ព្រះសីហនុៈ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យក្រុមហ៊ុន អានកូ ពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីតាំងរោងចក្រផលិតទឹកស្អាតរបស់ខ្លួន ព្រមទាំងបន្តពង្រីកការគ្រប់គ្រងទឹកឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងកំណើននៃការអភិវឌ្ឍខេត្តព្រះសីហនុ។
ការជំរុញរបស់លោក ចម ប្រសិទ្ធ បែបនេះបានធ្វើឡើងក្នុងពេលលោកចុះពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតរបស់ក្រុមហ៊ុន អាន កូ នៅតំបន់ក្បាលឆាយក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំនេះ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក កុក អាន អគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូផងដែរ។
លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអានកូ ដែលបានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ជូនពលរដ្ឋនៅក្រុងស្រុកទាំង ៣ នៃខេត្តព្រះសីហនុ។
ជាមួយគ្នានេះលោកក៏បានណែនាំឱ្យក្រុមហ៊ុនពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតព្រមទាំងបន្តពង្រីកការគ្រប់គ្រងទឹកឱ្យបានកាន់តែច្រើន ខណៈខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍតាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។
លោកថ្លែងថា៖ «ទន្ទឹមនឹងខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ប្រព័ន្ធគមនាគមន៍រៀបចំបានរួចរាល់ ក្នុងនោះទាមទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ រៀបចំបណ្ដាញប្រព័ន្ធទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការនិងឱ្យក្រុមហ៊ុនបន្តតបណ្ដាញឱ្យបានទៅដល់ក្រុងស្រុក ជាពិសេសនៅតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង បើគ្មានបណ្ដាញទឹកការអភិវឌ្ឍក៏មិនអាចទៅរួចដែរ»។
លោក កុក អាន អគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ចំនួន ៣ កន្លែង ដោយមានសមត្ថភាពផលិតទឹកក្នុង ១ ថ្ងៃបាន ១៦ ម៉ឺនម៉ែត្រគុប ក្នុងនោះទំនប់ទី ១ អាចផលិតបាន ៤ ម៉ឺនម៉ែត្រគុប ទំនប់ទី ២ ផលិតបាន ៦ ម៉ឺនម៉ែត្រគុប និងទំនប់ទី ៣ ផលិតបាន ៦ ម៉ឺនម៉ែត្រគុប សម្រាប់ចែកចាយក្នុងខេត្តព្រះសីហនុ។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ជូនពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ ១ ផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ពី ៦ ម៉ឺនទៅ ៧ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ។ រីឯទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតភ្ជាប់បណ្ដាញឱ្យបានច្រើនទៅតាមបណ្ដាក្រុងស្រុក រោងចក្រសហគ្រាសដែលកំពុងមានការអភិវឌ្ឍន៍ថ្មីៗ ដើម្បីឱ្យស្របទៅនឹងកំណើននៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងដែរថា ដើម្បីរួមចំណែករៀបចំប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតគឺមាន ២ ចំណុចសំខាន់ៗ ទី ១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងក្នុងតំបន់ក្បាលឆាយដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថានខេត្តផ្តល់ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្សឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជា ការលួចសង់លំនៅឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះពាល់បរិស្ថានតាមរយៈការប្រើសារជាតិគីមីផ្សេងៗ។
លោកបន្តថា ទី ២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដែលមានចក្ខុវិស័យវែងឆ្ងាយអំពីការរៀបចំឱ្យខេត្តរបស់យើងក្លាយជាតំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិសនៃការអភិវឌ្ឍខេត្តព្រះសីហនុនាពេលអនាគត ពិសេសផ្លូវ ទឹក និងភ្លើងត្រូវដើរស្របគ្នានឹងគោលដៅនៃការអភិវឌ្ឍខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងអនាគត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ កុម្ភៈ ថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន អានកូ គឺមិនមានការខ្វះខាតទេ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនបានជំរុញការអូសបណ្តាញទឹក និងតភ្ជាប់ឱ្យដល់គ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
លោកថា៖ «តាមអនុសាសន៍របស់ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺលោកបានណែនាំឱ្យក្រុមហ៊ុនអានកូ ពង្រីកខ្នងទំនប់បន្ថែម ដើម្បីការពារអាងស្តុកទឹក និងសុវត្ថិភាពនៃអាងនោះ។ អ៊ីចឹងវាទាមទារឱ្យការធ្វើខ្នងទំនប់ឱ្យមានការរឹងមាំ។ លោកបានណែនាំឱ្យធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រងទឹកដោយប្រើបច្ចេកវិទ្យា ដើម្បីឱ្យមានការប្រកួតប្រជែងឆ្លើយតបនឹងការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត»។
បើតាម លោក ឃាង ភារម្យ ក្នុងខេត្តព្រះសីហនុមានប្រតិបត្តិករ ឬក្រុមហ៊ុនចែកចាយទឹកច្រើនដែលកំពុងប្រតិបត្តិការនៅតាមក្រុងស្រុក និងតំបន់នានា មិនមែនមានតែក្រុមហ៊ុន អានកូ មួយទេ៕