មន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា ការអនុវត្ត​វិធានការ​សុខភាព​តែមួយ​មាន​សារៈសំខាន់​សម្រាប់​ការពារ​សុខភាព​សាធារណៈ​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​នាពេល​អនាគត ដែល​គ្រប់គ្នា​ត្រូវ​រួមគ្នា​បញ្ចៀស​ការទិញ លក់ និង​បរិភោគ​សត្វព្រៃ​ដែល​អាច​បង្កឱ្យមាន​ការ​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស​។

នេះ​ជា​ការថ្លែង​ឡើង​របស់លោក យី សេងឌឿន អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ក្នុង​កិច្ចប្រជុំ​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា កាលពី​ថ្ងៃទី​ ០៣ ខែមីនា ឆ្នាំ​ ២០២២ ​កន្លងទៅនេះ​។

លោក​បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គោលការណ៍​សុខភាព​តែមួយ​បាន​ស្តែងចេញ​នូវ​សារៈ​របស់​វា​កាន់តែខ្លាំង​ឡើង​។ គោលការណ៍​សុខភាព​តែមួយ​ជា​វិធីសាស្ត្រ​សុខាភិបាល​ដែល​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​សុខភាព​សាធារណៈ​តាមរយៈ​ការបញ្ចូល​ចំណេះដឹង​ស្តីពី​ទំនាក់ទំនង​រវាង​មនុស្ស សត្វ និង​បរិស្ថាន​។

លោក យី សេងឌឿន បាន​មានប្រសាសន៍​ថា៖ «​ការអនុវត្ត​វិធានការ​សុខភាព​តែមួយ​មាន​សារៈសំខាន់​សម្រាប់​ការពារ​សុខភាព​សាធារណៈ​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​នាពេល​អនាគត​។ យើង​ត្រូវតែ​ធ្វើការ​រួមគ្នា​ ដើម្បី​បញ្ចៀស​ការទិញ ការលក់ ការដឹកជញ្ជូន បរិភោគ​ និង​ប្រើប្រាស់​ប្រភេទ​សត្វព្រៃ​ដែលមាន​ហានិភ័យ​ខ្ពស់​អាច​បង្ក​ការចម្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ស្ថាប័ន​អង្គការ​ដៃគូ​បាន​ឱ្យដឹងថា អន្ទាក់​សរុប​ចំនួន ៦១ ៦១១ អន្ទាក់​ត្រូវបាន​ដកចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧២ និង​ច្រករបៀង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំមាន​អន្ទាក់​សរុប​ចំនួន​ប្រមាណ​ជាង ៤០ ០០០ ត្រូវបាន​ដកចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ​។

លោក នុប សុធុនវិសុទ្ធ ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ និង​បណ្ដុះបណ្ដាល​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌​បាន​លើកឡើង​ដោយបាន​ប្តេជ្ញាចិត្ត​រួមគ្នា​ ដើម្បី​ការពារ​អនាគត​ប្រជាជន និង​ការរស់រាន​របស់​សត្វ​ព្រៃ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​យើង បរិស្ថាន និង​សេដ្ឋកិច្ច​។ ការរួបរួម​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​សហការ​រួមគ្នា​ក្នុងការ​បញ្ចៀស​ការបាត់​បង់​ជីវៈចម្រុះ និង​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ​កុំឱ្យ​កើតឡើង​នៅ​ថ្ងៃ​អនាគត​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានលើកឡើង​ដែរ​ថា វា​ជា​ការចាំបាច់​ត្រូវ​រៀបចំ​នូវ​វិធានការ​ពហុវិស័យ​ដែល​នឹង​ជា​ចលករ​ជំរុញ​ការផ្លាស់ប្តូរ​ ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

នាយក​អង្គការ WWF ​កម្ពុជា លោក សេង ទៀក បាន​មានប្រសាសន៍​ដែរ​ថា​៖ «​គឺ​ពេល​ឥឡូវនេះ​ហើយ​ជា​ពេលវេលា​សម្រាប់​យើង​ធ្វើ​សកម្មភាព​រួមគ្នា​ក្នុងការ​រៀបចំ និង​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​សម្រាប់​ជា​ដំណោះស្រាយ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​កត្តា​ចម្បងៗ​ជា​ ឬ​សគល់​នៃ​ការធ្លាក់ចុះ និង​ការជួញដូរ​សត្វព្រៃ និង​ដើម្បី​ឈានទៅ​ស្តារ​ធនធាន​ធម្មជាតិ​កម្ពុជា​ឡើងវិញ​»​។

ចំណែក លោក កែន សេរីរដ្ឋា នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ WCS ថា លោក​ប្តេជ្ញា​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​បន្ទាន់ និង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការដាក់​អន្ទាក់​សត្វព្រៃ តាមរយៈ​អន្តរាគមន៍​ក្នុង​ការកាត់បន្ថយ​ការដាក់​អន្ទាក់ និង​ដោយ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ផលវិបាក​ដ៏អាក្រក់​ដែល​អាច​កើតចេញពី​ទង្វើ​ខុសច្បាប់​នេះ​ចំពោះ​សត្វព្រៃ​កម្ពុជា និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះដែរ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានលើកឡើង​ដែរ​ថា វា​ជា​ការចាំបាច់​ត្រូវ​រៀបចំ​នូវ​វិធានការ​ពហុវិស័យ​ដែល​នឹង​ជា​ចលករ​ជំរុញ​ការផ្លាស់ប្តូរ​ ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

អន្ទាក់​សម្លាប់​ដោយ​មិន​រើសមុខ​ឡើយ​រាប់​ចាប់ពី​ពពួកសត្វ​អណ្តើក​រហូត​ដល់​សត្វ​ដំរី ពពួក​ពានរ ក៏ដូចជា​សត្វ​ស្លាប គឺ​សុទ្ធសឹង​ទទួលរង​គ្រោះថ្នាក់​ដោយ​អន្ទាក់​ទាំងអស់​។ សត្វព្រៃ​ដែល​បាន​ជាប់អន្ទាក់​ហើយ​ត្រូវ​ចុះថមថយ​កម្លាំង​អស់​រយៈពេល​ជាច្រើន​ថ្ងៃមុន​ឈានដល់​ការស្លាប់​ដោយសារ​មាន​របួស ខ្វះ​ទឹក ឬ​ការអត់​អាហារ​។

លោក នេត្រ ភក្ត្រា ថា៖ «​អន្ទាក់​មិន​ត្រឹមតែ​ធ្វើឱ្យ​សត្វព្រៃ​បាត់បង់​ពី​ទីជម្រក​ព្រៃ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​បង្កើន​ហានិភ័យ​នៃ​ការចម្លង​ប្រភេទ​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​ផងដែរ​។ អ្នក​ដែល​ដាក់​អន្ទាក់ អ្នកលក់ និង​អ្នក​បរិភោគ​សាច់​សត្វព្រៃ​សុទ្ធសឹង​ជា​អ្នក​ដែល​ប្រឈម​ទៅនឹង​ហានិភ័យ​នៃ​ការចម្លង​នេះ​»​។

«​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ ហើយ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​នឹង​ប្រព្រឹត្តទៅ​សម្រាប់​រយៈពេល ៦ ខែ​នៅក្នុង​បណ្តា​ខេត្ត​ខាងកើត​ទន្លេមេគង្គ​រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង​ខេត្តកំពង់ធំ​។

យុទ្ធនាការ​នេះ​នឹងមិន​បញ្ឈប់​ត្រឹម​ខេត្ត ៦ នេះ​ទេ យុទ្ធនាការ​អន្ទាក់​សូន្យ​វគ្គ​ទី ​២ ក្រសួងបរិស្ថាន​ និង​អង្គការ​ដៃគូ​នឹង​ផ្តោតលើ​បណ្តា​ខេត្ត​ដែលមាន​តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត ក្នុងនោះ​មាន​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ប្រទេស​កម្ពុជា​ដែល​រួមមាន​ខេត្ត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន​ និង​កំពង់ឆ្នាំង​ផងដែរ​៕

ការអនុវត្ត​វិធានការ​សុខភាព​តែមួយ​មាន​សារៈសំខាន់​សម្រាប់​ការពារ​សុខភាព​សាធារណៈ​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​នាពេល​អនាគត ដែល​គ្រប់គ្នា​ត្រូវ​រួមគ្នា​បញ្ចៀស​ការទិញ លក់ និង​បរិភោគ​សត្វព្រៃ​ដែល​អាច​បង្កឱ្យមាន​ការ​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស​។

វីដេអូ៖