ភ្នំពេញៈ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ សាលារាជធានីភ្នំពេញបានខិតខំដោះស្រាយបញ្ហាពលរដ្ឋដែលរស់នៅលើដីសាធារណៈរបស់រដ្ឋនៅតាមសហគមន៍ក្រីក្របានចំនួន ១៥០ សហគមន៍ ក្នុងចំណោម ៣០០ សហគមន៍ ដែលក្នុងនោះក៏មានទាំងការអភិវឌ្ឍនៅនឹងកន្លែងផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រាជធានីភ្នំពេញ” កាលពីថ្ងៃទី ១ ខែមីនាអភិបាលរងរាជធានី-ភ្នំពេញ លោក កើត ឆែ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ដោយគិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ សាលារាជធានីបានដោះស្រាយជូនសហគមន៍ក្រីក្រចំនួន ១៥០ ក្នុងចំណោម ៣០០ សហគមន៍ ដែលមករស់នៅលើដីសាធារណៈរបស់រដ្ឋ។
លោកបន្តថា៖ «ដូចបងប្អូនបានជ្រាបហើយយើងមិនដែលប្រើអំពើណាមួយដែលដេញប្រជាពលរដ្ឋអត់មានសំណងទេ ហើយគ្មានអ្នកណាល្អជាងកម្ពុជាទេ នៅពេលមានអ្នករស់នៅលើដីរដ្ឋអត់បានផ្តន្ទាទោសទេគឺរាជរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខិតខំរកដីសម្បទានសង្គមកិច្ចជូនគាត់ ឬផ្តល់សំណងផ្សេងៗជូនគាត់»។
ទន្ទឹមនេះដែរ លោកបានសង្កត់ធ្ងន់ថា ស្របពេលដែលមន្ត្រីជំនាញខិតខំដោះស្រាយជាមួយពលរដ្ឋដោយសន្តិវិធី បែជាមានអ្នកញុះញង់ឱ្យពលរដ្ឋទៅចាប់ដីសាធារណៈរបស់រដ្ឋ គឺត្រូវប្រឈមមុខច្បាប់ដោយមិនលើកលែងឡើយ។ លោកថា៖ «រដ្ឋបាលរាជធានីភ្នំពេញមិនមានគោលនយោបាយឱ្យពង្រីកសហគមន៍អ្នកក្រីក្រតាមរបៀបការលើកទឹកចិត្តរបស់ជនមួយក្រុមតូចដែលអគតិ ជំរុញឱ្យប្រជាពលរដ្ឋទៅចាប់ដីសាធារណៈរបស់រដ្ឋនៅរាជធានីភ្នំពេញទេ គឺមិនបានដាច់ខាត»។
មានន័យថា៖ «សហគមន៍ ៣០០ យើងខិតខំដោះស្រាយដែលជាកាតព្វកិច្ចរបស់យើងខ្ញុំទាំងអស់គ្នា ប៉ុន្តែបើមានជនណាម្នាក់គាត់ ចង្អុលបង្ហាញទៅឱ្យគេចាប់ដីរដ្ឋ ធ្វើជាកម្មសិទ្ធិ អ្នកនោះត្រូវទទួលទោសចំពោះមុខច្បាប់ ជាមេខ្លោងដែលមិនអាចលើកលែង»។
ជាមួយគ្នានេះដែរ លោក កើត ឆែ បានលើកយកករណីចំនួន ២ សម្រាប់ដោះស្រាយជាមួយពលរដ្ឋដែលមកតាំងទីលំនៅលើដីរដ្ឋ។ លោកថា៖ «ទី ១ យើងអាចធ្វើប្រទានកម្មជូនគាត់បាន ក្នុងករណីគាត់រស់លើដីរដ្ឋដោយមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាប៉ះពាល់ផ្លូវ លូ និងប្រព័ន្ធបង្ហូរទឹក រឿងនេះយើងអាចធ្វើប្រទានកម្មជូនគាត់»។
ដូចករណីអ្នករស់នៅប្រឡាយស្ទឹងមានជ័យ គាត់ព្រមព្រៀងគ្នាយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញទំហំដី ៤ គុណ ៦ ម៉ែត្រ ហើយយើងបានធ្វើប្រឡាយដោយធានាបានថា មិនធ្វើឱ្យស្ទះប្រព័ន្ធផ្លូវទឹកនោះឡើយ រីឯបងប្អូនប្រជាពលរដ្ឋគឺទទួលបានកម្មសិទ្ធិស្របច្បាប់។
ករណីពលរដ្ឋមួយចំនួនទៀត ដែលរស់នៅលើចិញ្ចើមផ្លូវ ឬធ្វើផ្ទះនៅលើតួប្រឡាយតែម្តង «យើងមិនអាចធ្វើប្រទានកម្មជូនគាត់ កាលណាយើងបិទប្រឡាយលិចទឹក អ៊ីចឹងចំពោះករណីនេះយើងអត់អាចធ្វើប្រទានកម្មជូនគាត់បានទេហើយក៏បានណែនាំឱ្យគាត់ស្ងប់ស្ងាត់ កុំជឿតាមគេ»។
លោកបានបញ្ជាក់ថា ចំពោះកម្មសិទ្ធិដីធ្លីបែបនេះ គឺពិនិត្យដោយករណី ព្រោះករណីខ្លះ ធ្វើប្រទានកម្មបាន និងករណីខ្លះមិនអាចធ្វើបានទេដោយសារប៉ះពាល់ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
លោកអភិបាលរងបានបន្តទៀតថា ឧទាហរណ៍ សាលារាជធានី កំពុងស្ថាបនាផ្លូវរទេះភ្លើងពីទំនប់ ៧០ ទៅគីឡូម៉ែត្រលេខ ៦ ហើយសិក្សាឃើញថា នៅតំបន់នោះ មានភាពស្មុគស្មាញ ដែលទាមទារឱ្យធ្វើប្រព័ន្ធរំដោះទឹកធំ ទើបអាចធានាបាន។ លោកថា៖ «ឥឡូវយើងសិក្សាឃើញថា ប្រឡាយនោះវាធំ ប៉ុន្តែដើម្បីធានាប្រព័ន្ធរំដោះទឹកបាន គឺយើងត្រូវការបុកស៊ីផាយ ជញ្ជាំង បេតុង ហើយសល់ដីមួយចំនួន យើងនឹងចែកជូនពលរដ្ឋ»។
នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន ថ្លែងថា ការដោះស្រាយកន្លងមករបស់អាជ្ញាធររាជធានីមានភាពវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះចំពោះអ្នកដែលរងផលប៉ះពាល់។
លោកបញ្ជាក់ថា៖ «ករណីជាច្រើនការដោះស្រាយអូសបន្លាយពេលយូរ ហើយក៏មានការបង្កឱ្យមានការចាប់ខ្លួន ដូចករណីបុរីកីឡា និងបឹងកក់។ ប៉ុន្តែយើងក៏មើលឃើញដំណោះស្រាយល្អ មិនបង្កឱ្យមានហិង្សាអាចទទួលយកបានដូចជាសហគមន៍រស់នៅប្រឡាយស្ទឹងមានជ័យ ដែលមានការអភិវឌ្ឍនៅនឹងកន្លែង»។
យ៉ាងណាក្តីលោក សារ៉ន នៅតែស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីដីធ្លី ដោយឈរលើគោលកាណ៍ច្បាប់ ប្រកបដោយតម្លាភាព និងត្រូវមានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាដល់ការដោះស្រាយដោយសន្តិវិធី និងផ្តល់ផលប្រយោជន៍រួម៕