ភ្នំពេញៈ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ រយៈពេល ៥ ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យដោយបានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់។
ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបិទសន្និសីទអាស៊ានណាប៉ូលលើក ទី៤០ ដែលបានប្រារព្ធឡើងរយៈពេល ៥ ថ្ងៃ លើប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្តរ៍»។
ពិធីបិទសន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ ២០២២ និងមានការចូលរួមពី ប្រធានគណៈប្រតិភូអាស៊ាន គណៈប្រតិភូនៃប្រធានស្ថានអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេតការណ៍ លោកលោកស្រីឯកអគ្គរាជទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំងលោកលោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃដៃគូពិភាក្សាប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិជាច្រើនរូបទៀត។ សន្និសីទនេះបានធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
សន្និសីទនេះ ក៏បានរៀបចំពិធីចុះហត្ថលេខារួមគ្នាព្រមទាំងបានប្រគល់ជូននិមិត្តសញ្ញាអាស៊ានណាប៉ូល លើកទី៤១ ពីលោក នេត សាវឿន ដែលជាប្រធានសន្និសីទអាស៊ាន ណាប៉ូល លើកទី៤០ ជូនដល់លោក Kham King Phauilamonyvong អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិឡាវ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ជាអ្នកបន្តវេន។
លោក នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំដែលបានរួមចំណែកធ្វើឱ្យសន្និសីទនេះដំណើរការបានយ៉ាងជោគជ័យ។
លោកថ្លែងថា ក្នុងរយៈពេល ៥ ថ្ងៃ កន្លងទៅនេះ ដោយមានការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់នឹងគ្រប់ប្រភេទ ជាពិសេស បទល្មើសថ្មីៗ អាចទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
លោកថ្លែងថា៖«តាមរយៈយុទ្ធសាស្ត្រនិងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារួមគ្នា កាលពីពេលកន្លងទៅនេះ យើងបានដាក់ចេញផែនការសកម្មភាពគួបផ្សំជាមួយផែនការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយទស្សនៈសុទិដ្ឋិនិយមរវាងសមាជិកអាស៊ានណាប៉ូល និង បណ្តាប្រទេសជាដៃគូ»។
លោកសង្ឃឹមថា កងកម្លាំងអាស៊ាន នឹងបង្កើតស្នាដៃដ៏ធំធេង បង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាពិសេស ការបង្កើតបរិយាកាសសុខដុមនីយកម្មធ្វើឱ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សុវត្ថិភាព និងឯកភាព បានយ៉ាងល្អប្រសើរថែមទៀត។
លោក Kham King Phauilamonyvong ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤១ បានមានចំណាប់អារម្មណ៍រីករាយដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី ៤១ ជាបន្តទៀតពីកម្ពុជា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះនគរបាលជាតិកម្ពុជាដែលបានរៀបចំសន្និសីទអាស៊ានណាប៉ូល បន្តលើកទី ៤០ នេះឡើងប្រកបដោយជោគជ័យ។
លោកថ្លែងថា សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់នគរបាលជាតិកម្ពុជា បានធ្វើឱ្យប្រទេសដែលជាសមាជិកអាស៊ានណាប៉ូល មានសេចក្តីរីករាយ ហើយការរៀបចំសន្និសីទនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានសម្រេចនូវជោគជ័យមួយចំនួនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិអាស៊ានកាន់តែរឹងមាំថែមទៀត រួមបញ្ចូលទាំងការពិភាក្សា និងអនុម័តលើប្រធានបទសំខាន់ៗ ដែលបានពិភាក្សាគឺមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងចំណោមដៃគូ និងប្រទេសជុំវិញពិភពលោកដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។
លោកបានបន្តថា សន្និសីទអាស៊ានណាប៉ូល លើកទី ៤០ នេះ បានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គម។ ក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤១ បន្តនៅប្រទេសឡាវ នគរបាលជាតិឡាវ ទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅទទួលសមាជិកអាស៊ានណាប៉ូល ដើម្បីចូលរួមប្រជុំ ពិភាក្សាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានា ក្នុងពេលខាងមុខ៕