ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃទី ២ ខែមីនា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់នៅប្រទេសអ៊ុយក្រែន ហើយកម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពធ្ងន់ធ្ងរនៃសង្គ្រាមនៅប្រទេសនេះ។
ក្នុងចំណោមរដ្ឋជាសមាជិកចំនួន ១៩៣ ប្រទេស មាន ១៨១ ប្រទេសបានចូលរួមបោះឆ្នោត។ ប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះដែលក្នុងនោះក៏មានកម្ពុជាផងដែរ ចំណែកប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចនេះ។ ប្រទេសចំនួន ៣៥ បានបោះឆ្នោតអនុប្បវាទដែលក្នុងនោះមាន ចិន វៀតណាម ឡាវ គុយបា ឥណ្ឌា ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់នាថ្ងៃទី ៣ ខែមីនាថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន»។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារលើបណ្តាញ Twitter នាថ្ងៃទី ៣ ខែមីនាថា វាពិតជាល្អណាស់ដែលបានឃើញកម្ពុជា និងសិង្ហបុរីចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតក្នុងការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះក៏មានប្រទេសអាស៊ានភាគច្រើនដែលបានបោះឆ្នោតគាំទ្រផងដែរដើម្បីសម្ដែងពី «ការឈ្លានពាន» របស់រុស្ស៊ី និងទាមទារឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
លោកសរសេរថា៖ «ពិភពលោកកំពុងចាត់វិធានការ ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវ»។
ស្ថានទូតបារាំងប្រចាំកម្ពុជាបង្ហោះសារនៅលើបណ្តាញ Twitter នាថ្ងៃទី ៣ ខែកុម្ភៈថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបារាំង និងកម្ពុជាគាំទ្រដូចគ្នាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍បង្កើតសណ្តាប់ធ្នាប់អន្តរជាតិ។ ចូរយើងរួបរួមគ្នាបញ្ចប់ទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន ហើយស្វែងរកផ្លូវទៅកាន់សន្តិភាព!»។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍កាន់តែតានតឹង និងធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលកើតចេញពីអរិភាព យោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី ៣ ខែកុម្ភៈ ថា៖ «យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។ យើងសូមគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងបញ្ចៀសការរងទុក្ខសោករបស់ប្រជាជនស្លូតត្រង់មិនឱ្យរីកកាន់តែធំបន្តទៀត»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅកំពតនាថ្ងៃទី ២ ខែកុម្ភៈលោក ហ៊ុន សែន ថ្លែងដោយសង្ឃឹមថា ភាគីជម្លោះទាំងសងខាងនឹងយោគយល់ដល់គោលជំហររបស់កម្ពុជាដែលត្រូវប្រកាន់យកនៅតាមវេទិកាអន្តរជាតិនានា ហើយក៏មិនគួរចាប់បង្ខំកម្ពុជាឱ្យទៅគាំទ្រភាគីជម្លោះណាមួយនោះដែរ។
លោកនាយករដ្ឋមន្ត្រីនៅតែមានជំនឿទៅលើការចរចាដោយមានការធានាឱ្យគ្នាទៅវិញទៅមក និងលើកទឹកចិត្តឱ្យមានការសន្ទនា ដោយស្វែងរកដំណោះស្រាយមួយដែលធានាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថាកម្ពុជាមិនចង់មើលឃើញការឈ្លានពានរបស់ប្រទេសធំមួយមកលើប្រទេសតូចជាងមួយនោះទេ តែកម្ពុជាចង់តែឃើញការដោះស្រាយដោយសន្តិវិធី ដោយយកធម្មនុញ្ញសហប្រជាជាតិជាមូលដ្ឋានដើម្បីឱ្យសណ្តាប់ធ្នាប់ពិភពលោកជាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់។ លោកថ្លែងថា៖ «នរណាខ្លាំងអ្នកហ្នឹងឈ្នះ អាហ្នឹងគឺមិនមែនជាជម្រើសដែលកម្ពុជាចង់ឃើញទេ»។
ខណៈស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនកំពុងមានភាពតានតឹង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៣ ខែមីនាបានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ធានាដល់សុវត្ថិភាពស្ថានទូត និងស្ថានតំណាងដែលមានការពាក់ព័ន្ធ និងដែលមាននិវេសនដ្ឋាននៅកម្ពុជាឱ្យបានជាដាច់ខាត ដោយមិនត្រូវមើលស្រាលចំពោះ «ជនឱកាសនិយម» ឬ «ឧក្រិដ្ឋជន» ដែលអាចប្រើប្រាស់ស្ថានការណ៍នេះដើម្បីបង្កបញ្ហាដល់ស្ថានទូត និងស្ថានតំណាង។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ លោក ស ខេង ថ្លែងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលមកដល់កម្ពុជាជាបឋមគឺការឡើងថ្លៃប្រេង ខណៈប្រទេសផ្សេងៗទៀតក៏បានជួបប្រទះបញ្ហាឡើងថ្លៃប្រេងនេះដូចគ្នា៕
វីដេអូ៖