លោកស្រី មិថុនា ភូថង គឺជាស្ត្រីទី១ និងជាកូនចៅអ្នកនយោបាយដែលបានតស៊ូរំដោះប្រទេសពីភ្លើងសង្គ្រាម ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុងតាំងពីឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ននេះ។
ក្នុងការកាន់តំណែងនេះ លោកស្រីបានដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកស្រីបានផ្តល់កិត្តិយសធ្វើបទសម្ភាសជាមួយកាសែតភ្នំពេញ-ប៉ុស្តិ៍លើកិច្ចការអភិវឌ្ឍន៍របស់ខេត្តកោះកុង និងទិសដៅអភិវឌ្ឍន៍បន្ដដែលមានខ្លឹមសារដូចតទៅ ៖
ភ្នំពេញ ប៉ុស្ដិ៍ៈ ចាប់តាំងពីលោកស្រីចូលកាន់តំណែងរហូតមកទល់ពេលនេះ តើលោកស្រីបានរួមចំណែកអភិវឌ្ឍ និងកសាងសមិទ្ធផលអ្វីខ្លះសម្រាប់ខេត្តកោះកុង ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម?
លោកស្រី មិថុនា ភូថង៖ បន្ទាប់ពីនាងខ្ញុំចូលកាន់តំណែងជាអភិបាលខេត្តកោះកុងនាខែមិថុនា ឆ្នាំ ២០១៧ កន្លងមកនាងខ្ញុំបានដឹកនាំរដ្ឋបាលខេត្តកោះកុងដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋទូទាំងខេត្តកោះកុង។
ចាប់តាំងពីឆ្នាំ ២០១៧ មក តាមរយៈការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត រដ្ឋបាលខេត្តបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា ៖ ១-សាងសង់ផ្លូវបេតុង ៧៤ ខ្សែ ២- សាងសង់ផ្លូវក្រាលកៅស៊ូអាសេ (AC) ៨ខ្សែ ៣-ថែទាំជួសជុលផ្លូវកៅស៊ូ DBST ចំនួន ២៨ ខ្សែ ៤- សាងសង់ និងថែទាំផ្លូវក្រួសក្រហមចំនួន ៣៩ ខ្សែ ៥- សាងសង់លូកាត់ផ្លូវចំនួន ៨ កន្លែង ៦- សាងសង់លូដោះទឹកចំនួន ១១ ខ្សែ ៧- ស្តារប្រឡាយចំនួន ៣ ខ្សែ ៨- សាងសង់អណ្តូងស្នប់ និងស្រះចំនួន ៣១ កន្លែង ៩- សាងសង់ស្ពានចំនួន ៣២ កន្លែង ១០- ជួសជុលទំនប់ការពារទឹកប្រៃ ១១- សាងសង់កំពង់ផែចំនួន ១ កន្លែង ១២- សាងសង់អគារច្រកចេញចូលតែ ១ ចំនួន ៤ កន្លែង ១៣- សាងសង់អគារសាលាខេត្តចំនួន ១ កន្លែង ១៤- សាងសង់អគាររដ្ឋបាលឃុំចំនួន ៤ កន្លែង និង ១៥- សាងសង់សួនច្បារចំនួន ២ កន្លែង។
ក្រៅពីកញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក៏មានថវិកាអភិវឌ្ឍន៍របស់ក្រសួង មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដោយបានសាងសង់ និងជួសជុលនូវហេដ្ឋារចនាសម័ន្ធដើម្បីផ្តល់សេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរដូចជា៖ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម សំដៅសម្រួល និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងប្រែក្លាយខេត្តកោះកុងទៅជាទឹកដីដែលទាក់ទាញស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថា “តារារះ នាទិសនិរតី"។
ភ្នំពេញ ប៉ុស្ដិ៍ៈ តើសម្រាប់ផែនការបន្ទាប់របស់លោកស្រីក៏ដូចជារដ្ឋបាលខេត្តមានគម្រោងអភិវឌ្ឍន៍អ្វីខ្លះទៀត ដើម្បីប្រែក្លាយខេត្តកោះកុងឱ្យមានការអភិវឌ្ឍកាន់តែច្រើនថែមទៀត?
លោកស្រី មិថុនា ភូថង៖ ក្រុមប្រឹក្សាខេត្តកោះកុងអាណត្តិទី ៣ បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ (២០២០-២០២៤) និងត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឈានទៅសម្រេចនូវចក្ខុវិស័យក្នុងផែនការអភិវឌ្ឍន៍ខេត្ត។
ភ្នំពេញ ប៉ុស្ដិ៍ៈ តើខេត្តកោះកុងមានសក្តានុពលដូចម្តេច?
លោកស្រី មិថុនា ភូថង៖ ទីតាំងភូមិសាស្ត្រខេត្តកោះកុងជាទីតាំងដែលមានសក្តានុពលលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិក្នុងនោះយើងមាន៖ តំបន់ខ្ពង់រាបជួរភ្នំក្រវាញដែលសម្បូរដោយទឹកធ្លាក់ សត្វស្លាប ថនិកសត្វគ្រប់ប្រភេទ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ ...។ល។ តំបន់ឆ្នេរដែលលាតសន្ធឹងពីចាំយាម (ព្រំប្រទល់កម្ពុជា-ថៃ) រហូតដល់ព្រំប្រទល់ឃុំកែវផុស ខេត្តព្រះសីហនុ សម្បូរដោយឆ្នេរខ្សាច់ សត្វផ្សោតសមុទ្រ ព្រៃកោងកាង។ តំបន់ប្រជុំកោះ មានផ្កាថ្ម ស្មៅសមុទ្រ និងសម្បូរទៅដោយធនធានជីវចម្រុះគ្រប់ប្រភេទនៅតាមដងព្រែក និងព្រែកធំៗទាំង ៥ រួមមាន៖ ព្រែកកោះប៉ោ ព្រែកតាតៃ ព្រែកត្រពាំងរូង ព្រែកអណ្តូងទឹក និងព្រែកស្រែអំបិល ហើយនៅតំបន់នោះទៀតសោត ជាប្រភពធនធានដ៏សម្បូរបែប ព្រៃកោងកាងដែលជាជម្រកសត្វស្លាប និងដែនជម្រកមច្ឆជាតិជីវចម្រុះ ព្រមទាំងសម្រស់ធម្មជាតិដ៏ត្រកាល និងស្រស់បំព្រង។
ភ្នំពេញ ប៉ុស្តិ៍ៈ តើលោកស្រីមានយន្តការបែបណាក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងខេត្ត?
លោកស្រី មិថុនា ភូថង៖ ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះក៏មានបញ្ហាប្រឈមខ្លះផងដែរ ដូចជា នេសាទខុសច្បាប់ ការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ ការទន្ទ្រានព្រៃកោងកាង និងបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែអ្វីដែលយើងបានដោះស្រាយដោយមានយន្តការ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះ រួមមាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
ភ្នំពេញ ប៉ុស្តិ៍៖ លោកស្រីអាចនិយាយបានថា ជាស្ត្រីទី ១ និងវ័យក្មេង ដែលបានកាន់តំណែងជាអភិបាលខេត្ត តើលោកស្រីមានការលំបាកដែរទេ?
លោកស្រី មិថុនា ភូថង៖ ក្នុងនាមខ្ញុំជាអភិបាលខេត្ត ចំពោះពេលវេលាបំពេញការងារ ខ្ញុំត្រូវមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខច្បាប់ ឬលិខិតគតិយុត្តនានាដែលមានចែង ឯចំណែកគ្រួសារវិញក៏ត្រូវផ្ដល់ពេលវេលា និងភាពកក់ក្ដៅនៅក្នុងគ្រួសារដែរ តែខ្ញុំក៏ពិបាកដែរ ពេលខ្លះការងារច្រើនពេក ខ្ញុំមិនអាចកំណត់ជាក់លាក់បានទេ ចួនកាលក្នុង ១ សប្ដាហ៍រវល់ពេញ ៧ថ្ងៃតែម្ដង ប៉ុន្ដែនៅពេលមានពិធីបុណ្យ ឬថ្ងៃឈប់សម្រាកខ្លះ ខ្ញុំនៅតែឆ្លៀតយកពេលវេលាជួបជុំគ្រួសារ ដូចជាញាំអាហារ ដើរកម្សាន្តជុំគ្នា បង្ហាត់បង្រៀនកូនខ្លះៗ ហើយក៏សូមអរគុណដល់ស្វាមី និងកូនដែលគាត់តែងតែគាំទ្រ និងលើកទឹកចិត្តដល់ខ្ញុំក្នុងការបំពេញតួនាទីបានពេញលេញជាប្រចាំ។
ភ្នំពេញ ប៉ុស្តិ៍ៈ លោកស្រីក៏ជាចៅស្រីរបស់អ្នកនយោបាយ និងតស៊ូដ៏ឆ្នើមរបស់កម្ពុជា (ឯកឧត្តម សាយ ភូថង) និងក៏ជាកូនស្រីរបស់ឯកឧត្តម យុទ្ធ ភូថង។ តើលោកស្រីបានរៀនសូត្រចំណុចសំខាន់អ្វីខ្លះពីលោកទាំង ២?
លោកស្រី មិថុនា ភូថង៖ លោកតា សាយ ភូថង ជាឥស្សរជនឆ្នើមមានស្នាដៃចំពោះជាតិ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង។ នាងខ្ញុំបានរៀនសូត្រពីលោកតាជាច្រើនដូចជា៖ លោកតាតែងតែដាស់តឿនកូនចៅឱ្យចេះសន្សំសំចៃ ព្រមទាំងបានបណ្ដុះគំនិតឱ្យចេះស្នេហាជាតិមាតុភូមិ មានភាពស្មោះត្រង់ និងការពារប្រជាពលរដ្ឋទន់ខ្សោយត្រូវមានសាមគ្គីភាព មានវិន័យល្អ និងត្រូវចេះគោរពពេលវេលាឱ្យបានត្រឹមត្រូវ។
មានបេសកកម្ម និងស្នាដៃជាច្រើនរបស់លោកតា សាយ ដែលនាងខ្ញុំ និងក្រុមគ្រួសារចងចាំមិនអាចបំភ្លេចបាន និងគោរពដឹងគុណជានិច្ចក្នុងនោះមានស្នាដៃសំខាន់ៗដូចខាងក្រោម ៖
ទី ១៖ ភាពជាអ្នកដឹកនាំដ៏ក្លាហានអង់អាច និងការសម្រេចចិត្ត នាងខ្ញុំសូមកោតសរសើចំពោះភាពក្លាហានក្នុងការប្រមូលកម្លាំងតស៊ូ និងការសម្រេចចិត្តក្នុងការចូលរួម ដើម្បីទទួលបានឯករាជ្យពីបារាំងនាពេលនោះ។
លោកតាបានរៀបចំក្រុមយុវជនដើម្បីប្រឆាំងនឹងអាណានិគមនិយមបារាំងរហូតពួកបារាំងបានតាមចាប់គាត់។
ទី ២៖ មិនទទួលយកឋានៈបុណ្យស័ក្ដិ នេះជាគំរូដ៏ល្អមួយសម្រាប់នាងខ្ញុំ និងយុវជនជំនាន់ក្រោយ។ ពេលធ្វើការអ្វីមួយត្រូវមានទឹកចិត្តស្មោះត្រង់ តស៊ូអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែមិនទទួលយកលាភសក្ការៈទាំងឡាយណា ដែលនាំមកនូវភាពអន្តរាយដល់សង្គមជាតិឡើយ។ លោកតាត្រូវបានរៀបចំឱ្យមានតួនាទីក្នុងបក្ស ប៉ុន្តែលោកតាមិនព្រមទទួលដោយស្ម័គ្រចិត្តជាទីប្រឹក្សាផ្នែកយោធាខេត្តកោះកុង (ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់) នាពេលនោះ។
ទី ៣៖ ការធានាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងតស៊ូ លោកតាជាមេដឹកនាំម្នាក់ដែលមានការវិភាគពីស្ថានភាពនយោបាយយ៉ាងល្អិតល្អន់។ ការធានាអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងតស៊ូជាមួយលោក គឺជាអាទិភាពចម្បង។ ក្រោយពីវិភាគដឹងពីផែនការក្បត់របស់ ប៉ុល ពត លោកតា សាយ និងមេបញ្ជាការយោធាខេត្តកោះកុង (សម្តេចពិជ័យសេនា ទៀ បាញ់) បានរៀបចំយុទ្ធសាស្ត្រ ដើម្បីរៀបចំកម្លាំងផ្តាច់ខ្លួនប្រយុទ្ធប្រឆាំងនឹងកម្លាំងភូមិភាគនិរតីដែលចុះមកទឹកដីខេត្តកោះកុង...។
ទី ៤៖ លោកតាមានជំនឿលើពុទ្ធសាសនាយ៉ាងមុតមាំក្រោយពីប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម និងមានស្ថិរភាពលោកតាបានផ្តួចផ្តើមគំនិតបំបួសថ្នាក់ដឹកនាំខេត្តកោះកុងទាំងអស់មានចំនួន ៣៨ រូប។ នាងខ្ញុំយល់ពីអ្វីដែលលោកតាចង់ផ្តាំថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមានទសពិធរាជធម៌ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក អត់ធ្មត់ និងត្រូវចេះចែករំលែកគ្នា។
ភ្នំពេញ ប៉ុស្តិ៍ៈ តើលោកស្រីមានសារអ្វីដើម្បីលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតដែលមានបំណងក្នុងការកាន់តំណែងដូចលោកស្រី?
លោកស្រី មិថុនា ភូថង៖ តាមរយៈជំរឿនសេដ្ឋកិច្ច និងសង្គមកិច្ច ឆ្នាំ ២០១៩ គឺតួលេខស្ត្រី មានចំនួន ៥២% នៃចំនួនប្រជាជនសរុប ទន្ទឹមនឹងនោះស្ត្រីមានចំនួនត្រឹមតែ ២០% ប៉ុណ្ណោះដែលមានតួនាទីជាអ្នកដឹកនាំ ហើយក្នុងភាគរយខាងលើនេះ រួមមានរូបនាងខ្ញុំម្នាក់ផងដែរ។
ចំពោះបទពិសោធក្នុងការដឹកនាំពោលគឺថាទោះបីជាស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យសាធារណៈ ឯកជន ឬក្រុមហ៊ុនក្តី គឺរមែងតែងតែមានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល និងមានការបែងចែកតួនាទីទទួលខុសត្រូវយ៉ាងច្បាស់លាស់ ទៅតាមវិស័យនីមួយៗ ក្នុងន័យនេះ ការដឹកនាំគឺប្រព្រឹត្តទៅដោយរលូន ពោលគឺពុំមានបញ្ហាប្រឈមកើតឡើង ដែលថាមិនអាចឆ្លើយតបបាននោះឡើយ។ ដោយឡែក ការឆ្លើយតបនឹងបញ្ហាប្រឈមទើបជាបញ្ហាប្រឈមក្នុងការដឹកនាំពិតប្រាកដថា តើត្រូវអនុវត្តដូចម្តេចដើម្បីឱ្យទទួលបានប្រសិទ្ធភាព?
ជាការអនុវត្តទូទៅ សម្រាប់នាងខ្ញុំពោលគឺ៖ ១- ការផ្តល់ភាពជាគំរូក្នុងការអនុវត្តដែលកត្តានេះវាធ្វើឱ្យអ្នកគ្រប់គ្រង និងអ្នកដែលត្រូវបានគេគ្រប់គ្រង មានលទ្ធភាពអាចយកអនុវត្តបានទាំងអស់គ្នា និង ២- ការជំរុញលើកទឹកចិត្ត ដែលកត្តានេះផងដែរ វាធ្វើឱ្យមានការចូលរួមកាន់តែច្រើន៕