ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី៣ មីនានេះ បានដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការចំពោះកិច្ច អនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដើម្បីឆ្លើយតបនឹងបញ្ហាដែលនៅដក់សល់សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អប្រសើរលើរបាយការណ៍វឌ្ឍនភាពជុំទី៩ ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនាពេលខាងមុខ ពោលគឺធ្វើយ៉ាងណាដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។
នៅក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ ក្នុងជាប្រធានអនុគណៈកម្មការចំពោះកិច្ច (ICRG-JG) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទី១ លើវឌ្ឍនភាពការងាររបស់ក្រុមការងារទី១ ទទួលបន្ទុក ទាក់ទងនឹងព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ, ក្រុមការងារទី២ ទទួលបន្ទុក ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, ក្រុមការងារទី៣ ទទួលបន្ទុក ទាក់ទងនឹងការស៊ើបអង្កេតការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស។
ទី២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា លើការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាព្រមទាំងការសម្រួចទិសដៅការងារបន្តរបស់ ICRG-JG ដើម្បីត្រៀមសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ សម្រាប់ដាក់ជូនក្រុមការងារ ត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។
កិច្ចប្រជុំនេះមានការចូលរួមពី លោកលោកស្រី ជាអនុប្រធាន និងសមាជិកនៃ ICRG-JG ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ុ សន្និសិទ្ធ ប្រធានក្រុមការងារទី១, លោក ជីវ សុងហាក់ សហប្រធានក្រុមការងារទី២ និងលោក ស្រ៊ិន សុវណ្ណ ប្រធានក្រុមការងារបច្ចេកទេស ប្រឆាំងការសម្អាតប្រាក់នៃ ICRG-JG បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រុមការងារនីមួយៗ។
បើតាមក្រសួងយុត្ដិធម៌ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមការងារ លោក កើត រិទ្ធ បានផ្តល់អនុសាសន៍ជាដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ក្រុមការងារនីមួយៗ និងសម្រួចទិសដៅការងារបន្ត ដើម្បីឆ្លើយតបនឹងបញ្ហាដែលនៅដក់សល់នៅក្នុងសកម្មភាពការងាររបស់ ICRG-JG សំដៅធានាឱ្យកម្ពុជា ទទួលបានការវាយតម្លៃល្អប្រសើរលើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនៅពេលខាងមុខនេះ ពោលគឺ ដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងណាដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។
លោកក៏បានកោតសរសើរអំពីវឌ្ឍនភាពជាវិជ្ជមាន នៃការអនុវត្តការងារ របស់ក្រុមការងារនីមួយៗ និងបានស្នើឱ្យក្រុមការងារ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់បន្តខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជាពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្ថែមទៀត។
ក្រសួងយុត្ដិធម៌បញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចនេះ នឹងបំពេញបេសកកម្មរបស់ ខ្លួនរហូតដល់ប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ៕