ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា ប្រទេសកម្ពុជាមានស្ត្រីប្រមាណជាជាង ៦០ ភាគរយបានក្លាយជាម្ចាស់អាជីវកម្ម និងជាអ្នកធ្វើជំនួញ ដែលនេះជាអត្រាខ្ពស់មួយសម្រាប់ប្រទេសនេះ។
លោកថ្លែងដូចនេះ នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូអនឡាញក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី ១១១ នៃទិវាអន្តរជាតិនារី ៨ មីនា។
លោកបានឱ្យដឹងថា៖ «បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាចន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្ត្រីមានប្រមាណ ៦១ ភាគរយដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជារបស់យើង»។
ចំណុចសក្តានុពលក្នុងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរ និងធានាថានៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានាប្រាកដថា សហគ្រិន និងអាជីវករជាស្ត្រីមានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ផងដែរ។ នេះបើតាម លោក អ៊ិត សំហេង។
លោកបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើស្ត្រីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តែម្តង ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម។
លោក សំហេង បន្តថា៖ «ការបង្កើនមូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារកម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម»។
ការរីករាលដាលនៃជំងឺកូវីដ ១៩ បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត។
លោក អ៊ិត សំហេង បញ្ជាក់ថា៖ «ក្នុងន័យនេះយើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្នដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌»។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា គឺប្រារព្ធឡើងក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្ត្រី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
គួរបញ្ជាក់ថា យុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹតិ្តការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការទិវា-អន្តរជាតិនារី ៨ មីនា ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕