ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលកើតឡើងរវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែនគឺមិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបាននោះទេ តែមានតែការចរចាដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ ដើម្បីបញ្ចប់សង្គ្រាម។
លោក ហ៊ុន សែន ថ្លែងថា៖ «តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៊ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែនតាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៊ីបានដែរ ពោលគឺមិនអាចយកសង្ក្រាមបញ្ចប់សង្គ្រាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី»។
លោកបង្ហោះសារតាមហ្វេសប៊ុកនាថ្ងៃទី ២៧ ខែកុម្ភៈ បន្ទាប់ពីផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខដល់សារព័ត៌មាន Fresh News ថា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពអ៊ុយក្រែន និងកងទ័ពរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពរុស្ស៊ីសម្លាប់កងទ័ពរបស់អ៊ុយក្រែនមិនដល់ ១ ០០០ នាក់នោះទេ។
លោកចោទជាសំណួរថា បើទោះបីជារុស្ស៊ីចូលកាន់កាប់ទីក្រុងអ៊ុយក្រែនមួយចំនួនក៏ដោយ តើប្រទេសនេះត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកម្លាំងយោធាប៉ុន្មាននាក់ ដើម្បីអាចឈ្នះសង្គ្រាម ឬបញ្ចប់សង្គ្រាមនេះ? ប្រហែលជាមិនអាចនោះទេ។
លោក ហ៊ុន សែន ចោទជាសំណួរបន្តថាបើទោះបីរុស្ស៊ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូលក៏ដោយហើយប្រធានាធិបតីប្រទេសអ៊ុយក្រែនត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនអ៊ុយក្រែនសុខចិត្តនៅស្ងៀមដែរឬទេ?
បើយោងតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រីលោកបញ្ជាក់ថា៖ «ប្រជាជន [អ៊ុយក្រែន] អាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ចូរក្រឡេកមើលប្រទេសមួយចំនួនដូចជាអ៊ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្គ្រាមទទួលបានសន្តិភាពហើយឬនៅ?»។
លោកនាយករដ្ឋមន្ត្រីបន្តថារុស្ស៊ីអាចនឹងផុងខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនរុស្ស៊ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងប្រទេសអ៊ុយក្រែន ដែលមានជាបទពិសោធរួចហើយសម្រាប់កងទ័ពរុស្ស៊ីនៅប្រទេសអាហ្វហ្គានីស្ថាននាទសវត្សរ៍ឆ្នាំ ១៩៨០ និងកងទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) នៅអាហ្វហ្គានីស្ថានក្នុងសតវត្សរ៍ទី ២១។
លោកជំរុញឱ្យភាគីទាំង ២ ធ្វើការចរចាគ្នាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម និងរកឃើញសន្តិភាព «យ៉ាងពិតប្រាកដ»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចរចានោះឡើយ ព្រោះវានាំដល់ពន្យារការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជម្រកសុវត្ថិភាពគួរឱ្យអាណិត»។
លោកបានលើកយកបទពិសោធនៅប្រទេសកម្ពុជាដែលលោកអះអាងថា កម្ពុជាបានទទួលនូវសន្តិភាពពេញលេញសព្វថ្ងៃនេះ ហើយប្រជាជនរស់នៅប្រកបដោយភាពសុខសាន្តពោរពេញ និងដោយសេចក្តីសុខ ក៏ដោយសារការចរចាដោយសន្តិវិធីជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ ១៩៩៨។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះកម្ពុជាអាច និងកំពុងស្ថិតនៅក្នុងសង្គ្រាមក៏អាចថាបានដែរ ហើយនៅពេលនេះខ្ញុំក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្សី និងអ៊ុយក្រែន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញ-ប៉ុស្តិ៍នាថ្ងៃទី ២៨ ខែកុម្ភៈ ថាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺមិនងាយនឹងចាញ់-ឈ្នះនោះទេ ដោយសារវាមិនមែនគ្រាន់តែសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ តែឥឡូវវាក្លាយទៅជាសង្គ្រាមខ្ចីដៃ គឺប្រទេសលោកខាងលិចបានចូលខ្លួនមកហើយបាន «ខ្ចីដៃ» អ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ីតាមរយៈការផ្តល់សព្វាវុធ និងជំនួយអាវុធយុទ្ធភណ្ឌផ្សេងៗមកឱ្យអ៊ុយក្រែន។
លោកថ្លែងថា៖ «យើងឃើញថា ភាពចាញ់-ឈ្នះនៃសង្គ្រាមហ្នឹងវាពិបាក ហើយប្រសិនបើរុស្ស៊ីយកឈ្នះលើអ៊ុយក្រែនក៏មិនអាចត្រួតប្រជាពលរដ្ឋអ៊ុយក្រែនបានដែរ។ អាហ្នឹងដូចយើងឃើញហើយ ភាពប្តូរផ្តាច់របស់ប្រជាជនអ៊ុយក្រែន ៣០ លាននាក់ប្លាយនេះមិនងាយនឹងបោះបង់ការតស៊ូរបស់ខ្លួន ដើម្បីទឹកដីរបស់គេទេ ពីព្រោះគេសុខចិត្តអាចអត់មានឪពុកម្តាយ ប៉ុន្តែគេមិនអាចអត់មានប្រទេសរបស់គេបានទេ»។
លោកថា បើសិនជាគ្មានដំណោះស្រាយដោយការចរចាដោយសន្តិវិធីទេគឺនឹងមិនមានសន្តិភាពយូរអង្វែងទេ។ ការប្រឈមមុខដាក់គ្នាមិនមែនត្រឹមតែរវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ តែអាចនឹងមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយប្រទេសបស្ចិមលោក និងបក្សសម្ព័ន្ធណាតូ។ វានឹងអាចធ្វើឱ្យរង្គោះរង្គើដល់សន្តិសុខពិភពលោកទាំងមូលតែម្តង។
«យើងឃើញថា ម្សិលមិញនេះលោក ពូទីន [ប្រធានាធិបតីរុស្ស៊ី] បានប្រកាសឱ្យប្រមុខការពារជាតិរុស្ស៊ីប្រុងជើងការខ្ពស់ទៅលើអាវុធនុយក្លេអ៊ែរ។ អ៊ីចឹងយើងឃើញថា ការរុញសភាពការណ៍កាន់តែធ្ងន់ធ្ងរ ហើយប្រទេសមួយចំនួនគឺចាប់ផ្តើមមានគំនិតចង់មាននុយក្លេអ៊ែរដូចជាបេឡារុស ក៏ដូចជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ថ្ងៃមិញហ្នឹងប្រកាសសុំឱ្យយោធាអាមេរិកហ្នឹងដាក់មូលដ្ឋាននុយក្លេអ៊ែរនៅប្រទេសរបស់ខ្លួន ដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី។ អ៊ីចឹងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនឹងចាប់ផ្តើមកក្រើកឡើងជាថ្មី»៕
វីដេអូ៖