ភ្នំពេញៈ មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញប្រាប់ទៅក្រុមយុវជនបរិស្ថាន កុំយកបញ្ហាបរិស្ថានទៅធ្វើសកម្មភាពកេងចំណេញផលប្រយោជន៍ផ្សេង និងត្រូវធ្វើកិច្ចការឱ្យស្របតាមវិជ្ជាជីវៈដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធលើបញ្ហាបរិស្ថាន ឬបញ្ហាសំរាមក្នុងទីក្រុង តែតំណាងក្រុមយុវជនបានបញ្ជាក់ថា សកម្មភាពរបស់ពួកគេ គឺចង់ឱ្យទីតាំងដែលមានបញ្ហាកកស្ទះសំរាមត្រូវបានដោះស្រាយ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងបែបនេះនៅក្នុងសន្និសីទព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់រាជធានីភ្នំពេញ» នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១ មីនា។
លោកលើកឡើងថា បញ្ហាសំរាម អ្នកនាំពាក្យរដ្ឋបាលរាជធានី-ភ្នំពេញ ធ្លាប់បានបញ្ជាក់ហើយថា សេវាសំរាមលែងមានការកកស្ទះទៀតហើយ។ លោកចោទសួរថា បញ្ហាសំរាមនេះ តើអ្នកណាជាអ្នកបង្កើត ដូច្នេះបើគិតថាចង់គិតគូរលើបញ្ហាសំរាមនេះ គឺទាល់តែប្រើប្រាស់ប្រព័ន្ធគណនេយ្យភាពសង្គម រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច គឺជាការល្អប្រសើរ កុំយកវេទិកានេះទៅធ្វើសកម្មភាពមួយដែលកេងចំណេញរឿងអ្វីផ្សេងទៅវិញ។
លោកបញ្ជាក់ថា៖ «បើសិនជាគាត់រាយការណ៍មកយើងខ្ញុំ ពួកយើងខ្ញុំអត់ឆ្លើយតបអាហ្នឹងអាចថា ប្រព័ន្ធគណនេយ្យភាពសង្គមវាអត់ដើរ។ ប៉ុន្ដែបើខ្ញុំឆ្លើយតបមានន័យថា ប្រព័ន្ធគណនេយ្យភាពសង្គមហ្នឹងវាដើររួចហើយ។ អ៊ីចឹង សូមឱ្យយុវជនបរិស្ថានទាំងអស់ធ្វើកិច្ចការឱ្យស្របតាមវិជ្ជាជីវៈ ដោយធ្វើកិច្ចការជាមួយអាជ្ញាធរតាមប្រព័ន្ធគណនេយ្យភាពសង្គម ដើម្បីយើងធ្វើកិច្ចការហ្នឹងជាមួយគ្នា»។
លោក កើត ឆែ ចោទសួរទៀតថា បើសំរាមនៅតាមប្រឡាយ តើអ្នកណាជាអ្នកបោះចោលសំរាមនោះ? ដូច្នេះយុវជនបរិស្ថានត្រូវជួយដល់អាជ្ញាធរ ដូចជានៅពេលបានឃើញមនុស្សម្នាក់ទៅបោះចោលសំរាមនៅក្នុងប្រឡាយ ដែលធ្វើឱ្យកកស្ទះ គឺត្រូវរាយការណ៍មកអាជ្ញាធរលើបញ្ហានេះ។
លោកថ្លែងថា៖ «យើងសួរពីប្រភពសំរាមនោះមកពីណាសិន គឺមកពីអ្នកដែលបោះចោលសំរាមនោះអ្នកដែលមិនគោរពច្បាប់ហ្នឹងហើយ។ អ៊ីចឹងគាត់ត្រូវផ្ដល់ព័ត៌មាន មកអាជ្ញាធរដែរថា អ្នកដែលបោះចោលសំរាមក្នុងប្រឡាយនោះមានគ្រួសារណាមួយ ឬមានរូបថតដើម្បីអាជ្ញាធរទៅផាកពិន័យ។ យើងធ្វើអ៊ីចឹងបានលុបបំបាត់បាន»។ លោក កើត ឆែ លើកឡើងថា ប៉ុន្ដែនៅពេលក្រុមយុវជនបរិស្ថានឃើញសំរាមហើយ បែរជាទៅធ្វើសកម្មភាពផ្សេងដើម្បីបង្ហាញរូបភាពណាមួយនោះគឺមិនត្រឹមត្រូវទេ។
លោកថា៖ «សូមឱ្យយុវជនបរិស្ថាន ធ្វើការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចឱ្យបានជិតស្និទ្ធបំផុតជាពិសេសជាមួយរដ្ឋបាលខណ្ឌ។ បើរដ្ឋបាលខណ្ឌរវល់ អត់បានឆ្លើយតប អាចដាក់លិខិត សុំការពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ គឺខ្ញុំនឹងរីករាយធ្វើការជាមួយ ដើម្បីធ្វើម៉េចឱ្យបរិស្ថានល្អទាំងអស់គ្នា ក៏សូមសំណូមពរឱ្យយុវជនបរិស្ថានទាំងអស់ ធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈកុំមានគោលបំណងផ្សេង ខ្ញុំសុំតែប៉ុណ្ណឹងទេ»។
សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៣ មីនា ថា កាលពីថ្ងៃទី ២ មីនា នាងបានតំណាងឱ្យក្រុមយុវជន និងប្រជាពលរដ្ឋប្រមាណ ៧០ នាក់បានយកលិខិតស្នើសុំដោះស្រាយបញ្ហាកកស្ទះសំរាមនៅតាមលូប្រឡាយ ស្ថិតនៅភូមិសាស្ដ្រខណ្ឌចំនួន ៣ គឺខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌចំការមន ក្រោយពីពួកគេបានឃើញសំរាមមានការកកស្ទះនៅតាមបណ្ដោយលូ ប្រឡាយស្ថិតក្នុងខណ្ឌទាំង ៣ នេះ។
យុវតីវ័យ ២០ ឆ្នាំរូបនេះបញ្ជាក់ថា៖ «គោលដៅរបស់ពួកយើង គឺចង់ឃើញកន្លែងដែលមានសំរាមកកស្ទះត្រូវបានស្ដារ ឬក៏ត្រូវបានដោះស្រាយ។ យើងក៏សង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការសិក្សាលើឫសគល់នៃបញ្ហា និងដាក់ចេញវិធានការយ៉ាងណាឱ្យបានល្អ និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំឱ្យមានសំរាមកកស្ទះតាមលូ ប្រឡាយបន្តទៀត»។
កែវរស្មីស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរតាមបណ្ដាខណ្ឌ ចូលរួមលើកទឹកចិត្ដដល់ក្រុមយុវជន ដែលជាអ្នកស្រឡាញ់ និងចូលរួមសកម្មភាពលើបញ្ហាបរិស្ថាននេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា៕
វីដេអូ៖