ភ្នំពេញៈ កម្ពុជា និងចិនបញ្ជាក់ជាថ្មីក្នុងការប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់ ខណៈចិនអះអាងជាថ្មីពីការប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោកស្រី យ៉ាង យ៉ាន់យី (Yang Yanyi) តំណាងពិសេសរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី៤ ខែមីនា។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី៤ ខែកុម្ភៈ ថា៖ «លោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ»។
ប្រភពដដែលបន្តថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់មីបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រជាជាតិទាំង២ ក៏ដូចជារវាងអាស៊ាន-ចិន ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងនិងក្រៅតំបន់»។
ភាគីទាំង ២ បានកោតសរសើរនូវទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសទាំង ២ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។
លោក ប្រាក់ សុខុន បានអរគុណចំពោះប្រទេសចិនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
លោកបានប្រាប់យ៉ាង យ៉ាន់យី អំពីហេតុផលដែលនាំឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់នៅប្រទេសអ៊ុយក្រែន។
លោក ប្រាក់ សុខុន ក៏បានប្រាប់លោកស្រីអំពីដំណើរទស្សនកិច្ចរបស់លោកក្នុងនាមជាប្រេសិតពិសេសេរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ានៅចុងខែមីនា គឺដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ (កុងសង់ស៊ីស) ៥ ចំណុចរបស់អាស៊ាន។
លោកថ្លែងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី យ៉ាង យ៉ាន់យី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើការអនុវត្តកុងសង់ស៊ីស ៥ចំណុចនេះតាមរយៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស មីយ៉ាន់ម៉ា កាលពីដើមខែមករា។
លោកស្រី យ៉ាង យ៉ាន់យី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។
បើតាមប្រភពដដែល លោកស្រីអះអាងថា ប្រទេសចិននឹងដើរតួនាទីស្ថាបនាក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា៕