ភ្នំពេញៈ ក្រសួង​សុខាភិបាល បាន​បញ្ជាក់ថា ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ម៉ូលណាទ្រីស​ ឬ​ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មិល្លីក្រាម មិនមែន​សម្រាប់​លេប​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ នោះឡើយ ប៉ុន្តែ​វា​ជា​ឱសថ​សម្រាប់​លេប​ ដើម្បី​ព្យាបាល​ជំងឺ​កូវីដ​នៅពេលដែល​ឈឺ​ប៉ុណ្ណោះ​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា ក្រសួង​សុខាភិបាល​បានធ្វើ​ការណែនាំ ក្រើនរំឭក​ពី​នីតិវិធី ស្តង់ដា​ដែល​ត្រូវប្រកាន់​យក និង​អនុវត្ត​សម្រាប់​ការថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​ នៅតាម​ផ្ទះ ដោយ​ក្នុងការ​ណែនាំ​នោះ ក៏មាន​ការលើកឡើង​ពី​ការប្រើប្រាស់​ឱសថ​ម៉ូលនូពីរ៉ាវា សម្រាប់តែ​អ្នក​ដែល​រកឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩​ ប៉ុណ្ណោះ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឱសថ​ម៉ូលនូពីរ៉ាវា​នេះ គឺ​សម្រាប់តែ​អ្នក​ដែល​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​តែប៉ុណ្ណោះ មិនមែន​សម្រាប់​ទិញយក​ទៅ​លេប​ ដើម្បី​ការពារ​មិនឱ្យ​ឆ្លង​កូវីដ​ ១៩ ​នោះទេ​។ មាន​បងប្អូន​យើង​ខ្លះ​អាច​ច្រឡំ​ពី​ការប្រើប្រាស់​ថ្នាំ​នេះ​»​។

ចំនួន​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ពិសេស​ប្រភេទ​អូមីក្រុង​ត្រូវបាន​រកឃើញ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យបារម្ភ​ខ្លាំង​ពី​ការឆ្លង​នេះ​។

លោកស្រី ឱ វណ្ណឌីន បាន​បន្តថា ការភ័យ ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ គឺជា​ការត្រឹមត្រូវ​ហើយ ប៉ុន្តែ​ពួកគាត់​ក៏​មិនត្រូវ​ភ័យ​ពេក ហើយក៏​មិនត្រូវ​ហ៊ាន​ពេក​ដែរ​។ លោកស្រី​បញ្ជាក់ថា៖ «​កត្តា​សំខាន់​គឺ​ការការពារ​ខ្លួន​យើង​ទេ ហើយ​ការដែល​យើង​នាំគ្នា​សម្រុក​ទៅ​ទិញ​ឱសថ​ម៉ូលនូពីរ៉ាវា​មក​ប្រើប្រាស់​ ខណៈដែល​យើង​មិនទាន់បាន​ឆ្លង​វីរុស​នេះ​ផង​នោះ វា​គឺជា​ការមិន​ត្រឹមត្រូវ​នោះទេ​។ ខ្ញុំ​សុំ​បញ្ជាក់​ជាថ្មី ឱសថ​នេះ មិនមែន​យកទៅ​លេប ដើម្បី​ការពារ​នោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ធ្វើតេស្ត​រហ័ស​ឃើញ​មាន​ ២ ​ឆ្នូត​ ឬ​វិជ្ជមាន​កូវីដ​ ១៩​។ អ្នកជំងឺ​ត្រូវ​លេបថ្នាំ​នេះ​រយៈពេល​ ៥ ​ថ្ងៃ​»​។

ទោះបីជា​ប្រជាពលរដ្ឋ​ខ្លះ នាំគ្នា​ទៅ​ទិញ​ឱសថ​ម៉ូលនូពីរ៉ាវា​ដើម្បី​ស្តុក​ទុក តែ​ការអនុវត្ត​នូវ​ការការពារ​មានការ​ខ្វះចន្លោះ នោះ​ការឈឺ​ឬ​ការឆ្លង​របស់​បុគ្គល​នោះ ឬ​ក្រុមគ្រួសារ គឺមាន​គ្រប់ពេល​ទាំងអស់​។ ដូច្នេះ អ្វីដែល​ត្រូវធ្វើ​គឺ​ត្រូវ​នាំគ្នា​ទប់ស្កាត់​ល្បឿន​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ពិសេស​​អូមីក្រុង កុំឱ្យ​ឆ្លង​ចូលក្នុង​សហគមន៍​លឿន​ពេក​។ នេះ​ជាការ​អំពាវនាវ​បន្ថែម​ពី​លោកស្រី ឱ វណ្ណឌីន​។

ទាក់ទង​នឹង​ការព្យាបាល​សម្រាប់​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​មាន​រោគសញ្ញា​តិចតួច ឬ​គ្មាន​រោគសញ្ញា ក្រសួង​សុខាភិបាល ធ្លាប់បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​អាចធ្វើ​ការថែទាំ​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នៅផ្ទះ ដោយ​ប្រើ​ឱសថ​ព្យាបាល​តាម​រោគសញ្ញា​តាម​ការចាំបាច់ ឬ​ប្រើ​ឱសថ​ប្រឆាំង​វីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីល្លីក្រាម ជាដើម​។

កម្រិត​ដូស​ប្រើប្រាស់ គឺ​លេប​ម្ដង ៤ ​គ្រាប់​ (​កម្រិត ២០០​ មីល្លិក្រាម​ក្នុង ១ ​គ្រាប់​) លេប​រៀងរាល់​ ១២​ ម៉ោង​ម្តង សម្រាប់​រយៈពេល ៥ ​ថ្ងៃ​បន្តបន្ទាប់​។ គួរប្រើ​ឱសថ​នេះ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ បន្ទាប់​ពី​ការធ្វើ​តេស្ត​រហ័ស​រក​អង់ទី​ហ្ស៊ែន​កូវីដ​ ១៩ ឃើញ​វិជ្ជមាន​។ ឱសថ​នេះ​មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​អាយុ​ក្រោម ១៨​ ឆ្នាំ និង​ស្ត្រី​បំបៅ​ដោះ​កូន​ប្រើប្រាស់​ឡើយ​។

ចំណែក លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ធ្វើការ​ណែនាំ​ពី​ការពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូមីក្រុង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។

លោក​បាន​ស្នើឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រដ្ឋបាល​ក្រុង-​ស្រុក មន្ទីរ​សុខាភិបាល មន្ទីរ​ទេសចរណ៍ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ឃុំ-​សង្កាត់ ត្រូវ​បន្ត​ជំរុញ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​ឱ្យមាន​ការចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​ផ្សេងៗ​ទៀត ពិសេស​វិធានការ​ ៣ ​ការពារ និង​ ៣ ​កុំ នៅតាម​ទីតាំង​សាធារណៈ​នានា​។

លោក​ ទៀ សីហា បាន​លើកឡើង​ថា​៖ «​ជំរុញ​ផ្សព្វផ្សាយ​ពី​ការការពារ​នេះ​នៅតាម​ផ្សារ កន្លែង​លក់​គ្រឿងឧបភោគ​បរិភោគ និង​ទំនិញ​គ្រប់​ប្រភេទ វិហារ​សាសនា វត្តអារាម រមណីយដ្ឋាន​ទេសចរណ៍ ភោជនីយដ្ឋាន-​អាហារដ្ឋាន កន្លែង​ប្រារព្ធ​ពិធី​បុណ្យទាន អាពាហ៍ពិពាហ៍ និង​ទីតាំង​ផ្សេងទៀត​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​»​។

ភោជនីយដ្ឋាន-អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​គ្រប់​ប្រភេទ​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ ការសម្លាប់​មេរោគ ការ​វាស់កម្ដៅ ការស្គែន QR Code និង​ត្រូវ​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​ជាដើម​។ លោក សីហា ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នករៀបចំ​កម្មវិធី​ជួបជុំ​នានា រួម​នឹង​សកម្មភាព​សង្គម​ត្រូវ​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការជួបជុំ​គ្នាច្រើន និង​ត្រូវ​កាត់​បន្ថយ​ការចូលរួម​កម្មវិធី​ជួបជុំ​ញឹកញាប់​។

ទន្ទឹមនឹង​នេះដែរ​រដ្ឋ​បាល​ខេត្ត​ក៏បាន​ណែនាំ​ឱ្យមាន​ការត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង បើ​បុគ្គល​ណាមួយ​ពុំបាន​ចាក់​វ៉ាក់សាំង​ ឬ​ហួស​រយៈពេល​ ៤​ ខែ​ហើយ​មិនបាន​ទៅ​ចាក់​វ៉ាក់សាំង ដូស​ទី​ ៣ ដូស​ទី​៤ ​ឬ​ដូស​ជំរុញ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ បុគ្គល​នោះ​មិន​អនុញ្ញាត​ឱ្យចូល​ទីតាំង ឬ​កន្លែង​ប្រារព្ធ​ពិធី​ណាមួយ​ឡើយ​៕

វីដេអូ៖