ភ្នំពេញៈ រាជរដ្ឋាភិបាល បានទទួលជំនួយជាទូបង្កកត្រជាក់ខ្លាំងសម្រាប់រក្សាវ៉ាក់សាំងកូវីដ ១៩ ចំនួន ៣៣ គ្រឿង (សីតុណ្ហភាព-៨០អង្សា) ទូទឹកកករក្សាវ៉ាក់សាំងចំនួន ១០០ គ្រឿង (សីតុណ្ហភាព-២០ អង្សាសេ) និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត ដែលជាអំណោយរបស់ប្រទេសអូស្ត្រាលី ក្នុងការធ្វើឱ្យកម្ពុជាបន្តឈានមុខក្នុងកិច្ចខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី ២៨ ខែកុម្ភៈ បានឱ្យដឹងថា ទូបង្កកត្រជាក់ខ្លាំងនេះជាឧបករណ៍ចាំបាច់ដើម្បីពង្រឹងសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់របស់កម្ពុជា ហើយទូបង្កកនេះ ជាអំណោយរបស់រាជរដ្ឋាភិបាលអូស្ត្រាលី និងត្រូវផ្ដល់ជូនក្នុងភាពជាដៃគូជាមួយយូនីសេហ្វដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកអគ្គរាជទូតអូស្ត្រាលី លោក បាប្លូ កាង បានឱ្យដឹងថា ជាង ១ ឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបានចាប់ផ្ដើមអនុវត្តនូវកម្មវិធីផ្ដល់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង។ កម្មវិធីនេះបានគ្របដណ្ដប់ទៅដល់ប្រជាពលរដ្ឋពេញវ័យស្ទើរតែទាំងអស់ ហើយជាងពាក់កណ្ដាលនៃពួកគេក៏ទទួលបានវ៉ាក់សាំងដូសជំរុញដ៏សំខាន់ផងដែរ។
លោកមានប្រសាសន៍ថា៖ «ដូសជំរុញទាំងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចខិតខំផ្ដល់វ៉ាក់សាំងជាសកល ដើម្បីកាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ ១៩។ ខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិទទួលវ៉ាក់សាំងដូសជំរុញឱ្យទៅទទួលដូសនេះ ដើម្បីការពារខ្លួនអ្នក និងគ្រួសារ»។
បើតាមស្ថានទូតអូស្ត្រាលី ទូបង្កករក្សាវ៉ាក់សាំងសរុបចំនួន ១៣៣ គ្រឿងនេះគឺជាផ្នែកមួយនៃកញ្ចប់គាំទ្រចំនួន ៣៥,៧ លានដុល្លារអូស្ត្រាលីពីរាជរដ្ឋាភិបាលអូស្ត្រាលី ដែលកំពុងត្រូវបានផ្ដល់ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ។ កញ្ចប់គាំទ្រនេះរួមមានវ៉ាក់សាំងប្រភេទ Pfizer-BioNTech ចំនួន ២,៣៥ លានដូស ដែលត្រូវបានផ្ដល់ជូនកម្ពុជា កាលពីខែធ្នូកន្លងមកនេះ។
ទូបង្កកត្រជាក់ខ្លាំងថ្មីៗទាំងនេះនឹងជួយដល់ការរក្សាទុកវ៉ាក់សាំងប្រភេទ Pfizer-BioNTech បានរយៈពេលវែង នៅតាមគ្រប់រាជធានីខេត្ត រួមទាំងខេត្តនៅឆ្ងាយៗផងដែរ។
ក្រុមការងារយូនីសេហ្វនឹងជួយដំឡើងបរិក្ខារទាំងនេះផ្ដល់ការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ និងពិនិត្យតាមដានផលប្រយោជន៍នៃការប្រើប្រាស់។ បរិក្ខារទាំងនេះ នឹងបន្តពង្រឹងប្រព័ន្ធថែទាំសុខាភិបាលជាតិនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូត បាប្លូ កាង ក៏បានកត់សម្គាល់ផងដែរ ដោយប្រទេសអូស្ត្រាលីបានធ្វើការកោតសរសើរដល់កិច្ចខិតខំរបស់ក្រសួងសុខាភិបាល និងយូនីសេហ្វ ក្នុងការធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍នានាដើម្បីកំណត់ និងជួយទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ លោកថា ៖ «យើងមានសេចក្ដីរីករាយក្នុងការជួយដល់ក្រសួង ដើម្បីធានានូវយុទ្ធនាការមួយប្រកបដោយសមធម៌ និងបរិយាប័ន្នសង្គម»។
ចំណែក លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី ២៨ កុម្ភៈដែរថា៖ «យូនីសេហ្វ មានមោទនភាពដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូនានា ដូចជាស្ថានទូតអូស្ត្រាលីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោករបស់ប្រទេសកម្ពុជា»។ ជាមួយនឹងអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាលអូស្ត្រាលី យូនីសេហ្វនឹងអាចបន្តគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជា និងពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល ក្រោយពីជំងឺរាតត្បាតនេះ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានបញ្ជាក់ថា៖ «សមត្ថភាពបន្ថែមនៃបរិក្ខារប្រព័ន្ធត្រជាក់នេះនឹងមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះសេវាសុខាភិបាល សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដូចជាការពង្រឹងការផ្ដល់វ៉ាក់សាំងជាប្រចាំដល់កុមារ និងការសង្គ្រោះអាយុជីវិតកុមាររាប់មិនអស់។ យើងរីករាយណាស់ដោយបានដើរតួនាទីជាផ្នែកមួយនៃកេរដំណែលនេះសម្រាប់អនាគត»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្ត្រាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ ១៩។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ សូមអង្វរករដល់ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធីការពារខ្លួន ៣ ការពារ និង ៣ កុំ ឱ្យបានជាប់ជាប្រចាំផងដែរ»។ វិធានការ ៣ ការពារ រួមមានពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ ម៉ែត្រ ចំណែក ៣ កុំ រួមមាន កុំទៅកន្លែងបិទជិត កន្លែងមានមនុស្សកុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា៕