៩២% រងគ្រោះដោយសារមីន)។
លោកថ្លែងថា៖ «ទោះបីជាខេត្តកែបជាខេត្ដទី ១ អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយបញ្ហាសេសសល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម»។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងក្នុងពិធីនោះដែរថា ខេត្តកែបមានចម្ការមីនសរុបចំនួន ២៧ មានផ្ទៃដីសរុបចំនួន ៤ ២៣០ ១៧៦ ម៉ែត្រការ៉េ ហើយ CMAC បានបោសសម្អាតចម្ការមីនទាំងនោះលើកទី ១ ចាប់ពីឆ្នាំ ១៩៩៥-១៩៩៩ បានចំនួន ១៨ ចម្ការមីន មានផ្ទៃដីសរុប ៣ ២៣២ ២១៤ ម៉ែត្រការ៉េ។
ដោយឡែកសម្រាប់ការពង្រាយកម្លាំងលើកទី ២ នៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ អង្គភាពស៊ីម៉ាក់ដំណើរការបោសសម្អាតគ្រាប់មីននៅតំបន់ដែលនៅសល់ និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានចំនួន ៩ ចម្ការមីន មានផ្ទៃដីសរុប ៩៩៧ ៩៦២ ម៉ែត្រការ៉េ។
លោកបញ្ជាក់ថា អង្គភាព CMAC បានពង្រាយកម្លាំងបោសសម្អាតនៅតំបន់ដែលបានដឹង និងមានកំណត់ត្រាជាតំបន់មានវត្តមានគ្រាប់មីនប្រឆាំងមនុស្ស នៅភូមិសាស្ត្រខេត្តកែបទាំង ២ លើកនេះ រុករកឃើញគ្រាប់មីនប្រឆាំងមនុស្សជាង ៧០០ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ៦០០ គ្រាប់ និងបានសម្រេចរំដោះខេត្តកែបពីការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ១០០%។
ដូចនេះខេត្តកែបជាខេត្តគ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ និងក្លាយជា «ខេត្តគ្មានគ្រាប់មីន»៕