ភ្នំពេញៈ ក្រុមការងារផ្នែកមន្ទីរពិសោធន៍ បច្ចេកទេសបង្កាត់ពូជឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកំពុង ពិសោធសាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើ គ្រញូង ធ្នង់ និងត្រាច ក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំ ដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញ។
យោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រុមការងារបានទទួលការបណ្តុះបណ្តាលជាច្រើនទាំងក្នុងប្រទេស និងនៅសាធារណរដ្ឋកូរ៉េអំពីមូលដ្ឋានគ្រឹះបច្ចេកទេសបង្កាត់ពូជឈើ ការងារគ្រប់គ្រងថែទាំ ចម្ការពូជនៅទីវាល ការតាមដានការលូតលាស់ និងការវិភាគទិន្នន័យជាដើម។ ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីលើបច្ចេកទេសជាលិកាវប្បកម្មក៏ត្រូវបានគាំទ្រដែរ។
លោកថ្លែងថា៖ «ក្រុមការងារផ្នែកមន្ទីរពិសោធន៍បាននិងកំពុងធ្វើការពិសោធន៍សាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាចក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញ»។
លោក វេង សាងខុន បានបង្ហាញគម្រោងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើសម្រាប់ស្តារប្រភេទឈើសំខាន់ៗនៅកម្ពុជាបានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១៦ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoD) និងជំនួយបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រព្រៃឈើជាតិ (NIFoS) និងសាកលវិទ្យាល័យជាតិសេអ៊ូល (សាធារណរដ្ឋកូរ៉េ)។
លោកថា គម្រោង ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើសម្រាប់ស្តារប្រភេទឈើសំខាន់ៗនៅកម្ពុជា គោលបំណងសំខាន់គឺ ទី ១ បង្កើតចម្ការបង្កាត់ពូជឈើ ដើម្បីរក្សាធនធានសេនេទិចព្រៃឈើ និងទី ២ ពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។
លោកបន្តថា គម្រោងបានអនុវត្តលើទីតាំងចម្ការបង្កាត់ពូជឈើចំនួន ២ កន្លែង ទី ១ នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី និងទី ២ នៅភូមិគោកទឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ទីតាំងនីមួយៗមានផ្ទៃដីទំហំ ១៥ ហិកតា បែងចែកជាឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជចំនួន ១២ ហិកតា និងឡូត៍បង្កាត់ដើមមេពូជឈើចំនួន ៣ ហិកតា។
ជាលទ្ធផល ឡូត៍ពិសោធន៍បង្កាត់ពូជឈើ (Seed Orchard) ឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជចំនួន ២៤ ហិកតាបានបង្កើតឡើងដោយការប្រមូលគ្រាប់ពូជតាមបណ្តាខេត្តចំនួន ១១ (សៀមរាប ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ តាកែវ កោះកុង និងកណ្ដាល) ដើម្បីធ្វើការបណ្តុះយកកូនឈើទាំងនោះទៅដាំ រួចធ្វើការប្រៀបធៀបគ្នា ជ្រើសរើសយកដើមដែលអាចទុកជាដើមពូជល្អតាមលក្ខណៈវិនិច្ឆ័យលើការលូតលាស់ ទម្រង់ដើម និងភាពធន់ជំងឺ។
ការពិសោធបានអនុវត្តវិធីសាស្ត្រសាកវប្បកម្ម (Grafting) ក្នុងការផលិតកូនឈើគ្រញូង និងធ្នង់ ហើយចំពោះឈើត្រាចត្រូវបានបណ្តុះកូនដោយគ្រាប់។ ឡូត៍ពិសោធន៍បង្កាត់ពូជឈើសរុបមានចំនួន ៦ ហិកតា ដោយប្រើប្រាស់កូនឈើចំនួន ៤០០ ដើមទាំង ២ ទីតាំង។
លោកបានបញ្ជក់ថា កូនឈើដែលបានដាំរួចចំនួន ២៦ ២០០ ដើមត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ទៅតាមបច្ចេកទេស និងតាមស្ថានភាពជាក់ស្ដែង ដូចជាការស្រោចទឹកនៅរដូវប្រាំង សម្អាតស្មៅ ប្រើថ្នាំការពារសត្វបំផ្លាញ និងការក្រីមែកជាដើម។
លោកលើកឡើងថា៖ «ការតាមដានកម្រិតលូតលាស់របស់កូនឈើប្រព្រឹត្តទៅរៀងរាល់ ៦ ខែម្តង (រយៈពេល ៥ ឆ្នាំដំបូង) បន្ទាប់មក ១ ឆ្នាំម្ដង ដោយកត់ត្រាទិន្នន័យកម្រិតលូតលាស់ អង្កត់ផ្ចិត កម្ពស់ កន្សោមស្លឹក សុខភាព និងទម្រង់ដើមរបស់កូនឈើ។ ទិន្នន័យត្រូវបានរក្សាទុកប្រើប្រាស់ជាមូលដ្ឋានក្នុងការជ្រើសរើស ដើមពូជល្អ យកទៅរក្សាទុក»។
លោករដ្ឋមន្ត្រីកសិកម្ម ថ្លែងថា អនាគត បន្ទាប់ពីធ្វើការដកហូតដើមមេពូជដែលអន់រួច ចម្ការបង្កាត់ពូជឈើនេះនឹងក្លាយជាប្រភពគ្រាប់ពូជមួយ (ចំពោះតែប្រភេទគ្រញូង ធ្នង់ និងត្រាច) ដែលមានព័ត៌មានច្បាស់លាស់អំពីប្រភពធនធានសេនេទិច និងអាចផ្ដល់គ្រាប់ពូជដែលមានគុណភាពខ្ពស់ទៅតាមតម្រូវការដាំស្តារព្រៃឈើនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «ក្រៅពីឈើ ៣ ប្រភេទខាងលើនេះ យើងក៏ត្រូវពង្រីកបន្ថែមក្នុងការបង្កើតចម្ការបង្កាត់ពូជឈើប្រភេទផ្សេងៗទៀត ដើម្បីរក្សាសេនេទិចពូជឈើ និងជាប្រភពគ្រាប់ពូជឈើល្អ បម្រើឱ្យការងារដាំស្តារព្រៃឈើនៅកម្ពុជា»។
លោក ជា ចំរើន ប្រធានអង្គការថែរក្សាបរិស្ថាន និងកសិកម្ម ថ្លែងនៅថ្ងៃទី ២៧ ខែកុម្ភៈ ថា ការខិតខំរបស់មន្ត្រីជំនាញក្រសួងកសិកម្មក្នុងការពិសោធសាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាច ក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំ ដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញនេះគឺជារឿងល្អ។ ប៉ុន្តែអ្វីដែលល្អជាងនោះទៀត គួរតែមានការដាំដំណាំប្រភេទដើមឈើឧស្សាហកម្ម ព្រោះវាមានប្រយោជន៍ក្នុងការជួយដល់អាកាសធាតុផង និងបម្រើផលប្រយោជន៍ធំៗច្រើនទៀតផង។
លោកថ្លែងថា៖ «លើពិភពលោកគេដាំដើមឈើណាដែលមនុស្សអាចយកផលបានហើយការពារបរិស្ថាន។ ដូចដើមទាំងអស់នេះ [គ្រញូង ធ្នង់ និងត្រាច] វាបម្រើបានតែអាកាសធាតុទេ បើសិនណាមានអ្នកលួចកាប់យកទៅប្រើនៅតែអាចលួចបានអ៊ីចឹង ហើយការដាំរបៀបហ្នឹងការថែទាំក៏ត្រូវប្រើឆ្មាំប្រើអីច្រើនណាស់»៕