ភ្នំពេញៈ ក្រសួងអប់រំគ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះការគិតស៊ីជម្រៅ ដែលមានឈ្មោះថា «Think!Think!» ជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន នៅសាលាបឋមសិក្សាព្រះនរោត្តមក្នុងរាជធានីភ្នំពេញ នៅខែមីនា នេះ។ នេះបើយោងតាមក្រសួងអប់រំ។
សាលាបឋមសិក្សាព្រះនរោត្តម គឺជាសាលាមួយស្ថិតនៅក្នុងចំណោមសាលាគោលដៅចំនួន ៨ ក្នុងខេត្តចំនួន ៦ ក្នុងគម្រោងភាពជាដៃគូឯកជន និងសាធារណៈរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងអប់រំ និងក្រុមហ៊ុនវ័នឌើលេប។
កម្មវិធី Think!Think! គឺជាកម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បែបបច្ចេកវិទ្យាថ្មីមួយដែលជួយអភិវឌ្ឍជំនាញគិតពិចារណា គិតស៊ីជម្រៅ ទំនាក់ទំនងសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត និងជំនាញទន់សិស្សានុសិស្ស ដែលជាបំណិនក្នុងសតវត្សន៍ទី២១។
ក្នុងជំនួបជាមួយលោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា នាថ្ងៃទី៤ ខែមីនា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា កម្មវិធី Think!Think! គឺជាកម្មវិធីដ៏ល្អមួយក្នុងការបណ្តុះការគិតស៊ីជម្រៅ និងបំណិនទន់ ជួយសិស្សក្នុងការរៀនបំណិនថ្មីៗដែលចាំបាច់ក្នុងសតវត្សរ៍ទី២១។
លោកបានបង្ហាញការស្ទង់មតិទៅលើកម្មវិធីនេះថា ការប្រើប្រាស់កម្មវិធីនេះ មានប្រសិទ្ធភាពជាវិជ្ជមានលើពិន្ទុគណិតវិទ្យា ភាពឆ្លាតវៃ ការលើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯង។
សេចក្តីប្រកាសព័ត៌មានក្រសួងអប់រំបញ្ជាក់នាថ្ងៃទី៤ ខែមីនា ថា៖ «ឯកឧត្តមបានណែនាំឱ្យប្រើប្រាស់កម្មវិធីនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ JICA ដែលផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈអាចសិក្សាកម្មវិធីដ៏មានគុណភាពរបស់ជប៉ុន»។
សេចក្តីប្រកាសព័ត៌មាននេះបានដកស្រង់សំដី លោក ស៊ីនជី យ៉ាណាហ្គាវ៉ា ថ្លែងក្នុងជំនួបនេះថា កម្មវិធី Think!Think! គឺជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយបានទទួលពានរង្វាន់កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ។
ភ្នាក់ងារ JICA បាននិងកំពុងបើកដំណើរការថ្នាក់សិក្សាបំប៉នបន្ថែមនៅតំបន់ទួលគោក ដែលមាន ឈ្មោះថា Think!Think! Learning Lab ដើម្បីផ្តល់ឱកាសឱ្យសាធារណជន អាចចូលរៀនកម្មវិធីនេះបាន។
ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រលាញ់ឱ្យតម្លៃដល់ខ្លួនឯង៕