ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ ៣ ប្រវែងជាង ១៣៤ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពតដែលជាជំនួយឥតសំណងរបស់ចិនជាង ២០០ លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី ២ ខែមីនា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីស្ថាបនាអស់ពេល ៣៤ ខែ។
ក្នុងពិធីសម្ពោធនោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា សមិទ្ធផលដែលបានកើតឡើងលើទឹកដីកម្ពុជានេះ វាបានចេញមកពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយប្រទេសចិន។ លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ ៣ មានតួនាទីសំខាន់ណាស់ ព្រោះជាខេត្តដែលផលិតអំបិលដែលជួយសម្រួលដល់ការចែកចាយអំបិលទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងជាខេត្តដែលឆ្ពោះទៅតំបន់មាត់សមុទ្រផងដែរ។
បន្ថែមពីនេះលោកបានសរសើរចំពោះការដាំដើមឈើ និងផ្កានៅតាមទ្រូងពុះចែកផ្លូវនេះដែលអាចបង្កើតទៅជាសោភណភាពមួយសម្រាប់ការធ្វើដំណើរ ឬភាពបៃតង។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពច្បាប់ចរាចរណ៍កុំបើកបរលើសល្បឿនកំណត់ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូចសុំកុំឱ្យដឹកលើសទម្ងន់ដែលនៅប្រទេសរបស់យើងឥឡូវនេះកំពុងតែដាក់ជញ្ជីងតាមផ្លូវ ហើយមិនដឹងពេលណាយើងដកជញ្ជីងអស់ អ៊ីចឹងទេអំពាវនាវឱ្យមានការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ កុំឱ្យដឹកលើសទម្ងន់ កុំបើកល្បឿនលឿន»។
លោក ហ៊ុន សែន បានឱ្យដឹងដែរថា បច្ចុប្បន្នយុទ្ធសាស្ត្រធ្វើផ្លូវត្រូវបានផ្លាស់ប្តូរ ដោយពីមុនធ្វើឱ្យតែបានវែង ប៉ុន្តែមិនមានគុណភាព។ លោកថា៖ «ប្រជាពលរដ្ឋថា ធ្វើផ្លូវមិនជាប់ ធ្វើពីមុខ ខូចក្រោយ អ៊ីចឹងបានជាឥឡូវនេះក្នុងការស្ថាបនាផ្លូវ យើងក៏ចាប់ផ្តើមកែលម្អដែលមានតម្លៃថ្លៃជាងមុន ដូច្នេះហើយបានជាយើងត្រូវឱ្យមានការសាងសង់ផ្លូវដែលមានគុណភាព ចាប់ពីពេលនេះតទៅផ្លូវរបស់យើងនឹងមានតម្លៃថ្លៃជាង ដោយសារយើងចាក់បេតុងកៅស៊ូ AC ដើម្បីធានាគុណភាពប្រើប្រាស់បានយូរ»។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងដែរថា ការដាក់សម្ពោធផ្លូវនេះបានបង្ហាញឱ្យឃើញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ លោកថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ទាក់ទងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានខែមកនេះយើងបានឃើញសមិទ្ធផលជាច្រើនដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយនៅថ្ងៃអនាគត ប្រទេសចិននឹងផ្តល់ជំនួយដល់កម្ពុជាតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន ដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា»។
ទាក់ទងនឹងការស្ថាបនាផ្លូវនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានសម្ដែងការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួមស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
លោកបានថ្លែងថា កំណាត់ផ្លូវនេះមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេសការធ្វើដំណើរកម្សាន្តទៅខេត្តកំពត និងខេត្តកែបដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបន្តថា៖ «បន្ថែមពីលើនេះខ្សែផ្លូវនេះមានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិព្រមទាំងបញ្ចៀសបានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ»។
លោករដ្ឋមន្ត្រីបន្តទៀតថា កំណាត់ផ្លូវជាតិលេខ ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូង តាមមាត់សមុទ្រនៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវេលេខ ១២៣ (AH123) ពីប្រទេសថៃមកកម្ពុជាតាមរយៈផ្លូវជាតិលេខ ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំការហ្លួង។ ផ្លូវជាតិលេខ ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាមតាមរយៈផ្លូវជាតិលេខ ៣៣ កាត់តាមកំពង់ត្រាចចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជាជាមួយប្រទេសជិតខាង។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីចោមចៅទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ ២០០៨-២០១១ ប៉ុន្តែដោយសង្កេតឃើញថា កំណើនចរាចរណ៍មានការកើនឡើង រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពង្រីកកំណាត់ផ្លូវនេះ ដោយក្រាលបេតុងកៅស៊ូ AC ឡើងវិញ។
តាមគម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ ៣ នេះមានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ បានពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ ម៉ែត្រក្នុងនោះខ្សែផ្លូវឆ្លងកាត់រាជធានី-ភ្នំពេញប្រវែង ១២ គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ១១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៣០ គីឡូម៉ែត្រ ខេត្តតាកែវប្រវែង ៣០ គីឡូម៉ែត្រ និងខេត្តកំពតប្រវែង ៥១ គីឡូម៉ែត្រ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើពេលសាងសង់អស់ ៣៤ ខែ គិតចាប់ពីខែតុលា ឆ្នាំ ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ ២០២១។ ចំណែកឯការចំណាយថវិកាវិញអស់សរុបប្រមាណ ២១៥,៣៨៨ លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕