ភ្នំពេញៈ តួកគីប្រកាសប្តេជ្ញាចិត្តនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ខណៈកម្ពុជាជឿជាក់ថា ការបើកស្ថានទូតប្រចាំប្រទេសទាំង ២ នឹងបង្កើនទំនាក់ទំនងទ្វេភាគីមួយកម្រិតទៀត។
តួកគីប្រកាសដូច្នេះក្នុងជំនួបរវាងលោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេសតួគី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានាថ្ងៃទី ២៧ ខែកុម្ភៈក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសតួកគីរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ។
លោក Mevlüt Çavuşoğlu ជួបលោក ប្រាក់ សុខុន តាមប្រព័ន្ធវីដេអូដោយសារលោក MevlütÇavuşoğlu ស្ថិតក្នុងការធ្វើចត្តាឡីស័កនៃជំងឺកូវីដ- ១៩។ នេះបើតាមលោក Mevlüt Çavuşoğlu ដែលបានសរសេរនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី ២៧ ខែកុម្ភៈ។
លោកសរសេរថា៖ «យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលជាប្រធានអាស៊ាន។ យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ»។
ក្នុងអំឡុងដំណើរទស្សនកិច្ច លោក ប្រាក់ សុខុន បានបើកសម្ពោធស្ថានទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីក្រោមវត្តមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ ដោយមានការចូលរួមពីឥស្សរជនតួកគីព្រមទាំងសមាជិកអង្គទូត។
សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី ២៨ ខែកុម្ភៈថា៖ «រដ្ឋមន្ត្រីទាំង ២ មានជំនឿថា ការបើកស្ថានទូតប្រចាំប្រទេសទាំង ២ នឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះឡើង ១ កម្រិតទៀត»។
រដ្ឋមន្ត្រីទាំង ២ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសតួកគី កាលពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ ២០១៨ ថា បានបើកទំព័រសករាជថ្មីនៃកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់រវាងកម្ពុជា និងតួកគី។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «រដ្ឋមន្ត្រីទាំង ២ បានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ សមស្របទៅនឹងសក្តានុពលនៃប្រទេសទាំង ២ ក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង់ ថាមពល កសិកម្ម ជួសជុល និងថែទាំ ទេសចរណ៍ និងការដោះមីន»។
រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតសភាបន្ថែមទៀត តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសភា។ លោក ប្រាក់ សុខុន បានអបអរសាទរ ប្រទេសតួកគី ដែលបានផលិតវ៉ាក់សាំង ការពារកូវីដ ១៩ ក្នុងប្រទេស (Turkovac) ប្រកបដោយជោគជ័យ ខណៈរដ្ឋមន្ត្រីទាំង ២ បានសរសើរគ្នាទៅវិញទៅមក ចំពោះជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ និងការបើកប្រទេសរបស់ខ្លួនឡើងវិញ។
ភាគីទាំង ២ បានប្តេជ្ញាថា នឹងទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងគ្នាទៅវិញទៅមក ខណៈកម្ពុជាបានអរគុណដល់តួកគី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាក្នុងវិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់និងគម្រោងលំនៅឋានដែលកំពុងដំណើរការក្រោម កិច្ចសហប្រតិបត្តិការតួកគី និងទីភ្នាក់ងារសម្របសម្រួល (TIKA) នៅស្រុកស្អាង ខេត្តកណ្តាល។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលលោក Mevlüt Çavuşoğlu បានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិត និងមន្ត្រីរាជការកម្ពុជានៅឆ្នាំនេះ ខណៈភាគីទាំង ២ បានបង្ហាញជំហរគាំទ្រគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នអន្តរជាតិ។ តួកគីទន្ទឹងរង់ចាំលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង សន្ទនារបស់ខ្លួនជាមួយអាស៊ាន៕