ភ្នំពេញៈ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (KSFH) ដាក់ដំណើរការគម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្តក្នុងរាជធានីភ្នំពេញ ដោយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រមាណ ៣ ម៉ឺននាក់ នៅត្រឹមឆ្នាំ ២០២៤។
កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី-កម្ពុជាលើវិស័យសុខភាពផ្លូវចិត្តនេះត្រូវបានប្រកាសកាលពីថ្ងៃទី ២៥ កុម្ភៈ ដែលមានរយៈពេល ២ ឆ្នាំ ដើម្បីផ្តល់លទ្ធភាពដល់អ្នកឯកទេសថែទាំសុខភាពមកពីប្រទេសទាំង ២ ធ្វើការងាររួមគ្នាដើម្បីបង្កើតឱ្យមានភាពប្រសើរឡើង ប្រកបដោយនិរន្តរភាពក្នុងការថែទាំសុខភាពផ្លូវចិត្ត។
សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ២ ឱ្យដឹងថា គម្រោងកសាងសមត្ថភាពនេះមានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួន ២ ទៀត គឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ (Caritas-CCA-MH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ក្នុងរយៈពេល ២ ឆ្នាំខាងមុខ អ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដែលជាគ្រូពេទ្យអ្នកឯកទេស ដែលរួមមានក្រុមចម្រុះវិស័យនៃអ្នកអាជីពថែទាំសុខភាពផ្លូវចិត្ត មកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី នឹងធ្វើការងារដោយផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជាចំនួន ៥០ នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តប្រសើរបំផុតក្នុងវិស័យនេះ។
សេចក្តីប្រកាសរួមដដែល បានបញ្ជាក់ថា៖ «ក្នុងចំណោមគ្រូពេទ្យកម្ពុជាទាំងនេះគ្រូពេទ្យ ១២ នាក់នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីទទួលបានលក្ខណសម្បត្តិគ្រប់គ្រាន់ក្លាយជាគ្រូបណ្តុះបណ្តាល Master Trainers។ គ្រូពេទ្យទាំងនេះនឹងចូលរួមជាមួយអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដើម្បីបង្រៀនគ្រូពេទ្យផ្សេងទៀត»។
សេចក្តីប្រកាសបន្ថែមថា៖ «គំរូបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាលនេះនឹងផ្តល់អំណាចដល់ប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើតឱ្យមានផលប៉ះពាល់រយៈពេលវែង និងប្រកបដោយនិរន្តរភាពទៅលើសហគមន៍កាន់តែទូលំទូលាយ។ យ៉ាងហោចណាស់មនុស្ស ៣ ម៉ឺននាក់ ក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការបញ្ចប់គម្រោងនេះនៅក្នុងឆ្នាំ ២០២៤»។
តាមការរំពឹងទុក គម្រោង ២ ឆ្នាំនេះ សិក្ខាកាមកម្ពុជាភាគច្រើន គឺជាគ្រូពេទ្យវិកលវិទ្យា និងគ្រូពេទ្យសង្គ្រោះបន្ទាន់ ហើយក៏មានគ្រូពេទ្យចិត្តវិទ្យា គិលានុប្បដ្ឋាកបុគ្គលិកសង្គម និងគ្រូពេទ្យទូទៅផងដែរ ខណៈការបណ្តុះបណ្តាលនេះនឹងផ្តោតលើរបៀបគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា និងព្យាបាលអ្នកជំងឺដែលមានបញ្ហាផ្លូវអារម្មណ៍ និងថប់អារម្មណ៍។
អ្នកនាង Lee Huay Leng ប្រធានមូលនិធិ SIF បាននិយាយថា ខណៈដែលមនុស្សកាន់តែច្រើនឡើងមានជំងឺផ្លូវចិត្ត មានតម្រូវការជាបន្ទាន់សម្រាប់សហគមន៍នៅទូទាំងពិភពលោកក្នុងការតភ្ជាប់ និងរួមគ្នាដោះស្រាយការមាក់ងាយ និងកង្វះការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ អ្នកនាងនិយាយថា ដូច្នេះមូលនិធិ SIF មានក្តីរីករាយក្នុងការដាក់ដំណើរការគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តរយៈពេល ២ ឆ្នាំនៅកម្ពុជាជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកនាងបញ្ជាក់ថា៖ «យើងកំពុងនាំយកមករួមគ្នានូវអ្នកឯកទេសផ្នែកថែទាំសុខភាពមកពីប្រទេសសិង្ហបុរី និងកម្ពុជា ដើម្បីចែករំលែកជំនាញ ចំណេះដឹងនិងការអនុវត្តប្រសើរបំផុត ដើម្បីជាប្រយោជន៍ដល់មនុស្សយ៉ាងហោចណាស់ ៣ ម៉ឺននាក់នៅត្រឹមឆ្នាំ ២០២៤។ គម្រោងនេះក៏ធ្វើដើម្បីរំឭកខួបទី ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិ SIF និងប្រជាជនកម្ពុជាផងដែរ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ»។
លោកស្រីសាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ដែលជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និយាយថា សុខភាពផ្លូវចិត្ត គឺជាបញ្ហាធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយមនុស្សជាច្រើនរងគ្រោះដោយស្ងៀមស្ងាត់។ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានកិត្តិយសដែលបានធ្វើការងារជាមួយមូលនិធិ SIF សម្រាប់គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត។ លោកស្រីបន្តថា៖ «យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការសំខាន់កាន់តែច្រើនថែមទៀតជាមួយ SIF នៅឆ្នាំខាងមុខ»៕