ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យនគរបាលជាតិនៃប្រទេសជាសមាជិកអាស៊ានទាំងអស់បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើភេរវកម្ម ដើម្បីប្រែក្លាយអាស៊ានមិនមានអំពើភេរវកម្ម។
លោក ហ៊ុន សែន ស្នើឡើងដូច្នេះក្នុងឱកាសលោកជួបជាមួយប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន នាថ្ងៃទី ៣ ខែមីនា នៅវិមានសន្តិភាពក្នុងអំឡុងពេលប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ានមកចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី ៤០ នៅរាជធានី-ភ្នំពេញ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១-៥ ខែមីនា។
ក្នុងជំនួបនេះលោក ហ៊ុន សែន បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលាកន្លងមក។
ហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីបញ្ជាក់នាថ្ងៃទី ៣ ខែមីនា ថា៖ «ក្នុងន័យនេះ សម្តេចតេជោបានលើកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ឱ្យខាងតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម»។
លោក ហ៊ុន សែន ក៏បានស្នើឱ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ ចែករំលែកនូវបទពិសោធព័ត៌មាន និងចង់ឱ្យនគរបាលជាតិនៃសមាជិកអាស៊ាន ក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្ពុជាក៏ជាប្រទេសមួយដែលរងនូវការរាតត្បាតដោយជំងឺកូវីដ ១៩ ផងដែរ ប៉ុន្តែដោយសារតែការ «ចាក់ស្រោច» នូវវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាធ្វើឱ្យកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២១។
បើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែន ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ានបានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ាន ឱ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមនីយកម្ម ស្ថិរភាព និងសន្តិភាព។
លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ខែមីនាថា ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីនេះគឺជាការលើកកម្ពស់សន្តិសុខ ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ ព្រោះបញ្ហាសន្តិភាព និងសន្តិសុខនេះ គឺជាបញ្ហាសំខាន់នៃសសរស្តម្ភមួយនៃការកសាងសហគមន៍អាស៊ាន។
លោកថ្លែងថា៖ «អ៊ីចឹងទេ ការស្នើសុំរបស់សម្តេចតេជោក្នុងនាមកម្ពុជាជាប្រធានអាស៊ាននេះ វាគឺជាចំណាត់ការមួយដ៏ត្រឹមត្រូវ គឺជាចំណាត់ការមួយដែលសមស្របដើម្បីធ្វើយ៉ាងណាជំរុញឱ្យតំបន់ទទួលបាននូវការលើកកម្ពស់ស្ថិរភាព សន្តិភាព ហើយនិងសន្តិសុខនៅក្នុងតំបន់»។
ក្នុងពិធីប្រគល់តំណែងប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ដល់កម្ពុជាកាលពីចុងខែតុលា ឆ្នាំ ២០២១ លោក ហ៊ុន សែន ថ្លែងថា កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ានទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបតិ្តការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។
លោកថ្លែងថា អាស៊ានក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ដែលកំពុងតែកើនឡើង បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម ដើម្បីធានាមាគ៌ាឆ្ពោះទៅមុខប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព៕